នៅពេលអ្នកម្តាយចាប់ផ្តើមមានគភ៌នឹងចាប់ផ្តើមមើលឃើញការប្រែប្រួលតាំងពីសប្តាហ៍ដំបូង រាងកាយរបស់អ្នកម្តាយនឹងបញ្ជូនសញ្ញាប្រាប់ពីអាការផ្សេងៗឱ្យបានដឹង ហើយសញ្ជាតិញ្ញាណនោះ អ្នកម្តាយខ្លួនឯងក៏អាចសម្របសម្រួលសភាពរាងកាយត្រៀមទប់ទល់នឹងកូនតូចនៅក្នុងផ្ទៃបានដែរ។ ការប្រែប្រួលនៃសភាពរាងកាយរបស់អ្នកម្តាយមានគភ៌ ទោះជាមិនបានត្រៀមខ្លួនជាមុនមែន តែអ្នកម្តាយអាចសម្រួលសភាពបានដោយអត្តនោម័តិ ទោះជាមិនបានទាំងអស់ក៏ដោយ តែក៏អាចសម្រួលសភាពបានដោយធម្មជាតិដែរ។ ឥឡូវយើងនាំគ្នាមកមើលថា នៅក្នុងខែនីមួយៗដែលមានកូនតូចនៅក្នុងគភ៌ តើរាងកាយរបស់អ្នកម្តាយមានការប្រែប្រួលយ៉ាងណាខ្លះ?
ខែទី១ : បាត់រដូវ តែក៏មិនប្រាកដទាំងអស់ដែរសម្រាប់ស្ត្រីខ្លះដែលរដូវមកមិនទៀងទាត់ តែអ្នកអាចត្រួតពិនិត្យមើលថាមានគភ៌ ឬគ្មានតាមរយៈការពិនិត្យទឹកនោម ដោយឈុតឧបករណ៍សម្រាប់ពិនិត្យ ឬតាមរយៈលោកគ្រូពេទ្យក៏បាន បន្ទាប់ពីបាត់រដូវ2សប្តាហ៍។ ក្រៅពីនេះ អ្នកអាចមានអាការក្អួតចង្អោរ និងឈឺសុដន់ទៀតផង។
ខែទី២ : មានអារម្មណ៍ចង់ក្អួតចង្អោរ វិលមុខ និងមានអារម្មណ៍ចង់ក្អួតខ្លាំងជាងខែដំបូងទៅទៀត ឆាប់ហត់ បត់ជើងតូចញឹកញាប់ ឈឺសុដន់ ធុំក្លិនអ្វីប្លែកមិនបាន និងមានអារម្មណ៍ឆាប់ប្រែប្រួល។ល។
ខែទី៣ : អាការនៅតែដូចកាលពីខែទី1 និងខែទី2 ដដែល អាការចាញ់កូនអាចថយចុះ តែនៅតែឆាប់ខឹងឆេវឆាវមួម៉ៅដដែល និងចាប់ផ្តើមមានបញ្ហាទល់លាមកខ្លះៗហើយ ព្រោះការរំកិលខ្លួនរបស់លាមកនៅក្នុងពោះវៀនធំដំណើរការយឺតដូច្នេះគួរទទួលទានបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើន។
ខែទី៤ : ពោះចាប់ផ្តើមរីកកាន់តែធំឡើង មានអារម្មណ៍នឹកឃ្លានញឹកញាប់ អារម្មណ៍ឆេវឆាវឆាប់មួម៉ៅថយចុះ។
ខែទី៥ : សុដន់ឡើងធំ អាចមានទឹកដោះថ្លាៗហូរចេញមក ចាប់ផ្តើមជួបនឹងបញ្ហាផ្សេងៗ ដូចជា មានធ្លាក់-សច្រើន ឈឺខ្នង ឬមានឈាមចេញតាមជើងធ្មេញ។
ខែទី៦ : អំឡុងពេលនេះ ពោះនឹងកាន់តែធំឡើងហើយទម្ងន់ខ្លួនក៏កាន់តែកើនឡើងយ៉ាងឆាប់រហ័សផងដែរ ក្បាលដោះនឹងទល់ឡើង ចេញញើសច្រើន និងមានអារម្មណ៍ថាក្តៅ ដូច្នេះគួរទទួលទានទឹកស្អាតឱ្យបានច្រើន។
ខែទី៧ : ចាប់ផ្តើមមានអារម្មណ៍ក្តៅផ្សានៅម្តុំចុងដង្ហើម បន្ទាប់ពីទទួលទានអាហារឆ្អែត មានអារម្មណ៍ថាអាហារមិនសូវរំលាយ ប្រគ្រីវកាច់នៅលើជើងក្បាលពោះរបស់អ្នកម្តាយខ្លះចាប់ផ្តើមឡើងសង្វារ។
ខែទី៨ : អុីកអៀកខ្លាំង ពេលខ្លះដកដង្ហើមមិនសូវបានពេញលេញ ព្រោះកូនខ្លួនកាន់តែធំឡើងរហូតទៅប្រជ្រៀតនឹងអវយវៈផ្សេងទៀតនៅក្នុងពោះអ្នកម្តាយ និងបត់ជើងតូចកាន់តែញឹកឡើង។
ខែទី៩ : មានអារម្មណ៍ធ្ងន់ៗខាងក្រោមពោះ(ថ្ងាស) អាចមានអាការឈឺពោះតឿនប្រាប់ឱ្យដឹងមុន រមាស់ និងតឹងៗនៅលើស្បែកក្បាលពោះ ដៃជើងហើម ហត់ល្វើយ ចង់តែគេងសម្រាក និងនៅសប្តាហ៍ចុងក្រោយនៃខែនេះ អ្នកម្តាយត្រូវត្រៀមខ្លួនជួបមុខកូនសម្លាញ់ហើយ៕