មានឈ្មោះថា អាហារ មិនថាតែបង្អែម ឬចម្អាបឡើយ ឡារ៉ែន ជឿថា នរណាៗក៏ចាប់អារម្មណ៍ដែរ ប៉ុន្តែ តើមានប៉ុន្មានអ្នកទៅ ដែលយកចិត្តទុកដាក់ក្នុងការធ្វើឱ្យអាហារដែលលោកអ្នកកំពុងទទួលទាននោះស័ក្តិសមត្រូវនឹងវ័យ និងមានប្រយោជន៍ មានគុណតម្លៃដល់រាងកាយរបស់ខ្លួនឯងនោះ? យើងគួរតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសទទួលទានអាហារឱ្យត្រូវ និងតាមអំឡុងពេលរបស់អាយុ ឬវ័យរបស់យើង ព្រោះក្នុងអំឡុងពេលនៃវ័យនីមួយៗ វាមានភាពខុសប្លែកពីគ្នាខាងការវិវឌ្ឍរបស់រាងកាយ និងលក្ខណៈការរស់នៅ។
រឿងរ៉ាវរបស់ចំណីអាហារដែលពាក់ព័ន្ធនឹងវ័យទាំង 4 របស់មនុស្ស មិនមែនជារឿងពិបាកយល់នោះឡើយ លោកអ្នកអាចសាកល្បងធ្វើតាមដូចខាងក្រោម៖
ក្នុងអំឡុងអាយុចាប់ពី 20ឆ្នាំឡើងទៅ គឺជាអំឡុងពេលដែលរាងកាយមានការវិវឌ្ឍ និងចម្រើនធំធាត់ពេញទំហឹង មិនថាតែរឿងការរៀនសូត្រ ឬការធ្វើការងារឡើយ ហើយក៏ជាវ័យដែលសកម្ម មិនចេះនឿយហត់ ហើយរឹតតែសកម្មក្នុងជីវិតប្រចាំថ្ងៃច្រើនប៉ុនណា រាងកាយក៏រឹតតែដុតបំផ្លាញ និងប្រើប្រាស់កម្លាំងថាមពលច្រើនប៉ុននោះដែរ ដូច្នេះយើងគួរជ្រើសរើសទទួលទានអាហារឱ្យបានស័ក្តិសមនឹងតម្រូវការរបស់រាងកាយក្នុងវ័យនោះ។
ក្នុងវ័យនេះ ចូរជ្រើសរើសទទួលទានពពួកសាច់សត្វ និងសណ្តែកផ្សេងៗ រួមទាំងបាយ និងម្សៅជាអាហារលំដាប់ទី1 តាមដោយបន្លែ-ផ្លែឈើជាអាហារលំដាប់ទី2 ចំណែកឯទឹកដោះគោ និងអាហារជំនួសជាតិកាល់ស្យូមផ្សេងៗដូចជា តៅហ៊ូ ទឹកសណ្តែកលឿង ដើម្បីបង្កើនកាល់ស្យូមជាអាហារលំដាប់ទី3 និងចូរផ្តល់ភាពសំខាន់ចំពោះអាហារដែលមានជាតិខ្លាញ់ជាលំដាប់ក្រោយគេបង្អស់។
សាច់ត្រីជាអាហារជំនួយខួរក្បាលដែលជួយរក្សាព្យាបាលជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលឱ្យរឹងមាំ មិនឆាប់ភ្លេចភ្លាំង។ បន្លែពណ៌បៃតងដូចជា ត្រកួន កញ្ឆែត ខាត់ណា សណ្តែកគួ ជួយបំប៉នខ្សែភ្នែក សាងឆ្អឹង និងធ្មេញឱ្យរឹងមាំ។
វ័យដែលចាប់ផ្តើមដោយលេខ 3
អាយុឡើងដល់លេខ3 នាំមុខ មនុស្សជាច្រើនចាប់ផ្តើមភ័យ ប៉ុន្តែការចេះជ្រើសរើសទទួលទានអាហារ នឹងធ្វើឱ្យអ្នកឯទៀតមិនអាចស្មានដឹងពីអាយុរបស់អ្នកតាមរយៈរូបរាង ឬមុខមាត់បានឡើយ។ ក្នុងអំឡុងវ័យចាប់ផ្តើមជាមនុស្សចាស់នេះ តម្រូវការផ្នែកថាមពលនៅតែមាន ព្រោះជាចន្លោះជីវិតនៃការធ្វើការងារ តែត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងរឿងជាតិខ្លាញ់ និងកូលេស្តេរ៉ូល ដែលអាចមានផលប៉ះពាល់ដល់រូបរាង មុខមាត់សម្បកក្រៅដែលមើលឃើញមានការប្រែប្រួលបានយ៉ាងច្បាស់។ ដូច្នេះគួរចៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន និងកូលេស្តេរ៉ូលខ្ពស់ដូចជា សាច់ជ្រូក3ជាន់ ប៊័រដុំ និងខ្ទិះជាដើម។
