កីឡាករ សៀង ចន្ធា បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ គឺជាកីឡាករវ័យក្មេងជាងគេបំផុតដែលអាចរកគ្រាប់បាល់បានជូនក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបជោគជ័យ 2ទល់នឹង0 ជាមួយនឹងក្រុមជម្រើសជាតិប៉ាគីស្ថាន។
ជាមួយនឹងកំណត់ត្រាថ្មីនេះ កីឡាករវ័យក្មេងរូបនេះទើបតែមានវ័យ 17ឆ្នាំ និង 7ខែប៉ុណ្ណោះ តែបានរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិឈុតធំកម្ពុជាដោយបានបំបែកកំណត់ត្រារបស់កីឡាកររៀមច្បងមួយរូប គឺ កែវ សុខង៉ន ដែលអាចរកគ្រាប់បាល់បានជូនកម្ពុជានៅអាយុ 17ឆ្នាំ និង 11ខែក្នុងឆ្នាំ2009 ក្នុងពានរង្វាន់ AFC Challenge Cup។
គួរបញ្ជាក់ផងដែរថា កីឡាករ កែវ សុខង៉ន ពេលនេះក៏កំពុងតែប្រកបអាជីពបាល់ទាត់ដែរ ដោយសព្វថ្ងៃជាអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីលាចាកពីអាជីពកីឡាករកាលពីឆ្នាំមុន ដោយចុងក្រោយបំផុត រូបគេក៏ជាម្ចាស់អាវលេខ9 នៃក្រុមបាល់ទាត់ភ្នំពេញក្រោននេះដែរ៕