នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះលោក ផាត់ តារារដ្ឋ បានយកថវិកាជាង១ពាន់ដុល្លារអាមេរិកដែលប្រមូលបានពីមហាជនទាំងក្នុង និងក្រៅសិល្បៈទៅជូនរាសម្ដែង អ៊ុក ដារ៉េត ដើម្បីព្យាបាលជំងឺមហារីករបស់ម្ដាយកំពុងស្នាក់នៅក្នុងបន្ទប់ជួលតូចចង្អៀតមួយ។
លោក ផាត់ តារារដ្ឋ បានរៀបរាប់ថាថា ថវិកាដែលលោកប្រមូលបានរយៈពេល២ថ្ងៃដើម្បីយកទៅជួយដល់ម្ដាយតារាសម្ដែងភេទទី៣ អ៊ុក ដារ៉េត នេះដែរបានចំនួន ១០៦២.៥ដុល្លារអាមេរិក និងលុយខ្មែរ ២៥ម៉ឺនរៀល ថវិកានេះរាប់ទាំងអ្នកមិនទាន់ផ្ញើមក។ លោកថា៖ ថវិកាដែលខ្ញុំស្ថាបនិកគ្រួសារតារាកម្ពុជា ប្រមូលបានក្នុងរយៈពេល២ថ្ងៃដើម្បីជួយដល់តារាភេទទី៣ កញ្ញា អ៊ុក ដារ៉េត ដែលរស់នៅក្នុងបន្ទប់ជួលតូចចង្អៀត ហើយមានម្ដាយកើតជំងឺមហារីកក្រពះ ក្នុងដំណាក់កាលចុងក្រោយមានចំនួនសរុប១០៦២.៥$ និង២៥ម៉ឺនរៀលសូមអរគុណដល់សប្បុរសធម៌ឲ្យបានជ្រាប”។
អ៑ុក ដារ៉េត បញ្ជាក់ថាបើនាងបានច្រៀង បានកំប្លែងលើឆាក រូបនាងប្រហែលជាមានកម្រៃជួយដល់ខ្លួនឯង ដោយមិនលំបាកនោះទេ។ នាងទទូចឱ្យផ្ដល់ឱកាសឱ្យនាងបានបញ្ចេញសមត្ថភាពសិល្បៈទាំងនេះ លើឆាក ដោយអះអាងថា នាងមានសមត្ថភាពទាំងអស់លើអាជីពសិល្បៈទាំង៣។ នាងនិយាយថា នាងចង់បានការងារទាំងសិល្បៈ និងក្រៅសិល្បៈឱ្យបានច្រើន ដើម្បីកុំឱ្យមានការរិះគន់ថានាងគេជួយដដែលជាដដែល ប៉ុន្តែនៅតែក្រ។ នាងសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលគ្រួសារតារាកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានជួយបរិច្ចាគថវិកាដល់ម្ដាយរបស់នាង ដោយនាងប្រកាសថា នេះជាថវិកាដែលមានន័យបំផុតនៅក្នុងជីវិតរបស់នាង និងម្ដាយ។
អ៑ុក ដារ៉េត រំលឹកថា ចាប់តាំងពីឳពុកនាងស្លាប់ ហើយម្ដាយនាងធ្លាក់ខ្លួនជាហូរហែរ ទើបគ្រួសារនាងជំពាក់បំណុលគេ ដែលបង្ខំឱ្យលក់ចោលផ្ទះតូចនៅម្ដុំច្បារអំពៅ បានតម្លៃជាង៨ពាន់ដុល្លារ ហើយធ្លាក់ខ្លួនជួលផ្ទះគេមកដល់សព្វថ្ងៃ។ នាងថាទឹកប្រាក់ដែលលក់ផ្ទះជាង៨ពាន់ដុល្លារនោះ ដកទិញដីស្រែ និងសង់បានតែផ្ទះឈើតូចល្មមនៅខេត្តប៉ៃលិន ដែលជាកន្លែងរស់នៅរបស់បងប្រុសប៉ុណ្ណោះ ក្រៅពីនោះគឺសងបំណុល និងព្យាបាលម្ដាយបន្ត។ នាងថាជីវិតរស់នៅមួយគែៗអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយសារតែនាងដ្បិតតែប្រឡូកអាជីពសម្ដែង ច្រៀង និងកំប្លែងមែន ប៉ុន្តែបានទទួលតែឱកាសសម្ដែងក្នុងតម្លៃខ្លួនទាបៗ ដោយសារតែនាងមិនមែនជាតារាល្បី។ សព្វថ្ងៃនាងរំពឹងតែលើមុខរបរជាបុគ្គលិកស្ម័គ្រចិត្តនៅក្នុងអង្គការបុរសស្រលាញ់បុរស ដោយទទួលចំណូលបានតែមួយខែជាង១០០ដុល្លារប៉ុណ្ណោះ ដែលថវិកានេះទប់តែឈ្នួលផ្ទះ ហូបចុក និងទិញថ្នាំទប់ជំងឺរបស់ម្ដាយ បានគ្រប់ទាំងត្រដាបត្រដួស។ នាងថាស្ថានភាពគ្រួសារនាង គឺបងប្អូនផ្សេងទៀតសុទ្ធតែក្រ សុទ្ធតែស៊ីឈ្នួលគេ ទើបធ្វើឱ្យនាងត្រូវរងបន្ទុកទាំងស្រុងលើជំងឺរបស់ម្ដាយ៕