រឹតតែអាកាសធាតុក្ដៅខ្លាំង រឹតតែធ្វើឱ្យយើងចង់តែនៅក្នុងទីកន្លែងត្រជាក់ៗ តែបើសិនជាមានញើសចេញពេញមួយថ្ងៃហើយនោះ ប្រហែលជាគ្មានអ្វីដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លាជាងការបានងូតទឹកឡើយ តែក៏មានពេលខ្លះដែលយើងអាចនឹងត្រូវរង់ចាំសិនដែរ ទោះជាក្ដៅបែកញើសស្អិតខ្លួនប៉ុនណាក៏ដោយ ព្រោះអាចនឹងកើតផលអាក្រក់ដល់រាងកាយបាន។
តើពេលណាដែលយើងមិនគួរងូតទឹក?
១. ទើបតែមកពីក្ដៅ/ជួបធាតុអាកាសក្ដៅហប់ ឬក្ដៅខ្លាំង
ជាពិសេសអ្នកដែលមានសម្ពាធឈាមទាបការងូតទឹកភ្លាមៗក្រោយពេលប៉ះនឹងធាតុអាកាសក្ដៅ ស្បែកកំពុងនៅក្ដៅភាយនៅឡើយ បើសិនងូតទឹកភ្លាមៗ អាចធ្វើឱ្យរាងកាយសម្រួលសីតុណ្ហភាពលឿនជ្រុលពេក រហូតធ្វើឱ្យប្រថុយនឹងការកើតខ្យល់គបាត់បង់ស្មារតីបាន ដូច្នេះគួរអង្គុយសម្រាកនៅក្នុងបន្ទប់ ឬទីម្លប់រហូតទាល់តែបាត់ក្ដៅជាមុនសិន សឹមទៅងូតទឹកទើបប្រសើរជាង។
២. ក្រោយទទួលទានអាហាររួច
ក្រោយទទួលទានអាហារ លោហិតភាគច្រើននឹងហូរទៅបំពេញនៅឯប្រព័ន្ធរំលាយអាហារ បើសិនទៅងូតទឹកនៅពេលហ្នឹង ក៏នឹងត្រូវមានលោហិតមួយចំណែកបែងចែកទៅចិញ្ចឹមអវយវៈផ្នែកផ្សេងៗផងដែរ ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការមិនបានពេញទំហឹង អាចហើមពោះ ឬអាហារមិនរំលាយជាដើម។
៣. ក្រោយហាត់ប្រាណ
គួរឱ្យចម្លែកចិត្តដែរ ដែលឃើញមនុស្សជាច្រើន ពេលហាត់ប្រាណយ៉ាងជោកជាំរួច ក៏ដើរទៅងូតទឹកតែម្ដង…។ ការពិតវិញយើងគួរអង្គុយសម្រាកឱ្យបាត់ហត់សិន ឬឱ្យខ្លួនប្រាណស្ងួតញើសល្មមសមរម្យសិន រួចសឹមទៅងូតទឹក ព្រោះការងូតទឹកក្រោយហាត់ប្រាណយ៉ាងជោកជាំហើយភ្លាមៗ អាចជាហេតុបណ្ដាលឱ្យលោហិតទៅចិញ្ចឹមបេះដូង និងខួរក្បាលបានមិនគ្រប់គ្រាន់ក្នុងអំឡុងពេលងូតទឹក និងបណ្ដាលឱ្យកើតខ្យល់គបាត់បង់ស្មារតីបាន។
៤. ក្រោយញ៉ាំគ្រឿងស្រវឹង
ក្រោយញ៉ាំភេសជ្ជៈមានជាតិអាល់កុល ជាតិអាល់កុលនឹងទៅទប់ស្កាត់ការធ្វើការរបស់ថ្លើម ធ្វើឱ្យការបញ្ចេញជាតិគ្លុយកូសចេញមកក្នុងក្រសែឈាមថយចុះ តែអំឡុងពេលងូតទឹក រាងកាយនឹងត្រូវការគ្លុយកូសរឹតតែច្រើនឡើង ដូច្នេះហើយទើបការងូតទឹកក្រោយញ៉ាំគ្រឿងស្រវឹង ធ្វើឱ្យបរិមាណជាតិស្ករនៅក្នុងឈាមមិនគ្រប់គ្រាន់ ធ្វើឱ្យប្រថុយនឹងការកើតអាការវិលមុខ ងងឹតមុខ ស្រវាំងភ្នែក រាងកាយគ្មានកម្លាំងកំហែង និងប្រថុយនឹងការខ្យល់គដួលក្នុងបន្ទប់ទឹកបាន។
៥. ពេលឈឺ មានគ្រុនក្ដៅខ្លួន
ប្រហែលជាបានដឹងទាំងអស់គ្នារួចមកហើយថា អ្នកជំងឺដែលមានអាការគ្រុនក្ដៅខ្លួនគួរតែជូតខ្លួន ដើម្បីសម្អាតខ្លួនប្រាណសិនរហូតទាល់តែអាការគ្រុនក្ដៅខ្លួនថយចុះ។ មិនមែនដោយសារតែអ្នកជំងឺគ្មានកម្លាំងទៅងូតទឹកនោះទេ តែដោយសារតែអំឡុងពេលដែលយើងមានជំងឺ សីតុណ្ហភាពរាងកាយនឹងឡើងខ្ពស់ដល់ 38 – 40អង្សាC និងធ្វើឱ្យបរិមាណដុតបំផ្លាញកម្ដៅក្នុងរាងកាយកើនឡើង 20% ទើបធ្វើឱ្យរាងកាយហាក់ដូចជាចុះទន់ខ្សោយបើសិនងូតទឹក អាចកើតគ្រោះថ្នាក់ដល់រាងកាយ ងងឹតមុខ ស្រវាំងភ្នែក បាត់បង់ស្មារតី រហូតដល់ប្រកាច់ទៀតផង៕