លោកអ្នកអាចជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ ដូចជា ត្រីសមុទ្រជួយកាត់បន្ថយសម្ពាធឈាម ពពួកគ្រាប់សណ្តែកស្ងួត ដូចជា សណ្តែកក្រហម សណ្តែកខៀវ សណ្តែកលឿង ជួយកាត់បន្ថយភាពប្រថុយពីជំងឺបេះដូង និងមានប្រូតេអុីនខ្ពស់ និងអាហារដែលមានកាកសរសៃខ្ពស់ដែលជួយឱ្យឆ្អែតពោះបានយូរ និងមានផលល្អដល់ពោះវៀនធំទៀតផង។
វ័យដែលចាប់ផ្តើមដោយលេខ 4
ដោយសារតែសភាពរាងកាយចាប់ផ្តើមប្រែប្រួល ជាពិសេសចំពោះស្ត្រី ឯបុរសក្នុងវ័យនេះវិញក៏ចាប់ផ្តើមមានរោគាផ្សេងៗកើតឡើងដែរ តែទាំងអស់នេះការពន្យារវ័យ ឬការការពាររោគាផ្សេងៗដែលមកជាមួយវ័យ មិនបានលំបាកលំបិនហួសពីយើងអាចធ្វើបាននោះឡើយ។
សម្រាប់ចន្លោះវ័យនេះ តម្រូវការខាងថាមពលនឹងថយចុះ តែតម្រូវការកាល់ស្យូម និងវីតាមីនផ្សេងៗកើនឡើង ដែលរាងកាយអាចនឹងទទួលបានពីបន្លែផ្លែឈើដែលមានកាកសរសៃអាហារខ្ពស់ ហើយថែមទាំងមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីទៀតផង។ ឯវីតាមីនC ពីចំណីអាហារដែលងាយរកទទួលទានបាននោះ មានដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ត្រសក់ស្រូវជាដើមចំណែកអាហារដែលមានវីតាមីនE គឺប្រេងសណ្តែកប៊័រសណ្តែក សណ្តែកដី និងគ្រាប់អាល់ម៉ុន។ ក្រៅពីនេះគួរទទួលទានតៅហ៊ូ ប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាបដែលផ្តល់កាល់ស្យូមច្រើនជាងសាច់សត្វផ្សេងៗ និងគួរចៀសវាងភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេអុីនផង។
វ័យដែលចាប់ផ្តើមដោយលេខ 5
ការឈានចូលដល់វ័យ 50 នោះ មិនមែនមានផលប៉ះពាល់ចំពោះរាងកាយតែម្យ៉ាងប៉ុណ្ណោះទេ តែនៅមានផលដល់សភាពផ្លូវចិត្តផងដែរ ដូច្នេះដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងវ័យនេះលោកអ្នកគួរយល់ដឹងពីការធ្វើការងាររបស់រាងកាយដែលមានប្រសិទ្ធភាពថយចុះ ជាពិសេសប្រព័ន្ធការរំលាយ និងការបឺតយកសារធាតុអាហារធ្វើឱ្យរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ។
ក្នុងអំឡុងវ័យនេះ លោកអ្នកអាចមិនសូវមានអារម្មណ៍ស្រេកទឹកប៉ុន្មានទេ តែគួរពិសាទឹកឱ្យបានទៀងទាត់ យ៉ាងតិច 1ថ្ងៃ 8 – 12កែវ ដើម្បីការពារការខ្វះជាតិទឹកដោយមិនដឹងខ្លួន។ គួរទទួលទានខាបូហាយដ្រេត(ម្សៅ និងស្ករ-ល-)ឱ្យតិចសង្កត់ធ្ងន់លើអាហារពួកសាច់ត្រី ដើម្បីកុំឱ្យខ្វះជាតិប្រូតេអុីន និងពួកសាច់សត្វណាដែលងាយរំលាយ។ គួរទទួលបានកាល់ស្យូមឱ្យគ្រប់គ្រាន់ និងអាហារដែលមានកាល់ស្យូមខ្ពស់ គឺនៅក្នុងទឹកដោះគោ យ៉ាអួប្រភេទក្រែម និងប៊័រដុំជាដើម។
រឿងដែលសំខាន់នោះ គឺមិនថាលោកអ្នកស្ថិតនៅក្នុងវ័យណាក៏ដោយ គួរយកចិត្តទុកដាក់រឿងអាហារការហូបចុកបានគ្រប់ពេល ទោះជាមានជំងឺឬគ្មានក៏ដោយ ក្រៅពីនេះគួរបង្កើនការធ្វើចលនា(ហាត់ប្រាណ)ក្នុង 1ថ្ងៃៗឱ្យបានច្រើន និងញឹកញាប់ នឹងធ្វើឱ្យមានសុខភាពកាន់តែល្អឡើង និងកាត់បន្ថយភាពធុញថប់ តឹងតែងបានទៀតផង៕