បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងអាជីពពិធីការិនីនៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍រួចមកកញ្ញាណាក់ ស្រីណា បានងាកមកចាប់អាជីពសម្ដែងបន្ថែមទៀត និងអ្វីដែលគួរឱ្យកោតសរសើរនោះ គឺចាប់តាំងពីនាងចាប់យកការសម្ដែងភាពយន្ដមក នាងទទួលបានតំណែងតួឯកជាប់រហូត។
កញ្ញាណាក់ ស្រីណា បានចូលប្រឡូកក្នុងការងារសិល្បៈតាំងពីឆ្នាំ2010ក្នុងនាមជាពិធីការិនីតែអ្វីដែលជាមោទនភាពសម្រាប់នាងគឺក្រោយពីការសម្រេចចិត្ដចាប់យកការសម្ដែងនាងទទួលបានតំណែងតួឯកចំនួន5រឿងជាប់ៗគ្នា។ បច្ចុប្បន្នរឿងដែលនាងសម្ដែងកំពុងទទួលបានការគាំទ្រខ្លាំងគឺរឿង «នំប៉័ងបញ្ចាំស្នេហ៍» ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន។
កញ្ញា ណាក់ ស្រីណា បញ្ជាក់ថា៖ «ខ្ញុំមិននឹកស្មានថាការសម្រេចចិត្ដចាប់យកការសម្ដែងអាចទទួលបានផ្កែផ្កាដូច្នេះសោះព្រោះដំបូងឡើយខ្ញុំស្រឡាញ់តែអាជីពពិធីការិនីប៉ុណ្ណោះ មិនដែលនឹកដល់ការសម្ដែងឡើយដោយខ្ញុំគិតថាសមត្ថភាពមិនអាចទៅរួចតែប្រហែលជាខ្ញុំមានឈាមជ័រជាអ្នកសិល្បៈហើយទើបបានជាខ្ញុំឆាប់យល់នូវការងារទាំងនេះ»។
ពិធីការិនីរូបនេះបញ្ជាក់ថា អ្វីដែលធ្វើឱ្យនាងទទួលបានតំណែងតួឯកមួយរឿងហើយ មួយរឿងទៀតនោះ គឺកើតឡើងដោយសារតែការតស៊ូជម្នះនូវឧបសគ្គជាច្រើនទាំងការលំបាក និងការបែងចែកពេលវេលាការងារ។ ពិសេសនោះនាងមានចំណុចល្អពីធម្មជាតិដោយសារទម្រង់មុខរបស់នាងសមជានារីខ្មែរស៊ីជាមួយនឹងសាច់រឿងដែលគេចង់បាន។
កញ្ញាណាក់ ស្រីណា បន្ថែមទៀតថា ដើម្បីទទួលបានតំណែងតួឯកស្រី ការមានរូបសម្រស់ស្រស់ស្អាតឬមានទេពកោសល្យខ្ពស់ សមត្ថភាពខ្លាំងក្នុងការសម្ដែងនៅមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងមានចរិតល្អផងដែរពោលគឺនៅពេលយើងទទួលយកការងារណាមួយ ត្រូវចេះគោរពពេលវេលា ចេះផ្ដល់តម្លៃឱ្យអ្នកនៅជុំវិញខ្លួន។
ពិសេសត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារដែលយើងធ្វើការជាមួយទើបយើងអាចទទួលបានជោគជ័យក្នុងអាជីព។ ពាក់ព័ន្ធការសម្ដែងនេះដែរនាងបញ្ជាក់ថា បច្ចុប្បន្ននាងមានបទពិសោធច្រើនទៅលើការសម្ដែងពោលគឺសម្ដែងជាតួអង្គអ្វីក៏បាន លើកលែងតែឈុតឆាកសិចស៊ី បើទោះជាឱ្យតម្លៃខ្លួនច្រើនជាងតម្លៃធម្មតា និងអាចល្បីល្បាញប៉ុនណាក៏នាងត្រូវតែបដិសេធដែរ៕