ជំងឺធាត់គឺជាបញ្ហាចម្បងមួយដែលស្ត្រីភាគច្រើនមិនចង់ជួបប្រទះ ព្រោះថាបើសិនជាកើតមានលើខ្លួន នោះនឹងធ្វើឱ្យបាត់បង់ទំនុកចិត្តក្នុងការបង្ហាញរូបរាងដ៏ស្រស់ស្អាតទៅកាន់មនុស្សនៅជុំវិញខ្លួនបានឃើញជាក់ជាមិនខាន។ ជារឿយៗ ឡារ៉ែន ធ្លាប់បានជម្រាបជូនជាច្រើនដងរួចមកហើយថា ការតមអាហារដែលមិនត្រឹមត្រូវ (មិនញ៉ាំ) មិនបានផ្តល់លទ្ធផលល្អនោះទេ ផ្ទុយមកវិញប្រសិនបើអ្នកចេះពីរបៀបរបបនៃការតម ក៏ដូចជាកាត់បន្ថយការទទួលទានវិញនោះ អ្នកពិតជាបានឃើញពីលទ្ធផលជាក់ច្បាស់គួរជាទីពេញចិត្តជាមិនខាន។ គ្រានេះ គឺជាពេលវេលាដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកដែលនិយាយពាក្យថា “លាហើយចំពោះសម្លៀកបំពាក់ធំ” ដែលអ្នកធ្លាប់ពាក់កាលពីពេលកន្លងទៅ។
កាត់ចោលខ្លះ : អ្នកពិតជាមិនអាចកាត់បន្ថយបរិមាណនៃកាឡូរីក្នុងរាងកាយបានទេ ប្រសិនបើអ្នកមិនធ្វើការផ្លាស់ប្តូរអ្វីសោះនោះ។ ការកាត់បន្ថយបរិមាណនៃការទទួលទានអាហារមិនបានធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែវាអាចជួយឱ្យអ្នកស្រកទម្ងន់បានខ្លះតាមរយៈការថយចុះនៃចំនួនកាឡូរី។ អ្នកអាចមានអារម្មណ៍ថាឆាប់ហេវនៅពេលដែលអ្នកញ៉ាំតិចជាងមុន ដូច្នេះនៅពេលអ្នកហេវអ្នកក៏អាចញ៉ាំម្តងទៀតបាននៅក្នុងចន្លោះអាហារទាំង3ពេលរបស់អ្នក(ម៉ោង 9-10ព្រឹក និងម៉ោង 3-4 រសៀល)។ ផ្លែឈើគឺជាអាហារល្អបំផុតសម្រាប់បំពេញចំណង់អាហារនៅពេលអ្នកមានអារម្មណ៍ថាហេវ។
ចែកអាហារដែលនៅសល់ឱ្យតូចជាងមុន : បើដឹងខ្លួនថា អ្នកជាមនុស្សដែលចូលចិត្តបង្ហើយអាហារដែលនៅសល់នោះ អ្នកគួរតែឆ្លាតវៃក្នុងការធ្វើយ៉ាងណាឱ្យអាហាររបស់អ្នកមើលទៅនៅសល់តិចជាងមុន។ ខ្ចប់ដាក់ថង់ឬដាក់ចានផ្សេងគ្នាហើយយកទៅទុកកន្លែងផ្សេងដើម្បីកុំឱ្យឃើញហើយចេះតែនៅមិនសុខ។ បង្ហើយតែអាហារដែលនៅក្នុងចានដែលអ្នកបានឃើញទៅបានហើយ។
ទម្លាប់ទទួលទានបន្លែ : គ្រប់ពេលអាហារដែលតែងតែមានអវត្តមានបន្លែជាប់ជានិច្ចគឺជារឿងល្អបំផុត។ នៅពេលដែលអ្នកទទួលទាន បន្លែបានច្រើននោះ ការដាក់បញ្ចូលអាហារដែលសម្បូរទៅដោយជាតិខ្លាញ់មួយចំនួននឹងត្រូវបានកាត់បន្ថយ។
ចេះឃាត់ចិត្តខ្លួនឯង : ការតាំងចិត្តជារឿងសំខាន់ នៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍នៃចំណង់អាហាររបស់អ្នកបាន នោះអ្នកពិតជាអាចឈានទៅរកភាពជោគជ័យបានជាក់ជាមិនខាន។
កុំអាងមានលុយ : មនុស្សមួយចំនួនមិនដែលខ្វល់ពីអ្វីនោះទេ ឱ្យតែនឹកឃ្លាន អ្វីក៏តម្រង់ទៅរកទិញភ្លាមព្រោះអាងថា លុយមានមិនខ្វះប៉ុន្តែសូមកុំភ្លេចឱ្យសោះណាថា ការដែលទទួលទានមិនគិតនេះហើយ ដែលធ្វើឱ្យទម្ងន់របស់អ្នកឡើងស្រឺតៗដោយមិនដឹងខ្លួន៕