ភ្នំពេញៈ រយៈពេល5ខែដើមឆ្នាំនេះទុនវិនិយោគលើវិស័យសំណង់មានទំហំទឹកប្រាក់4,362លានដុល្លារអាមេរិកកើនឡើង20ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ទុនវិនិយោគក្នុងវិស័យសំណង់បន្តកើនឡើងជាក់ស្តែងទុនវិនិយោគកាលពីឆ្នាំមុនមានទំហំទឹកប្រាក់ជាង8ពាន់លានដុល្លារអាមេរិកហើយក្នុងរយៈពេល5ខែដើមឆ្នាំនេះទុនវិនិយោគក្នុងវិស័យនេះបានកើនដល់4,362លានដុល្លារអាមេរិក។ លោកបន្តថា វិស័យសំណង់បានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ20ម៉ឺននាក់ក្នុងមួយថ្ងៃជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ វិស័យនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។
លោករដ្ឋលេខាធិការបានបន្តថា ស្របពេលនឹងការរីកចម្រើននេះក្រុមហ៊ុនដែលធ្វើអាជីវកម្មលើវិស័យនេះ និងបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កើនដល់1,022ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន42ក្រុមហ៊ុនសាងសង់មានចំនួន980។ នៅទូទាំងប្រទេសមានស្ថាបត្យករសរុប2,500នាក់ និងមានវិស្វករចំនួន3ម៉ឺននាក់។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងអបអរសាទរចំពោះទុនវិនិយោគលើវិស័យនេះដែលបាននិងកំពុងបន្តកើនឡើង ប៉ុន្តែលោកបានសួរពីទំហំទឹកប្រាក់ពិតប្រាកដ ដែលហូរចូលមកក្នុងវិស័យនេះថាតើមានប៉ុន្មានភាគរយពិតប្រាកដ ព្រោះអ្នកវិនិយោគខ្លះបានបំប៉ោងទឹកប្រាក់វិនិយោគរបស់ពួកគេ៕