នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រី សឿ សុធារ៉ា គេមើលឃើញអ្នកនាងពានបង្ហោះរូបភាពជាច្រើនសន្លឹក ខណៈកំពុងតែចែកអំណោយជូនលោកអ៊ំ លោកពូ អ្នកមីង ក្មេងៗ ដែលកំពុងជួបប្រទះអជីវភាពខ្វះខាតខ្លាំងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ផ្អែកលើរូបភាពជាច្រើនសន្លឹកនោះ អ្នកនាង សឿ សុធារ៉ា បានសរសេរបង្ហោះថា ”Happy birthday to me គំរប់33ឆ្នាំថ្មី។ សូមជូនបុណ្បបងប្អូនខ្មែរទាំងអស់គ្នាផងចំពោះអំណោយទេវតាសំរាប់លោកតាលោកយាយចាស់ៗទីទាល់ក្រ ចំនួន33គ្រួសារ ក្រៅពីអង្ករ....សម្តេចទាំងទ្វេលោកសប្បុរសបន្ថែមនៅទឹកប្រាក់ក្នុងម្នាក់បានចំនួន40000រៀល ហើយក្រុមការងារអំណោយទេវតានិងបន្តធ្វើគ្រប់ទីកន្លែង ស្មើៗគ្នា : Sapoun Mi Dada “វិមានខ្មែរឈ្នះឈ្នះ””។
យ៉ាងណាមិញ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា បានប្រាប់សារព័ត៌មានឡារ៉ែនថា អំណោយសប្បុរសធម៌ទាំងអស់នេះ គឺជាអំណោយទទួលបានពីសម្ដេចនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត្យ ដែលអ្នកនាងនាំយកទៅប្រគល់ជូនអ្នកខ្វះខាត នៅឯវិមានឈ្នះៗ ចំនួន៣៣គ្រួសារ។ អ្នកនាងថា ក្រៅពីអំណោយរបស់សម្ដេចសប្បុរសធម៌ទាំងពីរ អ្នកនាង និងស្វាមី ក៏បានចាត់ចែងជាអំណោយផ្សេងទៀត ដើម្បីប្រគល់ជូនផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។
អ្នកនាង សឿ សុធារ៉ា បន្ដបញ្ជាក់ដែរថា សម្រាប់ខួបកំណើតឆ្នាំនេះ អ្នកនាង មិនធ្វើពិធីជប់លៀងជាលក្ខណៈធំដុំនោះទេ ដោយអ្នកនាងយកពេលដឹកនាំក្រុមការងារសប្បុរសធម៌របស់សម្ដេចទាំងពីរ យកអំណោយទៅប្រគល់ជូនតាយាយដែលស្នាក់នៅតំបន់វិមានឈ្នះៗវិញ ដើម្បីឱ្យពួកគាត់សប្បាយចិត្ត។ អ្នកនាង និងស្វាមី ក៏មាននាទីដឹកនាំអំណោយសប្បុរសធម៌របស់សម្ដេចទាំងពីរបែបនេះ យកទៅប្រគល់ជូនគ្រួសារខ្វះខាតផ្សេងទៀតផងដែរ ដោយគ្រាន់តែការប្រគល់អំណោយកាលពីថ្ងៃទី5 មិថុនា គឺជាការប្រគល់ចំថ្ងៃខួបកំណើតរបស់ខ្លួន ហើយធ្វើឡើងចំថ្ងៃខួបកំណើតវ័យ33ឆ្នាំរបស់ខ្លួន ដើម្បីឱ្យលោកតាលោកយាយដែលនាងប្រគល់អំណោយបានសប្បាយចិត្ត៕