បញ្ហាប្លាស្ទិក បានក្លាយជាប្រធានបទក្តៅដែលប្រទេសនីមួយៗកំពុងប្រកាសអាសន្ន ហើយព្យាយាមគ្រប់លទ្ធភាពដើម្បីអប់រំប្រជាជនឱ្យចូលរួមដោះស្រាយ ព្រោះពី 1ឆ្នាំទៅ 1ឆ្នាំ ធនធានជីវៈចម្រុះជាច្រើននៅក្នុងមហាសមុទ្រជាច្រើនបានបាត់បង់ដោយសារកាកសំណល់ប្លាស្ទិក។ ក្រៅពីនេះ បញ្ហាប្រែប្រួលអាកាសធាតុ ក៏មានធាតុផ្សំមួយសំខាន់ផងដែរមកពីភាពខ្ជះខ្ជាយនៃកាកសំណល់ប្លាស្ទិក ដែលត្រូវចំណាយពេលរាប់រយឆ្នាំដើម្បីរលាយនៅក្នុងដី។
ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិក ប្រទេសណ័រវេយ៍ (Norway) រួមជាមួយបណ្តាប្រទេសជាច្រើនផ្សេងទៀតបានចាប់ផ្តើមផ្តល់រង្វាន់ដល់ប្រជាជនដែលបានយកដបប្លាស្ទិកទៅប្រើប្រាស់ឡើងវិញ ឬយកទៅដាក់ក្នុងធុងសំរាមឆ្លាតវៃដើម្បីទទួលបានពិន្ទុហើយប្តូរបានជាសាច់ប្រាក់ សម្រាប់ការប្រមូលទៅកែច្នៃឡើងវិញ។ ប្រទេសនេះ បានដំឡើងថ្លៃពន្ធក្នុងការនាំចូលប្លាស្ទិកទៅក្នុងទីផ្សារ ដើម្បីយកប្រាក់ទាំងអស់នេះ មកឱ្យប្រជាជនដែលបានត្រឡប់របស់របរប្រើប្រាស់ប្លាស្ទិកទាំងអស់នោះមកកាន់កន្លែងកែច្នៃវិញ។ការអនុវត្តសកម្មភាពបែបនេះ បានចាប់ផ្តើមធ្វើឱ្យប្រជាជនយកចិត្តទុកដាក់កាន់តែខ្លាំង និងកាន់តែរីករាយក្នុងការប្រើប្រាស់ប្លាស្ទិក ឬគ្រប់គ្រងសំណល់ប្លាស្ទិកដែលបានប្រើប្រាស់រួចឱ្យមានរបៀបរៀបរយ។
ជាលទ្ធផលសំខាន់នៃសកម្មភាពផ្តល់ការលើកទឹកចិត្តដល់អ្នកផ្តល់ប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញនេះ ប្រទេស ណ័រវេយ៍ ទទួលបានដបប្លាស្ទិក 97% ដើម្បីយកទៅកែច្នៃឡើងវិញ ហើយកាត់បន្ថយបាននូវបញ្ហាដែលកើតឡើងពីការខ្ជះខ្ជាយ និងសំរាមបានយ៉ាងច្រើនហួសពីការស្មាន។ គំរូប្រភេទនេះក៏ត្រូវបានប្រទេសមួយចំនួនផ្សេងទៀតយកគំរូតាមផងដែរ។ នៅកម្ពុជា យើងក៏មានក្រុមយុវជនបង្កើតធុងសំរាមឆ្លាតវៃផងដែរ ដើម្បីដាក់ឱ្យប្រជាជនប្រើប្រាស់ និងទទួលបានរង្វាន់ពីការបែងចែកប្រភេទសំរាមឱ្យបានត្រឹមត្រូវ ដោយទទួលបានពិន្ទុសម្រាប់បញ្ចុះតម្លៃក្នុងហាងដៃគូជាច្រើននៅកម្ពុជា។ ម្យ៉ាងវិញទៀត នៅតាមផ្សារទំនើបក៏មានសកម្មភាពជាវិជ្ជមានមួយផ្សេងទៀតផងដែរ គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបានតម្រូវឱ្យផ្សារទាំងអស់នោះគិតថ្លៃបន្ថែម 0.1$ លើថ្លៃថង់ដែលបានប្រើប្រាស់ និងជំនួសមកវិញនូវការលក់ស្បោងក្រណាត់ដែលអាចប្រើប្រាស់បានច្រើនដងផងដែរ។
