គំនូរឧស្សាហកម្មត្រូវបានយកចិត្តទុកដាក់ និងប្រើប្រាស់យ៉ាងសកម្មនៅក្នុងទីផ្សារសម្រាប់ការលក់ផលិតផល ការផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទាញអតិថិជនឱ្យចាប់អារម្មណ៍លើផលិតផលរបស់ខ្លួនដែលជាកត្តាសំខាន់សម្រាប់ការប្រកួតប្រជែងទីផ្សារនាពេលបច្ចុប្បន្ន។ នេះបើតាមការអះ អាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវផែនការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយចីរភាពក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនប្រកបដោយបរិយាប័ន្ន។
ឯកឧត្តមបានបញ្ជាក់ថា៖“ជាក់ស្តែងផ្នែកកម្មសិទ្ធិឧស្សាហកម្ម ក្រសួងបានបន្តខិតខំពង្រីកកិច្ចការពារកម្មសិទ្ធិបញ្ញា ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងបណ្តាអង្គភាពកម្មសិទ្ធិបញ្ញាលើពិភពលោកសំដៅធ្វើយ៉ាងណាឱ្យការងារប្រកាសនីយបត្រ តក្កកម្ម គំនូរឧស្សាហកម្មដំណើរការស៊ីសង្វាក់គ្នាជាមួយអន្តរជាតិ និងទទួលបានការទាក់ទាញការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាកាន់តែច្រើនឡើង”។
ឯកឧត្តមបានបន្តថា៖“នៅក្នុងក្របខ័ណ្ឌអាស៊ានយើងមានការសហការជាមួយបណ្តាអង្គភាពកម្មសិទ្ធិបញ្ញានៅក្នុងតំបន់អាស៊ាន យើងមានគម្រោងរបស់សហគមន៍អឺរ៉ុបជួយគាំពារខាងផ្នែកកម្មសិទ្ធិបញ្ញាតំបន់អាស៊ាន”។
ថ្ងៃនេះគម្រោងជួយគាំទ្រការធ្វើសមាហរណកម្មអាស៊ានលើផ្នែកកម្មសិទ្ធិបញ្ញារបស់សហ ភាពអឺរ៉ុប ARISE+IPR (The Enhanced ASEAN Regional Intergration Suuport from TheEuropean Unionfor Intellectual Property) បានសហការជាមួយក្រសួងឧស្សាហកម្ម និង សិប្បកម្ម រៀបចំសិក្ខាសាលាគំនូរឧស្សាហកម្ម និងដាក់ឱ្យដំណើការទិន្នន័យគំនូរឧស្សាហកម្មកម្ពុជា ភ្ជាប់ទៅនឹងប្រព័ន្ធទិន្នន័យអាស៊ាន និងកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុបដើម្បីជាប្រយោជន៍ដល់កិច្ចការពារកម្មសិទ្ធិបញ្ញា”។
លោក ង៉ែត វិបុល អគ្គនាយករងនៃអគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងឱ្យដឹងថា៖“គោលបំណងសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីបំប៉នចំណេះដឹង និងស្វែងយល់បន្ថែមទៀតអំពីគំនូរឧស្សាហកម្ម ដែលជាផ្នែកមួយដ៏សំខាន់នៃកម្មសិទ្ធិបញ្ញា និងជាមួយគ្នានេះដែរ ជាការដាក់ឱ្យដំណើរការទិន្នន័យគំនូរឧស្សាហកម្មកម្ពុជា តភ្ជាប់ជាមួយទិន្នន័យគំនូរឧស្សាហកម្មក្នុងតំបន់អាស៊ានទៅសហភាពអឺរ៉ុបដែលជាប្រយោជន៍សម្រាប់ការប្រើប្រាស់ក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា”។
ការសុំការពារគំនូរឧស្សាហកម្ម គឺមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ជាច្រើនដល់ អ្នក គូរ តក្កករ រោងចក្រ សហគ្រាសធុនតូច និងមធ្យម(SMEs)សិប្បករ ធុរជនពីការលួចចម្លងគំនូរឧស្សាហកម្ម ការរចនាម៉ូដរបស់ផលិតផលដោយគ្មានការអនុញ្ញាត។ នៅប្រទេសកម្ពុជាយើងបច្ចុប្បន្ន មានច្បាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលដែលមានប្រ-យោជន៍ និងប្រកាសអំពីការចុះបញ្ជីប្រើប្រាស់គំនូរឧស្សាហកម្មនេះ។
