ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥណទានសម្បទាន ចំនួន 7.64លានដុល្លារអាមេរិកដើម្បីកសាងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យកម្លាំង 100មេហ្គាវ៉ាត់នៅក្នុងប្រទេសកម្ពុជា ដែលគម្រោងនេះនឹងជួយកម្ពុជាអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពល និងបង្កើនការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ខ្លួន។
បន្ថែមលើឥណទានសម្បទានADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក៏មានឥណទានសម្បទានចំនួន 11លានដុល្លារ និងជំនួយឥតសំណង 3លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រ ជាពិសេសតាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។
បន្ថែមលើនេះ ក៏មានហិរញ្ញប្បទានឥតសំណងសម្រាប់ជំនួយបច្ចេកទេសចំនួន 500,000ដុល្លារដែលផ្តល់ដោយមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹងនៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់អគ្គិសនីកម្ពុជា(EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលជានិយតករអគ្គិសនីជាតិ អំពី បច្ចេកវិទ្យាបំប្លែងពន្លឺព្រះអាទិត្យទៅជាថាមពលអគ្គិសនី និងការរៀបចំឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ។ ADB បានរៀបចំគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលប្រទេសកាណាដា និងសិង្ហបុរី។
លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសផ្នែកបម្រែបម្រួលអាកាសធាតុរបស់ ADBបានមានប្រសាសន៍ថា ការទទួលបានប្រភពថាមពលដែលអាចទុកចិត្តបាន មាននិរន្តរភាព និងមានតម្លៃសមរម្យ គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដូចជាប្រទេសកម្ពុជា។
លោក Tharakan បន្តថា៖“ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមិនត្រឹមតែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា តាមរយៈការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ តែវាក៏នឹងជួយប្រទេសកម្ពុជាឱ្យសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីសទៀតផង”។
រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលនឹងក្លាយជាផ្នែកមួយនៃឧទ្យានជាតិពន្លឺព្រះអាទិត្យដែលមានកម្លាំង 100មេហ្គាវ៉ាត់ នឹងត្រូវដាក់ឱ្យដេញថ្លៃទៅអ្នកផលិតថាមពលឯករាជ្យជា 2ដំណាក់កាល។ ដំណាក់កាលទី1 មានបំណងផលិតថាមពលក្នុងកម្លាំង 60មេហ្គាវ៉ាត់។ ការិយាល័យភាពជាដៃគូសាធារណៈរវាងវិស័យឯកជន និងឯកជនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងដើរតួនាទីជាទីប្រឹក្សាផ្នែកប្រតិបត្តិការដើម្បីជួយដល់ EDC ក្នុងការរៀបចំ និងរៀបចំដំណើរការដេញថ្លៃបើកចំហ និងប្រកួតប្រជែង។ បើទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍបណ្តាញថាមពលនៅកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជិត 5លាននាក់នៅតែខ្វះលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់នៅឡើយ។
នៅឆ្នាំ2018 កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីតាមរយៈបណ្តាញដែលបានដំឡើងរួចរាល់ចំនួនជិត 2.175 មេហ្គាវ៉ាត់ ដោយក្នុងនោះថាមពលបានមកពីវារីអគ្គិសនីមានចំនួន 1,330មេហ្គាវ៉ាត់ ឬប្រហែល 62 ភាគរយ ហើយការផលិតថាមពលអគ្គិសនីបានមកពីឥន្ធនៈហ្វូស៊ីលមានចំនួន 780មេហ្គាវ៉ាត់ប្រហែល 36ភាគរយ។
ទោះបីជាមានពន្លឺព្រះអាទិត្យច្រើនមែន ប៉ុន្តែសមត្ថភាពបង្កើតថាមពលពន្លឺព្រះអាទិត្យ បច្ចុប្បន្ននៅក្នុងប្រទេសមានកម្រិតតែត្រឹម 10មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថា ប្រទេសកម្ពុជា អាចបន្ថែមថាមពលពន្លឺព្រះអាទិត្យបានប្រហែល 200មេហ្គាវ៉ាត់ទៅបណ្តាញចែកចាយនៅត្រឹមឆ្នាំ2021 ដោយប្រើបច្ចេកវិទ្យា និងមិនរំខានដល់បណ្តាញចែកចាយ។
គម្រោងថាមពលព្រះអាទិត្យជាតិនឹងជួយឱ្យ EDC ដែលជាសេវាផ្តត់ផ្គង់អគ្គិសនីជាតិនៃកម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង 100មេហ្គាវ៉ាត់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងទៀត រួមមានជាអាទិ៍ផ្លូវចេញចូល របង និងប្រព័ន្ធបង្ហូរទឹកនៅខេត្តកំពង់ឆ្នាំង។ គម្រោងនេះក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្កិសនី ដែលតភ្ជាប់បណ្តាញចែកចាយចម្បងនៅជិតរាជធានីភ្នំពេញដែលនឹងអនុញ្ញាតឱ្យគម្រោងនេះផ្គត់ផ្គង់ថាមពលទៅបណ្តាញចែកចាយជាតិបានផងដែរ៕