នៅក្នុងរដូវក្ដៅ អ្នកប្រាកដជាមានការលំបាកក្នុងការថែទាំសុខភាពស្បែក ប៉ុន្ដែអ្នកមិនចាំបាច់បារម្ភនោះទេ បន្លែផ្លែឈើខាងក្រោមនឹងជួយឱ្យស្បែករបស់អ្នកបានស្រស់ថ្លាក្នុងរដូវក្ដៅនេះ។ រដូវក្ដៅ គឺជារដូវរបស់ផ្លែឈើជាច្រើនប្រភេទ។ ខាងក្រោមនេះ គឺជាផ្លែឈើទាំង6ប្រភេទ ដែលអាចជួយឱ្យអ្នកពោរពេញដោយថាមពល និងភាពស្រស់ស្អាតដល់ស្បែករបស់អ្នកនៅក្នុងរដូវក្ដៅនេះ។
1. ផ្លែប៉េងប៉ោះ
កម្រិតអាស៊ីតនៅក្នុងផ្លែប៉េងប៉ោះអាចជួយធ្វើឱ្យកម្រិត PH របស់ស្បែកមានតុល្យភាព។ ប្រសិនបើស្បែករបស់អ្នកខ្មៅ និងស្ងួត អ្នកអាចប្រើទឹកប៉េងប៉ោះកៀប ដើម្បីធ្វើជាម៉ាសបិទមុខ ក្នុងរយៈពេល15នាទី ក្រោយមកលាងជម្រះឱ្យស្អាតជាការស្រេច។ វិធីនេះអាចជួយកម្ចាត់ស្បែកងាប់ៗនៅលើផ្ទៃមុខបានយ៉ាងល្អ។ ផ្លែប៉េងប៉ោះ ក៏ជាបន្លែមួយប្រភេទ ដែលមានកម្រិតវីតាមីន C ខ្ពស់ផងដែរ។ ការបិទមុខដោយទឹកប៉េងប៉ោះកៀប លាយជាមួយទឹកឃ្មុំ ក្នុងរយៈពេល10នាទីជារៀងរាល់ថ្ងៃ ក្រោយមកលាងជម្រះ ដោយទឹកធម្មតា នឹងជួយបំបាត់ស្នាមជាំខ្មៅ និងធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។
2. ផ្លែសេរី
ក្រៅពីផ្ទុកដោយវីតាមីន C ផ្លែសេរីក៏មានផ្ទុកនូវជាតិស្ករ ប្រូតេអុីន បេតាការ៉ូទីន និងជាតិដែកផងដែរ។ កម្រិតជាតិដែក នៅក្នុងផ្លែសេរី គឺច្រើនជាងផ្លែព័រ (pear) ដល់ទៅ20 ទៅ30ដង ហើយជាតិដែក គឺជាសារជាតិដ៏សំខាន់សម្រាប់គ្រាប់ឈាម ដូច្នេះវានឹងជួយឱ្យស្បែករបស់អ្នកស-ភ្លឺថ្លា។ ផ្លែសេរី ក៏មានសារជាតិការ៉ូទីន និងវីតាមីន C ដែលជួយឱ្យស្បែកម៉ដ្ឋរលោងស្អាត។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែសេរី គឺប្រភេទផ្លែឈើ ដែលមានកម្រិតជាតិដែក និងបេតាការ៉ូទីនខ្ពស់ នាំមកនូវប្រសិទ្ធភាពក្នុងការបំប៉នដល់តម្រងនោម និងបំប៉នគ្រាប់ឈាម។ មុនពេលទទួលទានអាហារ ចូរទទួលទានផ្លែសេរីឱ្យបាន200ទៅ 300ក្រាម នឹងជួយឱ្យក្រពះរបស់អ្នកដំណើរការបានល្អ។
3. ផ្លែក្រូចពោធិ៍សាត់
