រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម ខេត្តកំពង់ធំ ឱ្យបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលើការងារស្រាវជ្រាវ ផលិត និងផ្សព្វផ្សាយ ប្រភេទពូជស្រូវកន្តុល Japonica ជូនប្រជាកសិករ ក្រោយពីបានសាកល្បងដាំដុះស្រូវពូជនេះប្រកបដោយជោគជ័យនៅខេត្តកំពង់ធំ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងសាកល្បងការដាំដុះពូជស្រូវកន្តុលនៅខេត្តកំពងធំៗនាពេលកន្លងទៅ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានសារទរចំពោះកិច្ចសហការ និងវឌ្ឍនភាព របស់ក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd សហគមន៍ និងសមាគមនៅខេត្តកំពង់ធំដែល សម្រេចបានជោគជ័យក្នុងការដាំដុះប្រភេទពូជស្រូវកន្តុល Japonica។
ឯកឧត្ដមក៏បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តឱ្យបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលើការងារស្រាវជ្រាវ ផលិត និងផ្សព្វផ្សាយពូជស្រូវសុទ្ធប្រភេទនេះជូនប្រជាកសិករ ដើម្បីធានាដល់គុណភាព ផលិតភាព និងទីផ្សារ និងធ្វើយ៉ាងណាជួយក្រុមហ៊ុន សហគមន៍ និងសមាគមសម្រេចឱ្យបាននូវផែនការពង្រីកការដាំដុះរហូតដល់ 300ហិកតា។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានឱ្យដឹងទៀតដែរថា ពូជ japonica នេះនឹងត្រូវនាំចេញទៅប្រទេសចិន ដែលបច្ចុប្បន្នជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd បានធ្វើការសាកល្បងដាំដុះពូជស្រូវកន្តុល Japonica នៅក្នុងទឹកដីខេត្តកំពង់ធំ។បច្ចុប្បន្នក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍កំពង់គរ ក្នុងការសាកល្បងផលិតពូជស្រូវប្រភេទនេះលើផ្ទៃដីចំនួន 8ហិកតា ដោយក្នុង 1ហិកតា ទទួលបានផល 6.5តោន ហើយចំពោះតម្លៃវិញ គឺទទួលបាន 1,000រៀល ក្នុង 1គីឡូក្រាម។ ពូជស្រូវដែលក្រុមហ៊ុនប្រគល់ជូនសហគមន៍កំពង់គរ គឺមានភាពលូតលាស់ល្អប្រសើរ ទិន្នផលខ្ពស់ ធន់នឹងអាកាសធាតុ និងជំងឺ។
លោក Huang Ming An អ្នកស្រាវជ្រាវពូជស្រូវ នៅមន្ទីរពិសោធន៍ លើពូជស្រូវ Japonica នៃក្រុមហ៊ុន Jiangsu Long An បានឱ្យដឹងថា មន្ទីរពិសោធន៍របស់លោកឥឡូវកំពុងធ្វើការដាំស្រូវនៅលើផ្ទៃដី 8ហិកតាក្នុងខេត្តកំពង់ធំជាផ្នែកមួយនៃកម្មវិធីសាកល្បង។
ក្រុមហ៊ុន Jiangsu Long An ឥឡូវបានធ្វើការចរចាកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ក្នុងតំបន់ និងមានផែនការពង្រីកផ្ទៃដីដាំដុះឱ្យបាន 300ហិកតានៅក្នុងខេត្តកំពង់ធំ។ លោកឱ្យដឹងថា ការសាកល្បងលើពូជស្រូវកន្តុលនេះ អំពីភាពសុាំនឹងអាកាសធាតុ ដីត្រូវបានធ្វើតេស្តនៅក្នុងខេត្តជាច្រើននៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2017 បន្ទាប់ពីក្រសួងនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែមករាជាមួយមន្ទីរពិសោធន៍ចិន2 គឺមជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវហ៊ូណាន និងក្រុមហ៊ុនJiangsu Long An ដើម្បីសិក្សាពីប្រភេទស្រូវរួមគ្នា។
លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Signatures of Asia បានថ្លែងថា ក្រុមហ៊ុនលោកបានសាកល្បងពូជស្រូវកន្តុលនេះ 2ទៅ 3ឆ្នាំដែរ។ លោកថា ការផលិតពូជស្រូវនេះ មិនមានជួបបញ្ហាអ្វីទេ ដោយទទួលបានទិន្នផល 4តោន ប៉ុន្តែនៅពេល លោកយកពូជស្រូវកន្តុលនេះ ទៅឱ្យកសិករដាំដុះ វាបែរជាសូវមានទិន្នផលខ្ពស់ទៅវិញ។ លោកពេជ្របានបន្តថា៖“ការដាំស្រូវកន្តុលនេះ យកទៅធ្វើជាពូជមិនមានបញ្ហាចោទទេ ដោយឡែកនៅពេលផ្តល់ឱ្យកសិករដាំ គឺបរាជ័យ។ ស្រូវកន្តុលនេះ តម្លៃក៏មិនថ្លៃដែរ តម្លៃវាលើសអង្ករសយើងប្រមាណ 150 ទៅ 250ដុល្លារប៉ុណ្ណោះក្នុង 1តោន ប៉ុន្តែតម្លៃវានៅទាបជាងអង្ករក្រអូបកម្ពុជាទេ”។ លោកពេជ្របន្តទៀតថា បើទោះបីជាលោកទិញពូជស្រូវកន្តុលនេះពីជប៉ុន និងវៀតណាមមកដាំ ក៏មិនទទួលបានជោគជ័យដែរ ប្រហែលដោយសារតែមានបញ្ហាជាមួយនឹងបច្ចេកទេសដាំដុះ។
លោកពេជ្របានឱ្យដឹងទៀតថា អ្វីដែរត្រូវធ្វើ គឺអ្នកស្រាវជ្រាវពូជ ត្រូវស្រាវជ្រាវពូជប្រភេទនេះ និងផលិតពូជនេះដោយខ្លួនឯងដែលធ្វើឱ្យមានទិន្នផលខ្ពស់។ ការដាំស្រូវ កន្តុលនៅស្រុកខ្មែរ គឺពិបាកធ្វើ ពីព្រោះមានក្រុមហ៊ុនជាច្រើនសាកល្បង តែមិនទាន់ទទួលបានជោគជ័យនៅឡើយ ដោយបានទិន្នផលមិនសូវខ្ពស់។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានមានប្រសាសន៍ថា ពូជស្រូវ Japonica មានសក្តានុពលខ្លាំង ប៉ុន្តែកម្ពុជានៅមិនទាន់បានត្រៀមខ្លួនដើម្បីដាំវាសម្រាប់គោលបំណងពាណិជ្ជកម្មនោះទេ។
លោកបានថ្លែងថា៖“បន្ទាប់ពីការធ្វើតេស្តជាច្រើនលើក យើងបានសន្និដ្ឋានថា ពូជស្រូវ Japonica អាចរីកចម្រើនយ៉ាងល្អនៅកម្ពុជាដោយមានទិន្នផលខ្ពស់”។
លោកបន្តថា ក្រុមហ៊ុនរបស់លោកក៏ធ្លាប់បានធ្វើតេស្តលើពូជមួយនេះដែរ ប៉ុន្តែលោកថា៖“ ទោះជាយ៉ាងណាក៏ដោយ ពូជស្រូវប្រភេទនេះត្រូវការទឹកច្រើន ដូច្នេះយើងត្រូវសិក្សាអំពីវិធីកាត់បន្ថយបរិមាណទឹកដែលវាត្រូវការ”។ យោងតាមលោក សារ៉ន ពូជស្រូវ Japonica អាចលក់បានយ៉ាងល្អនៅក្នុងប្រទេសកូរ៉េខាងត្បូង តួកគី និងប្រទេសមួយចំនួនទៀតនៅក្នុងសហគមន៍អឺរ៉ុប។
លោកសារ៉នថា បច្ចុប្បន្ននេះការដាំដុះស្រូវពូជJaponica នៅតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ យើងត្រូវការយ៉ាងហោចណាស់ពី 3ទៅ 4ឆ្នាំទៀតដើម្បីយល់ដឹងអំពីដំណាំស្រូវពូជនេះឱ្យកាន់តែប្រសើរឡើងទើបចូលក្នុងដំណាក់កាលពាណិជ្ជកម្ម។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសកម្ពុជាបាននាំចេញអង្ករ 626,225តោន ធ្លាក់ចុះ 1.5ភាគរយ ធៀបនឹងឆ្នាំ 2017។ ក្រុមហ៊ុនក្នុងស្រុកបាននាំចេញអង្ករ 3ប្រភេទ គឺអង្ករក្រអូប (493,597តោន ឬ 78.8% នៃការនាំចេញអង្ករ) អង្ករសគ្រាប់វែង (105,990តោន ឬ 16.9%) និងអង្ករចំហុយគ្រាប់វែង 26,638តោន ឬ 4.2%)។
ទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជានៅតែបន្តជាមួយសហភាពអឺរ៉ុបដែលបាននាំចូលជិត 270,000តោន ដែលស្មើនឹង 42.9% នៃការនាំចេញសរុប។ បើគិតតាមប្រទេសនីមួយៗ អ្នកទិញធំបំផុត គឺចិន (170,000តោន) បន្ទាប់មកបារាំង (90,000តោន) ម៉ាឡេស៊ី (40,000តោន) ហ្គាបុង (30,000តោន) និងហូឡង់ (26,000តោន)៕