គំនូរឧស្សាហកម្មមួយដែលបានទទួលកិច្ចការពារ យើងឱ្យមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ធ្វើអាជីវកម្ម និងមានសិទ្ធិហាមឃាត់អ្នកធ្វើតាម អ្នកលួចចម្លងគំនូរឧស្សាហកម្មដែលដាក់លក់លើទីផ្សារដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមស្របច្បាប់។ នេះបើតាមលោកវិបុលបានបញ្ជាក់។
លោកអគ្គនាយករងរូបនេះបានបញ្ជាក់ថា៖“នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្មបានដំណើរការ ទទួលពាក្យសុំការពារ និងផ្តល់កិច្ចការពារជូនអ្នកដាក់ពាក្យស្នើសុំចាប់ពីឆ្នាំ2008 ដល់ឆ្នាំ2018 យើងទទួលបានចំនួន 243ពាក្យសុំ និងបានចុះបញ្ជីចំនួន 672គំនូរឧស្សាហកម្ម”។
លោកបានឱ្យដឹងទៀតថា៖“ការចុះបញ្ជីគំនូរឧស្សាហកម្ម គឺឈរលើមូលដ្ឋានលក្ខខណ្ឌថ្មី ដែលផ្តល់កិច្ចការពារសរុបចំនួន15ឆ្នាំ (ដោយម្តងអាចធ្វើអាជីវកម្មរយៈពេល 5ឆ្នាំ) និងបន្តបាន 3ដង”។
លោក វិបុល បានបន្តថា៖“យើងទទួលបានការសុំចុះបញ្ជីភាគច្រើនមកពីបរទេសប្រមាណ80% រីឯតក្កករ អ្នកឌីហ្សាញ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកមានតែ 20%ទេ។ ដូច្នេះយើងចង់ឱ្យមានការចាប់អារម្មណ៍ពី SMEs ក្នុងស្រុកដើម្បីដាក់ពាក្យសុំការពារគំនូរឧស្សាហកម្ម ហេតុនេះហើយទើបក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយ អំពីសារប្រយោជន៍នៃកម្មសិទ្ធិបញ្ញា និងអ្នកពាក់ព័ន្ធឱ្យបានដឹង និងចូលរួមការពារកម្មសិទ្ធិបញ្ញារបស់ខ្លួនជាបន្តបន្ទាប់”។
លោក ង៉ែត វិបុល បានបញ្ជាក់ឱ្យដឹងទៀតថា៖“រាជរដ្ឋាភិបាលកម្ពុជាបានចូលជាសមាជិករបស់កិច្ចព្រមព្រៀងទីក្រុងឡាអេផងដែរអំពីការចុះបញ្ជីគំនូរឧស្សាហកម្មអន្តរជាតិតាំងពីឆ្នាំ2017 មក ហើយឆ្នាំ2018 យើងបានទទួលការសុំការពារចំនួន 250គំនូរឧស្សាហកម្មពីប្រព័ន្ធអន្តរជាតិនេះហើយចំនួននៃការសុំចុះបញ្ជីនេះ អាចមានការកើនឡើងបន្តទៀតនៅឆ្នាំ2019 នេះ”។
លោក Tiago Guerreiro ជាប្រធានគម្រោង ARISE+IPR បានថ្លែងថា៖“ការសុំចុះបញ្ជីការពារគំនូរឧស្សាហកម្មនៅក្នុងទីក្រុងឡាអេ គឺជាការផ្តល់តម្លៃការងាររបស់ SMEs ផ្ទាល់ ដោយបានប្រើជាប្រចាំឱ្យក្រុមហ៊ុនរបស់ខ្លួន ហើយឆ្លើយតបទៅនឹងផលិតផលក្នុងស្រុកសរុប(ផ.ស.ស) GDP របស់ប្រទេសផ្ទាល់ខ្លួនផងដែរ”។
លោក Tiago Guerreiro បានបញ្ជាក់ថា៖ “នៅបណ្តាប្រទេសអឺរ៉ុបចាប់ពីឆ្នាំ2003 មក ការទទួលខុសត្រូវលើកម្មសិទ្ធិបញ្ញាត្រូវបានត្រួតពិនិត្យមើលថា តើសហគ្រាស SMEs 1 មានភាពត្រឹមត្រូវដែរឬទេ? ប្រសិនបើ SMEsនោះមានភាពត្រឹមត្រូវហើយ យើងត្រូវតែចុះបញ្ជីការពារសិទ្ធិឱ្យគេ ដែលបច្ចុប្បន្នមានចំនួន 2.5លានដែលបានចុះបញ្ជីហើយ ហើយយើងបានការពារកម្មសិទ្ធិបញ្ញារបស់គេ។ ក្នុងការការពារគំនូរឧស្សាហកម្មនេះ យើងក៏មានការការពារចំនួនរាប់លាននៅសហគមន៍អឺរ៉ុប ព្រោះថាការការពារគំនូរឧស្សាហកម្ម និងកម្មសិទ្ធបញ្ញានាំឱ្យមានការរីកចម្រើនខាងសេដ្ឋកិច្ច និងឱកាសការងារ ដែលនាំឱ្យមាន12% នៃឱកាសការងារនៅអឺរ៉ុប និងការប្រកួតប្រជែងនាពេលបច្ចុប្បន្ន រួមជាមួយនឹងការងារការពារកម្មសិទ្ធិបញ្ញានេះ SMEs តូចៗក៏អាចធានាបាននូវប្រាក់ចំណូលរបស់ខ្លួនឱ្យមានស្ថិរភាពបានដែរ”។
សូមបញ្ជាក់ថា នៅតំបន់អាស៊ានមានប្រទេសចំនួន3 រួមមានកម្ពុជា ប្រ៊ុយណេ និងប្រទេសសិង្ហបុរីដែលបានចុះកិច្ចព្រមព្រៀងលើការចុះបញ្ជីជាខ្នាតអន្តរជាតិនូវគំនូឧស្សាហកម្មកម្មសិទ្ធិបញ្ញាក្រុងឡាអេ៕