ផ្លែក្រូចមានផ្ទុកវីតាមីន C និងកាលស្យូមដ៏សម្បូរបែប។ នេះក៏ជាប្រភពវត្ថុធាតុ ដែលត្រូវបានគេយកទៅធ្វើជាគ្រឿងសម្អាងជាច្រើនប្រភេទ ដើម្បីបំប៉នស្បែក។ អ្នកអាចយកផ្លែក្រូចលាបស្បែក ឬបរិភោគទឹកវាក៏បាន ដើម្បីធ្វើឱ្យស្បែកបានស្រស់ស្អាត។ ប្រសិទ្ធភាពរបស់ផ្លែក្រូច គឺធ្វើឱ្យស្បែកកាន់តែ-ស កម្ចាត់ស្នាមជាំ ធ្វើឱ្យស្បែកម៉ដ្ឋ និងទប់ទល់នឹងភាពចាស់។ក្រៅពីនេះ កម្រិត BHA ដ៏សម្បូរបែប ដែលមាននៅក្នុងផ្លែក្រូចអាចធ្វើឱ្យកោសិកាស្បែកបានស្អាត ជួយជម្រុញឱ្យដំណើរផ្លាស់ប្ដូរការលូតលាស់នៃកោសិកាស្បែកបានល្អ។ អ្នកអាចយកទឹកក្រូច 1ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ 1ស្លាបព្រាកាហ្វេ មកលាយបញ្ចូលគ្នា ក្រោយមកសឹមយកមកលាបនៅលើជង្គង់ កែងដៃ កែងជើង និងម៉ាស្សាក្នុងរយៈពេល10នាទី ក្រោយមកត្រូវលាងសម្អាតវិញដោយទឹកក្ដៅឧណ្ហៗ។ ធ្វើយ៉ាងនេះ ក្នុងរយៈពេលវែងនឹងជួយឱ្យស្បែកជង្គង់ កែងដៃ និងកែងជើងបានស្រស់ថ្លាល្អ។
4. ក្រូចថ្លុង
នៅក្នុងផ្លែក្រូចថ្លុង100ក្រាម គឺមានផ្ទុកនូវវីតាមីន C ចំនួន123មីលីក្រាម។ ក្រុមអ្នកជំនាញការផ្នែកសម្រស់បានឱ្យដឹងថា ការប្រើប្រាស់ផ្លែក្រូចថ្លុងលាយជាមួយនឹងទឹកឃ្មុំ ក្នុងរយៈពេល3ខែ អាចជួយឱ្យមានការផ្លាស់ប្ដូរទៅរកភាពល្អប្រសើរនៃរាងកាយ និងស្បែកបាន។
5. ផ្លែស្ដ្រូប៊ឺរី
ជាតិស្ករដែលមាននៅក្នុងផ្លែមួយប្រភេទនេះគឺ ពី6%ទៅ10% វាក៏មានវីតាមីននិងជាតិរ៉ែដ៏សម្បូរបែប ដែលជួយធ្វើឱ្យស្បែកតឹងណែន រក្សាជាតិសំណើម និងបង្កើនភាពស្រស់ថ្លាដល់ស្បែក។ នៅក្នុងផ្លែស្ដ្រូប៊ឺរីក៏មានផ្ទុកនូវវីតាមីន A និងប៉ូតាស្យូមដ៏សម្បូរបែប ដូច្នេះវាមានគុណប្រយោជន៍ច្រើនផងដែរសម្រាប់សុខភាព។ ការទទួលទានទឹកស្ដ្រូប៊ឺរីមួយពែង មុនពេលចូលគេងនឹងធ្វើឱ្យអ្នកបានធូរស្រាលក្នុងអារម្មណ៍ កម្ចាត់ភាពតប់ប្រមល់។
6. ផ្លែគីវី
នៅក្នុងផ្លែគីវី 1គីឡូក្រាម គឺមានវីតាមីន C 95.7មីលីក្រាម វាមិនត្រឹមតែជួយឱ្យស្បែកបានស្រស់ស្អាតនោះទេ តែវាក៏មានប្រសិទ្ធភាពទប់ទល់នឹងអ៊ុកស៊ីតកម្មផងដែរ។ ក្រៅពីនេះ វាក៏អាចជួយកម្ចាត់ស្នាមជាំនៅលើស្បែកយ៉ាងមានប្រសិទ្ធភាពផងដែរ៕