ធ្លាប់នឹកឆ្ងល់ដែរ ឬទេថា ហេតុអីបានពេលយើងប៉ះខ្លួនឯង មានអារម្មណ៍មិនដូចអ្នកផ្សេងគេប៉ះយើង? នេះជាមូលហេតុមួយដែលធ្វើឱ្យយើងមានអារម្មណ៍សប្បាយស្រួលខ្លួននៅពេលមានអ្នកមកធ្វើម៉ាស្សាច្របាច់ឱ្យយើង និងជាមូលហេតុដែលធ្វើឱ្យយើងមិនអាចរសើបដោយខ្លួនឯងបាន។
Rebecca Bohme អ្នកប្រព័ន្ធប្រសាទវិទ្យានៃមហាវិទ្យាល័យ Linkoping ក្នុងប្រទេសស៊ុយអែដ បានបញ្ជាក់ថា “នៅពេលយើងប៉ះពាល់ខ្លួនឯង អវយវៈជាច្រើនផ្នែករបស់រាងកាយយើងនឹងបន្ថយកិច្ចការងារផ្សេងៗដែលកំពុងធ្វើ”។
ខណៈពេលជាមួយគ្នា ការប៉ះពាល់ពីអ្នកដទៃជាការធ្វើឱ្យខួរក្បាលរបស់យើងជំរុញប្រព័ន្ធប្រសាទប៉ះពាល់របស់យើងខ្លាំងជាង។
ការប៉ះពាល់ពីអ្នកដទៃ ប្រៀបដូចជាការទំនាក់ទំនងគ្នារវាងយើងជាមួយអ្នកម្ខាងទៀត មិនថាការទាមទារចំណាប់អារម្មណ៍ ផ្ដល់ការគាំទ្រ ឬជាការបង្ហាញសេចក្ដីស្រឡាញ់នោះទេ ការប៉ះពាល់នីមួយៗសុទ្ធតែមានភាពពិសេស ដែលប្រព័ន្ធប្រសាទប៉ះពាល់របស់យើងអាចញែកបានយ៉ាងលម្អិត ដូច្នេះហើយទើបខួរក្បាលរបស់យើងអាចកាត់បន្ថយការផ្ដល់ភាពសំខាន់ជាមួយការប៉ះពាល់ពីយើងខ្លួនឯងបាននោះ។
“ទោះបីជាមានការប៉ះពាល់ពីអ្នកដទៃនៅក្នុងចំណុចតែមួយ ក្នុងលក្ខណៈដូចគ្នា តែខួរក្បាលអាចញែកដាច់បានយ៉ាងលម្អិតថា ការប៉ះពាល់នីមួយៗខុសប្លែកពីគ្នា ឬការប៉ះពាល់ណាសំខាន់ជាង ដោយខួរក្បាលនឹងផ្ដល់ភាពសំខាន់ជាមួយការប៉ះពាល់ពីអ្នកដទៃខ្លាំងជាងការប៉ះពាល់ពីខ្លួនឯង”។
ខួរក្បាល និងការចាក់ក្រឡេកខ្លួនឯង
ខណៈពេលជាមួយគ្នា នៅពេលខួរក្បាលជាអ្នកបញ្ជាថា ការប៉ះពាល់ណាដែលសំខាន់តិច សំខាន់ខ្លាំងនោះ តើពេលខួរក្បាលមិនប្រក្រតី ដូចជាអ្នកកើតជំងឺវិកលចរិត(ឆ្កួត) តើគេអាចចាក់ក្រឡេកខ្លួនឯងឱ្យរសើបបានសម្រេចឬទេ? តាមរយៈរបាយការណ៍សិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាខាងការធ្វើការងាររបស់ខួរក្បាល(ឆ្កួត ឬឡប់ស្មារតី) អាចចាក់ក្រឡេកខ្លួនឯងឱ្យរសើបបាន ព្រោះខួរក្បាលមិនអាចញែកភាពសំខាន់របស់ការប៉ះពាល់ម្ដងៗនោះបានឡើយ រួមទាំងរូបភាពស្រមើស្រមៃផ្សេងៗដែលអ្នកជំងឺវិកលចរិតបានឃើញ បានដឹង រហូតដល់មិនអាចញែកដាច់រវាងរឿងដែលនឹកឡើងដោយឯកឯង និងរឿងដែលកើតឡើងពិតបានទៀតផង។
ទោះជាយើងមិនអាចចាក់ក្រឡេកខ្លួនឯងឱ្យរសើបបានក៏ដោយ តែយើងអាចបានទទួលការប៉ះពាល់ពីអ្នកដទៃបាន និងមានអារម្មណ៍ពិសេសខ្លាំងជាងការប៉ះពាល់ខ្លួនឯងទៅទៀត មិនថាតែការចាប់ដៃ ឱប អង្អែលក្បាលឡើយ… ដូច្នេះ កុំភ្លេចផ្ដល់ការប៉ះពាល់ដ៏សែនពិសេសទាំងនេះទៅមនុស្សដែលអ្នកស្រឡាញ់ផងណា៎៕