នៅប្រទេសឥណ្ឌាវិញ គេចាប់ផ្តើមប្រើប្រាស់ប្លាស្ទិកដែលគេបោះចោលជាច្រើនពីគំនរសំរាម ដើម្បីច្នៃចេញជាវត្ថុប្រើប្រាស់ថ្មីៗ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាច្នៃសំណល់ប្លាស្ទិកឱ្យទៅជាកៅស៊ូចាក់លើផ្លូវ ដែលរហូតមកដល់ថ្មីៗនេះតាមរបាយការណ៍ដែលផ្សាយចេញពីកាសែត The Gardian បានឱ្យដឹងថា ឥណ្ឌាបានធ្វើផ្លូវ 33,700គីឡូម៉ែត្រ ពីសំណល់ប្លាស្ទិក។ តាមប្រភពដដែលបានបញ្ជាក់ថា ក្នុងចម្ងាយ1គីឡូម៉ែត្រ ឥណ្ឌាប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ 1លានថង់ ហេតុនេះផ្លូវមួយខ្សែៗគឺអាចកាត់បន្ថយសំណល់ខ្ជះខ្ជាយពីប្លាស្ទិករាប់ពានលានថង់។ ចំពោះតម្លៃវិញ បើប្រៀបធៀបជាមួយនឹងផ្លូវកៅស៊ូ គឺចំណេញថវិកាចំនួន 8% ហើយគុណភាព គឺទទួលយកបាន។
ងាកមកទីក្រុង London វិញ អាជ្ញាធរបានលើកទឹកចិត្តប្រជាជនឱ្យប្រើដបទឹកតែមួយ ឬសន្សំដបទឹក ដោយដាក់ធុងទឹកស្អាត ឬទឹកបរិសុទ្ធនៅទីសាធារណៈ ដើម្បីឱ្យប្រជាជនយកដបរបស់ខ្លួនទៅប្រើហើយមិនបាច់ចំណាយលុយទិញទឹកសុទ្ធដែលនាំឱ្យចំណាយដបប្លាស្ទិកច្រើន។ ការធ្វើបែបនេះគឺដោយសារតែគេសង្កេតឃើញថាដបទឹក រួមទាំងសំណល់ប្លាស្ទិកប្រមាណ 8លានតោនបានហូរចូលទៅមហាសមុទ្រជារៀងរាល់ឆ្នាំ ព្រោះបើតាមការស្មានជារៀងរាល់ឆ្នាំដបប្លាស្ទិកត្រូវបានគេផលិតប្រមាណ 2ទ្រីលានដប ហេតុនេះប្រសិនបើគ្រប់គ្រងមិនល្អវានឹងហូរចូលទៅក្នុងទឹក។ បញ្ហានេះអាចបណ្តាលឱ្យខូចគុណភាពទឹក ហើយប្រភេទសត្វក្នុងទឹកចាប់ផ្តើមពុលឬងាប់ដោយសារស៊ីប្លាស្ទិកទាំងអស់នោះ។
ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានក្លាយជារឿងដ៏សំខាន់ និងអាចឱ្យមនុស្សម្នាក់ៗក្លាយជាវីរបុរស (Hero) សង្គ្រោះពិភពលោក ព្រោះមិនត្រឹមតែសត្វទេដែលប៉ះពាល់ខ្លាំងដល់ជីវិត តែមនុស្សរាប់លាននាក់ក៏កំពុងជួបប្រទះដោយផ្ទាល់ និងប្រយោលពីបញ្ហាប្លាស្ទិកនេះដែរ៕