ការបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញវិជ្ជាជីវៈ កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់ការរៀបចំធនធានមនុស្សនៅកម្ពុជា ព្រោះយើងកំពុងខ្វះធនធានផ្នែកបច្ចេកទេសជាច្រើនដើម្បីបំពេញសេចក្តីត្រូវការនៃទីផ្សារការងារបច្ចុប្បន្ន។
នៅថ្ងៃទី15-16 ខែមិថុនាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET day) លើកទី2នៅអគារពិព័រណ៍កោះពេជ្រ ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ 3ម៉ឺននាក់ក្រោមប្រធានបទ “TVET អាចធ្វើបាន”។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខា-ធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាកម្មវិធី TVET Day នេះជាកម្មវិធីដ៏មានសារៈសំខាន់ដែលក្រសួងព្យាយាមធ្វើការផ្សព្វផ្សាយ និងរំពឹងទុកថាអាចផ្តល់ផលប្រយោជន៍ជាវិជ្ជមានដល់សិស្សានុសិស្សចំណេះទូទៅ សិស្ស-និស្សិតដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងយុវជនជាច្រើនផ្សេងទៀតដែលកំពុងសិក្សានៅកម្ពុជា។ កម្មវិធីនេះនឹងបើកឱ្យចូលរួមដោយឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាកាន់តែច្រើនបានចូលរួម និងស្វែងយល់ពីការជ្រើសរើសអាជីពវិជ្ជាជីវៈ និងបច្ចេកទេស។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ “សាធារណជន និងសិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធី TVET Day នឹងទទួលបានព័ត៌មានសំខាន់ៗស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងទទួលបានព័ត៌មានពីអាហារូបករណ៍នៅតាមគ្រឹះស្ថាននានាទូទាំងប្រទេស។ លើសពីនេះទៅទៀត ក៏នឹងទទួលបានព័ត៌មានស្តីពីទីផ្សារការងារក្នុងវិស័យនេះយ៉ាងច្រើនផងដែរ”។
ឯកឧត្ដមក៏បានលើកឡើងផងដែរថា កម្ពុជាកំពុងព្យាយាមយ៉ាងយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាជនខ្មែរ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែខ្លាំងពីសារៈសំខាន់នៃជំនាញបច្ចេកទេសជាច្រើនដែលកម្ពុជាកំពុងត្រូវការ។ លក្ខណៈពិសេសរបស់កម្ពុជា គឺយើងមានធនធានមនុស្សវ័យក្មេងច្រើនតែយើងនៅមានកត្តាប្រឈមមួយចំនួនគឺបញ្ហាជំនាញរបស់ពួកគេ។ ហេតុនេះប្រសិនបើយើងបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឱ្យមានជំនាញច្បាស់លាស់ នោះយើងនឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។
យោងតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មវិធី TVET Day នៅឆ្នាំនេះ នឹងធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈកាត់បន្ថយភាពក្រីក្រដោយការប្រើប្រាស់ជំនាញវិជ្ជាជីវៈដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវដល់ប្រជាជន ព្រោះបើប្រៀបធៀបអ្នកដែលទទួលបានការបណ្តុះបណ្តាល ហើយមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់ ពួកគេមានប្រាក់ឈ្នួលខ្ពស់ជាងអ្នកជំនាញ។ ក្រៅពីនេះ កម្មវិធីនេះក៏អាចលើកស្ទួយគោលនយោបាយ និងចក្ខុវិស័យជាតិបានយ៉ាងប្រសើរផងដែរ ព្រោះការអភិវឌ្ឍ និងការផ្សព្វផ្សាយវិស័យ TVET ជាឧបករណ៍សំខាន់ក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិកម្ពុជា ដែលបានកំណត់ទិសដៅថា នៅឆ្នាំ2030 កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ2050 កម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់។ ម្យ៉ាងវិញទៀតវិស័យ TVET ក៏ចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាប្រែក្លាយកម្លាំងពលកម្មក្នុងទម្រង់ជាអតិពលកម្មទៅជាកម្លាំងដែលមានជំនាញ។
កត្តាសំខាន់មួយផ្សេងទៀតគឺ ដោយសារតែបច្ចុប្បន្ននេះបដិវត្តន៍ឧស្សាហកម្មទី4បានចូលមកដល់ហេតុនេះ វិស័យ TVET ជាផ្នែកយ៉ាងសំខាន់ដែលជួយកម្ពុជាឱ្យវិវឌ្ឍខ្លួនឱ្យទាន់បដិវត្តន៍សកលថ្មីនេះ។ វិស័យនេះនឹងចូលរួមចំណែកតាមរយៈការជំរុញឱ្យរោងចក្រសហគ្រាសនៅកម្ពុជាប្រើបញ្ញាសិប្បនិម្មិត (AI Technology) មនុស្សយន្ត (Tobot) និងសម្ភារបរិក្ខារដ៏ទៃផ្សេងទៀតដែលកម្ពុជាត្រូវការ។ ប្រសិនបើមិនពង្រឹងវិស័យ TVET ទេ កម្លាំងពលកម្មកម្ពុជាប្រមាណជាង 50% នឹងត្រូវជួបបញ្ហាបាត់បង់ការងារក្នុងរយៈពេល 20ឆ្នាំខាងមុខនេះ៕