មុនថ្ងៃកម្មវិធីចូលមកដល់ កំលោះៗក៏មិនត្រូវខកខានក្នុងការត្រៀមក្នុងការចូលរួមកម្មវិធីតូចធំដែរណា៎ តែរឿងសំខាន់ដែលអ្នកមិនអាចមើលរំលងបាន នោះគឺរឿងរូបសម្ផស្ស និងរឿងសុខភាពដែលត្រូវតែមើលថែទាំយ៉ាងមិនអាចបណ្តែតបណ្តោយបានឡើយ។ ថ្ងៃនេះ ឡារ៉ែន សូមយកចិត្តកំលោះៗម្តង ដោយនាំយកនូវតិចនិកក្នុងការមើលថែទាំសុខភាពមុនដល់ថ្ងៃកម្មវិធីចូលមកដល់មកជម្រាបជូន សម្រាប់បុរសៗណាដែលចង់បានសុខភាពរឹងមាំ ដើម្បីក្លាយជាបុរសរូបសង្ហានៅក្នុងកម្មវិធីពិសេសៗនោះ សូមតាមដានដូចតទៅ៖
1ខែមុនដល់ថ្ងៃកម្មវិធី
- អ្នកគួរព្យាយាមកាត់បន្ថយអាហារបែប Junk Food ឱ្យតិចជាងមុន។
– បើអ្នកជាមនុស្សដែលចូលចិត្តទទួលទានស្រា ឬ ប៊ីយែរ ក៏សូមឱ្យព្យាយាមទទួលទានឱ្យតិចជាងមុន។
15ថ្ងៃមុនដល់ថ្ងៃកម្មវិធី
– សាកល្បងកាត់បន្ថយការទទួលទានអាហារដែលទិញមកពីក្រៅផ្ទះ បើអាចទៅរួចអ្នកគួរធ្វើអាហារទទួលទានដោយខ្លួនឯង ឬក៏ត្រឡប់ទៅទទួលទានបាយនៅផ្ទះដែលជាស្នាដៃរបស់អ្នកម៉ាក់វិញប្រសើរជាង ព្រោះអាហារដែលចម្អិនដោយខ្លួនឯងអាចទុកចិត្តបានរឿងអនាម័យ ហើយថែមទាំងជួយឱ្យអ្នកនៅសល់ប្រាក់ទៀតផង។
– អ្នកគួរហ្វឹកហាត់ឱ្យមានទម្លាប់ក្នុងការលាងមុខឱ្យបានស្អាត យ៉ាងតិចបំផុត2ដងក្នុង1ថ្ងៃ។
– ក្រោយពេលងូតទឹករួច អ្នកគួរលាបឡូស្សិនបំប៉នស្បែក នឹងជួយធ្វើឱ្យស្បែករបស់អ្នកស្រស់បស់មានសំណើមឡើង។
– ហើយអ្នកគួរតែកោរពុកមាត់ ពុកចង្កាដោយកាំបិតកោរ ជំនួសប្រដាប់កោរពុកមាត់អគ្គិសនី ព្រោះកាំបិតកោរនឹងធ្វើឱ្យអ្នកកោរបានស្អាតល្អជាង ធ្វើឱ្យផ្ទៃមុខរបស់អ្នកមើលទៅឃើញស្អាតរលោងឡើង កុំភ្លេចថា នារីៗភាគច្រើនមិនចូលចិត្តបុរសដែលមានពុកមាត់ស្រមេមស្រមូមទេ។
1អាទិត្យមុនដល់ថ្ងៃកម្មវិធី
- នៅតែ1អាទិត្យទៀតទេដល់ថ្ងៃកម្មវិធីហើយ អ្នកគួរតែកាត់ ឬតម្រឹមសក់របស់អ្នកឱ្យបានស្អាតរៀបរយ។
– ក្នុងអំឡុងពេលនេះអ្នកគួរគេងសម្រាកឱ្យបានគ្រប់គ្រាន់ផង។
1ថ្ងៃមុនដល់ថ្ងៃកម្មវិធី
- អ្នកគួរកោរពុកមាត់ ពុកចង្ការបស់អ្នកឱ្យបានស្អាតរៀបរយផង។
នៅថ្ងៃកម្មវិធីចូលមកដល់
- អ្នកគួរគេងសម្រាកឱ្យបានគ្រប់គ្រាន់ និងក្រោមឡើងតុបតែងខ្លួនយ៉ាងស្រស់សង្ហា ដើម្បីចូលរួមនៅក្នុងកម្មវិធីយ៉ាងជឿជាក់ក្នុងចិត្ត៕