ដូចដែលបានជ្រាបហើយថា ទឹកក្រូចច្របាច់ជាជម្រើសនៃភេសជ្ជៈដ៏ល្អបំផុតសម្រាប់ទទួលទានជាមួយអាហារពេលព្រឹក ព្រោះរាល់ប្រភេទនៃទឹកក្រូចច្របាច់1កែវ មានផ្ទុកនូវកាឡូរីជាង100កាឡូរី។ ដោយសារតែផ្លែឈើនេះមានប្រយោជន៍ដល់សុខភាព បច្ចុប្បន្នគេសង្កេតឃើញថា របរលក់ផ្លែក្រូចពោធិ៍សាត់ និងទឹកក្រូចច្របាច់ស្រស់ៗ ត្រូវបានលក់នៅតាមផ្លូវ ឬតាមទីសាធារណៈជាច្រើន។
ភាគច្រើននៃគុណសម្បត្តិរបស់ទឹកក្រូចច្របាច់ចំពោះសុខភាព គឺដោយសារតែវាមានផ្ទុកនូវកម្រិតដ៏ខ្ពស់នៃវីតាមីនC។ វីតាមីននេះ គឺល្អចំពោះការបង្កើតឡើងនូវជាតិកូឡាជែន ដែលជាប្រូតេអុីនម្យ៉ាងដែលរាងកាយយើងត្រូវការដើម្បីបង្កើតសរសៃចំណងឆ្អឹង សរសៃឈាម ស្បែក និងសរសៃពួរសាច់ដុំ។ វាក៏ជួយផងដែរ ក្នុងការបង្ការនូវការបំផ្លាញរបស់កោសិកាសេរី ដែលអាចធ្វើឱ្យយើងចាស់មុនអាយុ ប្រឈមនឹងជំងឺមហារីកជាក់លាក់មួយចំនួន និងការពារនូវជំងឺសរសៃឈាមបេះដូងបានផងដែរ។ ក៏ប៉ុន្ដែ ការទទួលទានទឹកភេសជ្ជៈនេះជារៀងរាល់ថ្ងៃ និងលើសបរិមាណដែលរាងកាយទទួលយកបាននោះ វាបានប្រែក្លាយទៅជានាំទុក្ខទោសដល់សុខភាពរបស់យើងទៅវិញទេ។
គេហទំព័រសុខភាពមួយបានផ្សាយថា ម្លាប់នៃការទទួលទានទឹកក្រូចច្របាច់ប្រចាំថ្ងៃ គឺបានបន្ថែមនូវថាមពលដល់រាងកាយ តែបើលោកអ្នកតែងតែមើលរំលង និងមិនបានជ្រាបថា ភេសជ្ជ:ប្រភេទនេះងាយប្រឈមនឹងរោគរលាកសន្លាក់និងគួរតែប្រុងប្រយ័ត្នក្នុងកម្រិតណានោះ អ្នកនឹងធ្លាក់ខ្លួនឈឺ មិនស្រួលខ្លួនដោយមិនដឹងពីមូលហេតុទៅវិញ។ លទ្ធផលពិសោធបានឱ្យដឹងថា អ្នកទទួលទានទឹកក្រូចច្របាច់1កែវក្នុង1ថ្ងៃ អាចមានអត្រាប្រឈមនឹងរោគរលាកសន្លាក់ដល់ទៅ41%ឯណោះ។
បើទោះបីជាទឹកក្រូចច្របាច់ គឺពិតជាជំនួយដល់កម្លាំង និងបំប៉នស្បែកក្តី ក៏ប៉ុន្តែវាក៏សម្បូរទៅដោយជាតិស្ករ ដែលចូលទៅសន្សំទុកនៅក្នុងរាងកាយរបស់អ្នក ហើយវានឹងបំលែងទៅជាអាស៊ីតយូរិក ទៅបំផ្លាញគ្រាប់ឈាម ដែលរត់ទៅចិញ្ចឹមសន្លាក់ឆ្អឹង នឹងជាចុងក្រោយ អាចបណ្តាលឱ្យហើមឬរលាកសន្លាក់ឆ្អឹងបានយ៉ាងងាយ។ ចំពោះទឹកក្រូចកំប៉ុង ឬដបវិញ ក៏បណ្តាលឱ្យឆាប់ប្រឈមនឹងរោគខាងលើនេះបំផុតផងដែរ ព្រោះនៅក្នុងភេសជ្ជៈប្រភេទនេះ មានជាតិស្ករកម្រិតខ្ពស់ និងមានអាស៊ីតកាត់ក្រពះទៀតផង។ គួរបញ្ជាក់ផងដែរថា អ្នកទទួលទានទឹកក្រូចច្របាច់ជារៀងរាល់ថ្ងៃ អត្រាប្រឈមនឹងរោគរលាកសន្លាក់មានរហូតដល់ទៅ70%ឯណោះ៕