បន្ទាប់ពីមានរបាយការណ៍ថ្មីស្ដីពីជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក (ASF) រាតត្បាតខ្លាំងនៅប្រទេសវៀតណាមជាប់ខាងប្រទេសកម្ពុជា ប្រទេសកម្ពុជានៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃមេរោគនេះ ដោយក្រសួងកសិកម្មបានបន្តអំពាវនាវឱ្យមានការត្រួតពិនិត្យការនាំចូលកាន់តែតឹងរ៉ឹងនៅតាមព្រំដែនដើម្បីទប់ស្កាត់ការនាំចូលខុសច្បាប់នូវសត្វជ្រូកដែលអាចចម្លងជំងឺ។
តាមសេចក្តីថ្លែងការណ៍ ក្រសួងកសិកម្មបានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានអនុវត្ដឱ្យបានតឹងរ៉ឹងបំផុតនូវការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលជ្រូកពីប្រទេសវៀតណាម បន្ទាប់ពីមានរបាយការណ៍ថ្មីបង្ហាញថា វីរុសបានរីករាលដាលពីភាគខាងជើង ទៅភាគខាងត្បូងនៃប្រទេសវៀតណាម ដែលមានព្រំដែនជាមួយខេត្ដតាកែវ ព្រៃវែង និងខេត្ដស្វាយរៀងរបស់កម្ពុជា។
ឯកឧត្ដម តាន់ ផាណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ បានមានប្រសាសន៍ថា៖“ព័ត៌មាននៃការផ្ទុះឡើងថ្មីៗនៅក្នុងប្រទេសវៀតណាម បានធ្វើឱ្យមានការព្រួយបារម្ភចំពោះការរីករាលដាលមកក្នុងប្រទេសកម្ពុជា ជាពិសេសប្រសិនបើការហាមឃាត់ការនាំចូលជ្រូក មិនបានអនុវត្តត្រឹមត្រូវ។ ទោះបីជាមានការហាមឃាត់ក៏ដោយ ក៏ការនាំចេញខុសច្បាប់នៃជ្រូកវៀតណាមមកកម្ពុជានៅតែកំពុងស្វែងរកផ្លូវចូលដដែល។ទី1 យើងកំពុងស្នើសុំឱ្យអាជ្ញាធរ រឹតត្បិតចំពោះការហាមឃាត់នេះ។ ទី2 យើងចង់ឱ្យប្រជាជន ដែលរស់នៅជិតព្រំដែនចៀសវាងការទិញសាច់ជ្រូក ពីប្រភពដែលមិនស្គាល់“។
នៅក្នុងកិច្ចប្រជុំជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ឬ FAO និងអង្គការសុខភាពសត្វពិភពលោក ឬ OIE រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្ដម វេង សាខុន បានស្នើសុំជំនួយ និងដំបូន្មានដើម្បីការពារការរាតត្បាតនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅកម្ពុជា ដោយអ្នកជំនាញការរបស់អង្គការ FAO និង OIE ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា នឹងជូយក្នុងការពិនិត្យជ្រូកក្នុងស្រុក រកមើលរោគសញ្ញានៃវីរុស និងផ្តល់យោបល់ជូនរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត Alexandre Huynh តំណាងអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) បានបញ្ជាក់ថា តាមរយ:ការអញ្ជើញជាផ្លូវការរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម ក្រុមការងារជំនាញផ្នែកជំងឺប៉េស្តជ្រូកអាហ្វ្រុិក ដឹកនាំដោយ Dr. Fillip Claes បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយក្រុមការងារជំនាញអង្គការ FAO នេះនឹងធ្វើការបង្ហាញដោយសង្ខេបអំពីបច្ចុប្បន្នភាពនៃស្ថានភាពជារួមរបស់ជំងឺប៉េស្ត ជ្រូកអាហ្វ្រុិក និងវិធានការការពារ និងការទប់ស្កាត់ជំងឺដ៏គ្រោះថ្នាក់នេះនាពេលអនាគតផងដែរ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានបន្ថែមថា៖“ជាងនេះទៀត ដោយមើលឃើញពីហានិភ័យនៃគ្រោះមហន្តរាយនៃជំងឺនេះដល់ឧស្សាហកម្មជ្រូក ក្រសួងក៏បានណែនាំឱ្យប្រធានមន្ទីរ និងមន្ត្រីពេទ្យសត្វក្នុងខេត្តជាប់ព្រំដែនប្រទេសវៀតណាមទាំង7 ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តខ្លឹមសារនៃសារាចរណែនាំលេខ119 ឱ្យមានប្រសិទ្ធភាពខ្ពស់ បើថ្លោះធ្លោយនឹងត្រូវប្រឈមមុខចំពោះវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកអ្នកចិញ្ចឹមជ្រូក ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ អ្នកនាំចូលជ្រូកត្រូវចូលរួមសហការ អនុវត្តសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ថា កាលពីខែមេសា ករណីជំងឺ ASF មួយត្រូវបានរាយការណ៍នៅក្នុងខេត្តរតនគិរីដែលជាប់ព្រំដែនវៀតណាម។ ក្រសួងកសិកម្មបានបង្គាប់ថា សត្វដែលរងផលប៉ះពាល់ ត្រូវបានលុបបំបាត់ចោល និងហាមឃាត់ការចរាចរជ្រូកចេញពីខេត្ដមួយនោះ។
តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានឱ្យដឹងថា កាលពីចុងខែឧសភា ឆ្នាំ2019 ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានវាយលុកបន្ថែមទៀតទៅកាន់ខេត្តស្ថិតនៅភាគខាងត្បូងវៀតណាម ខណៈខេត្តនៅភាគខាងជើងមួយចំនួនបានផ្ទុះករណីនេះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលនាំឱ្យសត្វជ្រូកជាច្រើនក្បាលត្រូវបានសម្លាប់ និងកម្ទេចចោល ខណៈដែលប្រទេសមួយចំនួន បានផ្អាកការទិញជ្រូកពីប្រទេសវៀតណាម។
បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ជ្រូកចំនួន 55ក្បាលនៅក្នុងស្រុក ម៉ាយសូយែន (May Xuyen) នៃខេត្តសុកត្រាង (Soc Trang) ត្រូវបានពេទ្យជំនាញរកឃើញថា មានផ្ទុកទៅដោយ វីរុស ASF ដូច្នេះហើយខេត្តភាគខាងត្បូងមួយនេះបានក្លាយជាតំបន់ចុងក្រោយគេនៅវៀតណាម ដែលមានផ្ទុះករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
គួរបញ្ជាក់ថា ប្រជាជនដែលរស់នៅក្នុងតំបន់ទើបផ្ទុះករណីថ្មីៗខាងលើនេះ ត្រូវបានអាជ្ញាធរណែនាំឱ្យសម្លាប់សត្វជ្រូកដែលកើតមានជំងឺចោលទាំងអស់ ដើម្បីបង្ការការឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត។ ដោយឡែកកាលពីចុងខែឧសភាដដែល ជ្រូករាប់សិបក្បាលនៅក្នុងស្រុកក្វាងប៊ិញ (Quang Binh) នៃខេត្តហាគាំង (Ha Giang) ភាគខាងជើងវៀតណាមក៏ត្រូវបានយកទៅសម្លាប់ និងកម្ទេចចោលដែរ ក្រោយពីក្រុមជំនាញបានរកឃើញជ្រូកទាំងនោះមានផ្ទុកវីរុស ASF ឬប៉េស្តជ្រូកអាហ្វ្រិក។
អង្គការ FAO ប្រចាំនៅកម្ពុជា បានអះអាងថា នឹងជួយដល់កម្ពុជា លើវិធានការអង្កេតតាមដាន ត្រួតពិនិត្យ ការពារ និងទប់ស្កាត់ជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រ៊ិក ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានណែនាំឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវផ្តល់កិច្ចសហការឱ្យបានពេញលេញល្អ ប្រយោជន៍ដើម្បីសុវត្ថិភាពពីជំងឺប៉េស្តជ្រូកអាហ្វ្រ៊ិកក្នុងវិស័យឧស្សាហកម្ម ជ្រូកនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានទទួលស្គាល់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះ។ លោកមានប្រសាសន៍ថា ដោយសារភាពជោគជ័យរបស់ក្រសួងជាអ្នកដោះស្រាយបញ្ហា យើងជាអ្នកចិញ្ចឹមជ្រូក និងអ្នកប្រើប្រាស់ចង់សុំឱ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹងនៅតាមព្រំដែនថែមទៀត ដើម្បីទប់ស្កាត់ការនាំចូលសត្វរស់ខុសច្បាប់ ដើម្បីបង្ការពីការឆ្លងនូវជំងឺដ៏គ្រោះថ្នាក់នេះ ដែលនាំឱ្យយើងខាតបង់ច្រើន៕