ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានលក់ភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ទៅឱ្យក្រុមហ៊ុនភ័ស្តុភារជប៉ុន Kamigumi។
JICA បានទិញភាគហ៊ុនរបស់ PAS ក្នុងអំឡុងពេលដាក់លក់ជាសាធារណៈលើកដំបូង (IPO) នៅឆ្នាំ2017 ហើយកាលពីឆ្នាំមុន JICA បានលក់ភាគហ៊ុនចំនួន 2.5ភាគរយរបស់ខ្លួនដែលមាននៅក្នុងកំពង់ផែកម្ពុជាទៅឱ្យសាជីវកម្មកំពង់ផែអន្តរជាតិ កូបេអូសាកា ដែលបាននាំយកភាគហ៊ុនរបស់ខ្លួននៅក្នុង PAS ទៅ 11%។
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី24 ខែឧសភា JICA បាននិយាយថា “កំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់នៅក្នុងប្រទេសកម្ពុជា គឺកំពង់ផែក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភ័ស្តុភារចម្បងមួយដែលគាំទ្រដល់សេដ្ឋកិច្ចជាតិកម្ពុជា”។
ចាប់តាំងពីឆ្នាំ1999មក ប្រទេសជប៉ុនបានផ្តល់ជំនួយ ODA ដល់កម្ពុជាដែលរួមមានជំនួយឥតសំណង និងហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ហើយបន្តគាំទ្រឥតឈប់ឈរសម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពគ្រប់គ្រងកំពង់ផែ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ “JICAរួមជាមួយក្រុមហ៊ុនជប៉ុនដែលមានបទពិសោធច្រើនក្នុងការគ្រប់គ្រងកំពង់ផែនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ដូចជាប្រាក់កម្ចី ODA សម្រាប់គម្រោងអភិវឌ្ឍន៍កំពង់ផែថ្មីនៅកំពង់ផែក្រុងព្រះសីហនុសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃកំពង់ផែមួយនេះ”។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ចំនួនកុងតឺន័រដែលត្រូវបានដឹកជញ្ជូននៅកំពង់ផែនេះបានកើនឡើងដល់ 540,000TEUsក្នុងឆ្នាំ2018 ដែលនេះបានបង្ហាញឱ្យឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន 290,000TEU កាលពីឆ្នាំ2013។
លោក លូ គឹម ឈុន អគ្គនាយកក្រុមហ៊ុន អេភីអេស ថ្លែងថា JICA បានសម្រេចចិត្តលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយនៅថ្ងៃទី23 ខែឧសភា។ លោក លូ គឹមឈុន មានប្រសាសន៍ថា៖“នេះជាការណ៍ល្អមួយសម្រាប់យើង ដោយសារតែក្រុមហ៊ុន Kamigumi គឺជាក្រុមហ៊ុនដឹកជញ្ជូនតាមកំពង់ផែនាំមុខគេនៅប្រទេសជប៉ុន”។
លោកបន្តថា ទោះបីជា JICA បានផ្ទេរភាគហ៊ុនទាំងអស់របស់ខ្លួនដែលមានជាមួយយើងក៏ដោយ ក៏ពួកគេនៅតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសមត្ថភាពគ្រប់គ្រងកំពង់ផែដដែល។
ដោយចាប់ផ្តើមពីគម្រោងស្តារឡើងវិញបន្ទាន់នៃកំពង់ផែក្រុងព្រះសីហនុនៅឆ្នាំ1999 តាមរយៈកម្ចីជំនួយអភិវឌ្ឍន៍ជាផ្លូវការលើកដំបូងសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីការបញ្ចប់ជម្លោះស៊ីវិលនៅក្នុងប្រទេស JICAបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់ការកសាងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែស្វយ័តមួយនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីចុងខែឧសភាកន្លងទៅ លោក Masami KUBO ជាប្រធាន និងនាយកតំណាងក្រុមហ៊ុន KAMIGUMI Co., Ltd និងលោក Kenji HOKAZONO ជាប្រធាន និងនាយកប្រតិបត្តិនៃសាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka International Port លោក KUBO បានបង្ហាញនូវបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងថ្នាក់ដឹកនាំ និងបុគ្គលិករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងពាណិជ្ជករផ្នែកដឹកជញ្ជូនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
សូមជម្រាបជូនថា ក្រុមហ៊ុនទាំង2 នេះ គឺជាម្ចាស់ចំណែកភាគហ៊ុននៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។ ក្រុមហ៊ុន KAMIGUMI Co., Ltd ត្រូវបានបង្កើតឡើងនៅឆ្នាំ1867 នៅទីក្រុងKobe ប្រទេសជប៉ុន និងជាក្រុមហ៊ុននាំមុខគេមួយផ្នែកដឹកជញ្ជូនតាមកំពង់ផែរបស់ជប៉ុន។ រីឯសាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka International Port ត្រូវបានបង្កើតឡើងដើម្បីពង្រឹងភាពប្រកួតប្រជែងអន្តរជាតិនៃកំពង់ផែ Hanshin (កំពង់ផែ Kobe និងកំពង់ផែ Osaka) តាមរយៈការជំរុញការគ្រប់គ្រងកំពង់ផែ ប្រកបដោយប្រសិទ្ធភាព។
ដោយឡែក ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុនវិញ ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គិតពីឆ្នាំ1994 រហូតដល់ត្រីមាសទី1 ឆ្នាំ2019 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនបានចំនួន 137គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ 2.5ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងផ្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងផ្គុំរថយន្ត និងសម្ភារបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើហើយ ក៏នៅមានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូចចំនួនប្រមាណ 1,700ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើន ដូចជាវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋាន ជាដើម៕