នៅលើបណ្ដាញសង្គមហង្វេសប៊ុកនេះមុនបន្ដិច បានឱ្យដឹងឃើញថា តារាសិល្បៈជាច្រើនដួង បានចូលរួមកម្មវិធីភ្ជាប់ពាក្យរបស់តារាចម្រៀងស្រី សួស វីសា ជាមួយតារាសម្ដែងប្រុស ថមមី នៅព្រឹកថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2019 នេះ ។ កាន់តែភ្ញាក់ផ្អើលបំផុតនោះ កម្មវិធីភ្ជាប់របស់តារាស្រីរូបនេះ ហាក់បីដូចជាមិនចង់ទម្លាយព័ត៌មានឡើយ ពោលគឺរៀបចំបែបស្ងាត់ៗ។
តែយ៉ាងណាមិញ យោងតាមប្រភពពីចង្កោមអ្នកសិល្បៈ និយាយថា វីសា និងថមមី បានពិសោធស្នេហ៍ជាមួយគ្នាមួយរយៈធំមកហើយ ដែលពួកគេធ្លាប់ចែកផ្លូវគ្នាមួយរយៈទៀតផង ដោយសារមិនចុះសម្រុងគ្នា។ កន្លងមក អ្នកទាំងពីរ (វីសា-ថមមី) ធ្លាប់បានរួមរស់ក្រោមដំបូលតែមួយទៀតផង ប៉ុន្តែក្រោយពេលត្រូវរ៉ូវគ្នាជាថ្មី សម្ព័ន្ធស្នេហ៍របស់អ្នកទាំងពីរមិនទាន់ដូចដើមនៅឡើយទេ។ ប៉ុន្តែពួកគេគ្រោងនឹងរៀបការឆាប់ៗ ដើម្បីការពារចំណងស្នេហ៍ឱ្យបានកាន់តែរឹងមាំ។
យ៉ាងណាមិញ ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នៅមិនទាន់បានបញ្ចេញពេលាការឱ្យអ្នកគាំទ្របានដឹងនោះទេ អ្វីដែលសំខាន់ខណៈបានឃើញអ្នកទាំងពីរបានកាន់ដៃគ្នាដល់ចំនុចនេះ អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរឱ្យ វីសា និងស្វាមី កាន់តែមានសេចក្ដី និងស្រឡាញ់គ្នាបានយូរអង្វែងផងដែរ៕