អាវុធហត្ថភ្នំពេញបានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីម្នាក់យកទ្រព្យសម្បត្តិដោយកាប់ជាកង់ៗដូចត្រី រួចយកសាកសពទៅបោះចោល។ ប៉េអឹមបានឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធក្នុងសំណុំរឿងដ៏រន្ធត់នេះ។ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ កម្លាំងជំនាញប៉េអឹមបាននាំខ្លួនស្ត្រីជនសង្ស័យទៅផ្ទះដើម្បីឆែកឆេររកវត្ថុតាង។ ករណីភ្ញាក់ផ្អើលនេះ ពាក់ព័ន្ធក្មេងស្រីម្នាក់ដើររកម្តាយទាំងយប់ពេញ ក្រុងភ្នំពេញ ត្រូវបានអាវុធហត្ថភ្នំពេញ បំបែកសំណុំរឿងបានរឹតតែគួរឲ្យភ្ញាក់ផ្អើលទៅទៀត!
តាមការបញ្ជាក់របស់ អាវុធហត្ថភ្នំពេញ បានអះអាងថា កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញ ក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះដោយមិនដឹងមូលហេតុ។
បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបំបែកសំណុំរឿងបានហើយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ។ ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតាំងពីយប់មិញ។ ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ ព័ត៌មានលម្អិត នឹងជម្រាបជូនពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថភ្នំពេញ ស៊ើបសួររួច៕