តាមការបង្ហើបពីក្រុមការងារ និងជាផលិតកររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានអះអាងថា នៅព្រឹកថ្ងៃទី 10 ខែមិថុនា នេះ ប៉ុស្ដិ៍លេខ៥ បានរៀបចំក្រុងពាលីរឿងភាគទី ២០ របស់ខ្លូន ដែលមានចំណងជើងថា «ភ្លើងគំនុំ» ដើម្បីសុំពរជ័យឱ្យកាន់តែមានគាំទ្រខ្លាំងឡើងជាងមុន។ រឿងភាគថ្មីមួយនេះ មានការចូលរួមសម្ដែងដោយតារាសិល្បៈល្បីៗដូច ឌី សូនីតា ទឹម រដ្ឋា និន សុធារ៉ា ភីយ៉ាដា លោក ជន អ៊ី ចិត្រា លោក ឈឹម សក្កដា លោក ដានី ជាដើម។
ក្រុមការងារទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបន្ដឱ្យដឹងថា រឿងភាគថ្មីនេះ ប្រព្រឹត្តិទៅយ៉ាងរលូនសូមឱ្យតារាដែលចូលរួមថតទទួលបានការជោគជ័យហើយតស៊ូក្នុងការសម្តែង។ យើងសម្តែងដូចជាការបង្ហាញនូវការតស៊ូជីវិតពិតរបស់មនុស្សសង្គម។ ដូចនេះជីវិតត្រូវតែតស៊ូ ហើយតួអង្គនីមួយៗត្រូវតែចេះសម្តែង ហើយមិនប្រកាន់យកអត្តចរិកទាំងនោះដូចសាច់រឿងនោះសំខាន់យើងត្រូវបម្រើប្រជាពលរដ្ឋ។
ក្នុងនោះដែរ តារាសម្ដែង ទឹម រដ្ឋា ដែលគេឃើញថា ជាតួអង្គលេចធ្លោក្នុងរឿងភាគប៉ុស្ដិ៍លេខ៥សឹងតែគ្រប់រឿង និងនិយមសម្ដែងជាតួអង្គកាចឆ្នាស់ បានប្រាប់ឡារ៉ែនថា ដោយសារតែស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ សំឡឹងឃើញសមត្ថភាពសម្ដែងរបស់អ្នកនាង ទើបបាននាងមិនដែលបាត់មុខចេញពីរឿងរបស់ប៉ុស្តិ៍លេខ៥ ពោលគឺ អ្នកនាងត្រូវបានគេលាន់និយាយគ្រប់គ្នា និងគិតថា នាងជាតារាប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ទៅហើយ។ តែយ៉ាងណាមិញ ទឹម រដ្ឋា បានបញ្ជាក់ទៀតថា នាងទទួលថតបានគ្រប់ផលិតករ សំខាន់ឱ្យតែចចារពេលវេលាត្រូវគ្នា ព្រោះថា នាងបានពេលវេលាតិចតួចបំផុតក្នុងមួយសប្ដាហ៍។
ទឹម រដ្ឋា បានប្រាប់ដែរថា ក្នុងរឿងភាគថ្មី«ភ្លើងគំនុំ» មានសាច់រឿងទាក់ទាញខ្លាំងបំផុត អ្វីដែលសំខាន់គឺផ្ដល់តម្លៃអប់រំចិត្តរបស់មនុស្សឱ្យចេះស្រាយចំណងគឺការសងសឹង និងព្យាបាទអ្នកដទៃ ។ រដ្ឋា ថាខ្លូនសម្ដែងជា តួស្រីកាចឆ្នាស់ទៀតហើយ មានឈ្មោះ កន្និថា មានចរឹតតាមចិត្តខ្លួនឯង និងអ្នកមនុស្សស្រីមានមុខមាត់ខ្លាំងនៅក្នុងសង្គម៕