ដោយសង្កេតឃើញថា ទំនិញអសុវត្ថិភាពផ្ទុកសារធាតុគីមីកំពុងចរាចរយ៉ាងគគ្រឹកគគ្រេងនៅលើទីផ្សារកម្ពុជាក្រសួងឧស្សាហកម្ម និងសិប្បកម្មបានរៀបចំកិច្ចប្រជុំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយទំនិញគ្រោះថ្នាក់ទាំងនោះសំដៅធានាការពារសុវត្ថិភាពសុខភាពរបស់មនុស្ស សត្វរុក្ខជាតិ ទ្រព្យសម្បត្តិ និងបរិស្ថាន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះថាដោយពិនិត្យឃើញពីតម្រូវការចាំបាច់ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ការពារសុខមាលភាពសុវត្ថិភាពសាធារណៈ បរិស្ថាន និងសង្គម ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់គណៈកម្មាធិការក្រសួងមានតួនាទី និងភារកិច្ចសំខាន់ដើម្បីបំពេញការងារជាសេនាធិការជូនរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការសិក្សាពីកាតព្វកិច្ច និងតម្រូវការរបស់ប្រទេសជាតិលើការចូលរួមគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់សម្រាប់ធ្វើជាមូលដ្ឋាននៃការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទំនិញគ្រោះថ្នាក់ទាំងនោះឱ្យទទួលបាននូវសុវត្ថិភាពរួមទាំងការរៀបចំគ្រប់គ្រង និងបង្កើតប្រព័ន្ធទិន្នន័យជាតិផ្តល់ព័ត៌មានជាប្រចាំរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធទាក់ទងនិងទំនិញគ្រោះថ្នាក់ព្រមទាំងធ្វើការពិនិត្យវិភាគ និងវាយតម្លៃទិន្នន័យនៃភាពមិនប្រក្រតី ដើម្បីគ្រប់គ្រងទំនិញគ្រោះថ្នាក់ឱ្យបានហ្មត់ចត់ និងឱ្យមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយហានិភ័យ ធានាក្នុងការផលិត ការប្រើប្រាស់ ការដឹកជញ្ជូន ការនាំចូលការនាំចេញ និងការស្តុកទុកទំនិញគ្រោះថ្នាក់។
គួរបញ្ជាក់ថា អាជ្ញាធរនៅតាមព្រំដែនជាច្រើនតែងបើកដៃឱ្យទំនិញអសុវត្ថិភាពផ្ទុកសារធាតុគីមីទាំងនោះឱ្យចូលមកចរាចរលើទីផ្សារយ៉ាងទូលំទូលាយដោយគេមិនទាន់ឃើញមានស្ថាប័នជំនាញណាមួយមានវិធានការទប់ស្កាត់នៅឡើយទេរហូតមកដល់ពេលនេះ៕