សហព័ន្ធកីឡាគុនដាវកម្ពុជាបានឱ្យដឹងថា កីឡាករិនី ឆាយ លីនលី ដណ្ដើមបានមេដាយសំរឹទ្ធម្នាក់ឯងរហូតទៅដល់ 2គ្រឿងក្នុងចំណោមកីឡាករ-កីឡាការិនី 9នាក់ដែលមានភារកិច្ចទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី ឆ្នាំ2019 នៅប្រទេសសិង្ហបុរី។
គួររំឭកផងដែរថា កីឡាការិនី ឆាយ លីនលី ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រថ្មីលើឆាកអន្តរជាតិសម្រាប់សហព័ន្ធកីឡាគុនដាវកម្ពុជារួចមកហើយ បន្ទាប់ពីរូបនាងដណ្តើមបានមេដាយប្រាក់ពីជើងឯកអាស៊ីអាគ្នេយ៍នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលកាលនោះ គឺជាមេដាយប្រាក់លើកទី1 របស់កីឡាការិនីរូបនេះ ហើយក៏ជាលើកដំបូងសម្រាប់សហព័ន្ធកីឡាមួយនេះផងដែរចាប់តាំងពីឆ្នាំ2008 មក ហើយសហព័ន្ធនេះក៏ធ្លាប់ទទួលបានមេដាយសំរឹទ្ធកម្រិតអាស៊ានម្តងដែរកាលពីឆ្នាំ2013។
ចំពោះមេដាយដែលកីឡាការិនីរូបនេះរកបានគឺ បានពីការប្រកួត 2វិញ្ញាសាផ្សេងៗគ្នា គឺវិញ្ញាសាកាប់ដាវឯកត្តជន និង វិញ្ញាសាដាវធំឯកត្តជន។ ព្រឹត្តិការណ៍ខាងលើបានចាប់ផ្ដើមតាំងពីថ្ងៃទី8 មកម្ល៉េះ ហើយបានបញ្ចប់កាលពីថ្ងៃទី10 ខែមិថុនាកន្លងទៅ ដោយមានអត្តពលិកមកពីគ្រឹះស្ថានអប់រំចំនួន18 ស្មើនឹងកីឡាករ-កីឡាការិនី 173នាក់ចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា 5រូប និងកីឡាការិនី 4រូបផងដែរ ៕