រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលកំពុងដំណើរការរៀបចំបង្កើតនោះ មានគោលនយោបាយគាំទ្រដល់ការលើកកម្ពស់ផលិតភាពរបស់សហគ្រាសទាំងនោះ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមព័ត៌មានស្តីពីកិច្ចប្រជុំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការណែនាំដល់ក្រុមការងារសម្រាប់ការងារបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាឱ្យយកចិត្តទុកដាក់លើការរៀបចំផែនការអាជីវកម្មរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ពោលគឺ ដើម្បីធានាឱ្យបានថា ធនាគារនេះនឹងអាចដើរតួនាទីជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការលើកកម្ពស់ផលិតភាពរបស់សហគ្រាសធុនតូច និងមធ្យម និងការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ2015-2025។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រុមការងារធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាសិក្សាអំពីលទ្ធភាពឱ្យធនាគារជំរុញការអនុវត្តគោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលស្ថិតក្នុងវិស័យអាទិភាព ដូចជាកសិ-ឧស្សាហកម្ម វិស័យផលិតកម្ម វិស័យទេសចរណ៍ ជាដើម ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះបានពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ទី1-ផែនការអាជីកម្ម ទី2-រចនាសម្ព័ន្ធគ្រប់គ្រងធនាគារ និងទី3-កិច្ចការផ្សេង។ អង្គប្រជុំបានឯកភាពជាគោលការណ៍លើផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុរយៈពេល 3ឆ្នាំ និងការជ្រើសរើសបេក្ខភាពជាថ្នាក់ដឹក នាំជាន់ខ្ពស់របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ការកំណត់បេសកកម្មរបស់ធនាគារនេះក្នុងការជំរុញ និងគាំទ្រការផ្តល់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ជាពិសេសគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដែលបម្រើដល់ការនាំចេញ និងបង្កើតខ្សែចង្វាក់តម្លៃ ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ អង្គប្រជុំក៏លើកឡើងពីការងារចាំបាច់មួយចំនួនទៀតដែលជាមូលដ្ឋានសម្រាប់ការបង្កើត និងដំណើរការធនាគារនេះផងដែរ។
ជារួម មកទល់ពេលនេះ ការសិក្សាអំពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការរៀបចំផែនការអាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរបស់ធនាគារដើម្បីឈានដល់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវបាននិងកំពុងរៀបចំស្ទើរតែបញ្ចប់ទាំងស្រុងហើយ។ ជាមួយគ្នានេះដែរ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាត្រូវបានរំពឹងថានឹងចាប់ដំណើរការនាពេលដ៏ខ្លីខាងមុខនេះ។
សូមរំឭកថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្រេចផ្តល់ថវិកាចំនួន 100លានដុល្លារអាមេរិក សម្រាប់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