អគារកាស៊ីណូ NAGA2 ដែលជាសណ្ឋាគារ និងកាស៊ីណូដែលតភ្ជាប់ទៅកាស៊ីណូ និងរមណីយដ្ឋាន Naga World តាមផ្លូវក្រោមដីនឹងបើកដំណើរការនៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
យោងតាមរបាយការណ៍មួយកាលពីម្សិលមិញដែលទទួលបានពីក្រុមហ៊ុន GGR Asia បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា សណ្ឋាគារ និងកាស៊ីណូណាហ្កា2 ដែលមានបន្ទប់សណ្ឋាគារថ្មី 1,000បន្ទប់ តុលេងហ្គេម300 និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក500នឹងបើកដំណើរការនៅចុងឆ្នាំនេះ។
អគារនេះនៅមានសាលដ៏ធំមួយដែលអាចដាក់មនុស្សបាន 3,000នាក់ផងដែរសម្រាប់រៀបចំកម្មវិធីផ្សេងៗ ដូចជាការប្រកួតកីឡាក្នុងសាលលំដាប់អន្តរជាតិ និងមហោស្រពផ្សេងៗទៀតផង។
ក្រុមហ៊ុនវិនិយោគគម្រោងនេះបានព្យាករពីការទទួលបានប្រាក់ចំណេញបន្ទាប់ពី113 លានដុល្លារមុនពេលបង់ការប្រាក់ បង់ពន្ធ ការបញ្ចុះតម្លៃ និងការសងបំណុល (EBITDA) នៅពេលដាក់ឲ្យដំណើរការពេញលេញនៅឆ្នាំដំបូង។
លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា ការវិនិយោគលើសណ្ឋាគារ និងកាស៊ីណូរបស់ក្រុមហ៊ុន Naga Corp ជាផ្នែកមួយនៃផលិតផលទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវមកទស្សនាកម្ពុជាព្រោះទេសចរមានប្រមាណពី៣០ទៅ៥០ប្រភេទហើយទេសចរមកលេងល្បែងជាទេសចរមួយប្រភេទដែលចំណាយប្រាក់ច្រើន។
លោកបន្តថា “យើងមិនមែនស្វាគមន៍ការលេងល្បែងនោះទេប៉ុន្តែយើងស្វាគមន៍ការវិនិយោគ និងការទាក់ទាញទេសចរបន្ថែម”។
ប្រធានសមាគមសណ្ឋាគារកម្ពុជាលោកឌិន សុមេធារិទ្ឋបានថ្លែងថា វិស័យសណ្ឋាគារកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងដោយសារការផ្គត់ផ្គង់សណ្ឋាគារថ្មីៗកើនឡើងកាន់តែច្រើនប៉ុន្តែការមកដល់របស់ភ្ញៀវទេសចរមិនបានកើនឡើងខ្ពស់នោះទេ។ លោកបន្តថា ក្នុងពេលមានការប្រកួតប្រជែងតានតឹងបែបនេះបានធ្វើឲ្យសណ្ឋាគារតូចៗមួយចំនួនប្រឈមមុខនឹងការបិទទ្វារហើយសណ្ឋាគារធំៗនឹងលក់បញ្ចុះតម្លៃកាន់តែច្រើនដើម្បីទទួលបានភ្ញៀវស្នាក់នៅជាជាងទុកបន្ទប់ឲ្យនៅទំនេរ៕