អាការប្រតិកម្មចាញ់ញើស គឺជាអាការជំងឺនៃរោគសើស្បែក ដែលបានបង្ហាញរោគសញ្ញាចេញមកឱ្យឃើញនៅក្នុងសភាពដូចជា ឡើងកន្ទួល ពងបែក រមាស់ និងមានផ្ទាំងកន្ទួលក្រហមដូចនៅលើរាងកាយ។ វាកើតឡើងបានដោយសារបញ្ហានៃការហាត់ប្រាណ ការធ្វើការក្រោមកម្ដៅថ្ងៃខ្លាំង ដែលបង្កឱ្យកើតមានបញ្ហានៅលើស្បែកនៅពេលដែលរាងកាយរបស់អ្នកបែកញើសខ្លាំង។
បើតាមគ្រូពេទ្យជំនាញបានឱ្យដឹងថា អាការប្រតិកម្មចាញ់ញើស គឺជាអាការរោគសើស្បែកមួយប្រភេទ ដែលអាចកើតចេញពីបញ្ហាតំណពូជ និងពាក់ព័ន្ធជាមួយប្រព័ន្ធភាពស៊ាំនៃរាងកាយ ដែលហុចផលឱ្យរាងកាយមានសភាពខុសប្រក្រតី ដូចជា ក្ដៅខ្លួនខណៈពេលដែលញើសបញ្ចេញមកច្រើន ធ្វើឱ្យក្រពេញញើសងាយបញ្ចេញញើសមកក្រៅ ធ្វើឱ្យបរិវេណរន្ធញើសបញ្ចេញញើសច្រើន និងកើតអាការរមាស់ ពងបែក និងឡើងកន្ទួល ឬមានកន្ទួលជាបន្ទះពណ៌ក្រហមជាដើម។ អ្នកជំងឺដែលកើតអាការរោគប្រភេទនេះ អាចនឹងមានរោគសញ្ញាគួរឱ្យកត់សម្គាល់មួយចំនួន ដែលកើតឡើងនៅក្នុងជីវភាពប្រចាំថ្ងៃ ឬឆ្លងពីសមាជិកក្នុងគ្រួសារដែលមានរោគសញ្ញាពីជំងឺដូចជា គ្រុនផ្ដាសាយធំ គ្រុនប្រតិកម្មទឹកភ្លៀង ឬលំអងទឹកភ្លៀង ជំងឺហឺត រហូតធ្វើឱ្យអ្នកជំងឺកើតមានបញ្ហាផ្នែកបន្ទោបង់ មានប្រតិកម្មស្បែកនៅពេលហាត់ប្រាណ និងធ្វើការក្រោមកម្ដៅថ្ងៃខ្លាំង។
គ្រូពេទ្យជំនាញបានប្រាប់បន្ដទៀតថា អាការប្រតិកម្មចាញ់ញើស ក៏មានរោគសញ្ញាដែលអាចកត់សម្គាល់បានយ៉ាងងាយបំផុតមួយទៀតគឺ ស្បែកឡើងកន្ទួលរមាស់ពេញរាងកាយ។
ចំពោះកុមារអាយុពី2ខែ ទៅ2ឆ្នាំ តែងកើតមានកន្ទួលរមាស់លើស្បែកផ្នែកបរិវេណថ្ពាល់ ស្បែកមុខ ដែលជាបរិវេណស្បែកមានសភាពខ្ចី ហើយធ្វើឱ្យស្បែកកុមារឡើងក្រហមតែម្ដង។ កុមារ ឬទារកខ្លះ មានស្នាមពងគ្រាប់ពណ៌សជាខ្សែៗ ដាមនៅលើស្បែកត្រង់បរិវេណក្បែរប្រអប់មាត់ ដែលភាគច្រើនហៅថា “ចាញ់ទឹកដោះ ឬស្រែងទឹកដោះ”។ចៀសវាងការព្យាបាលដោយខ្លួនឯង ឬប្រើវិធីសាស្ត្រតាមទំនៀមទំលាប់នៅផ្ទះ ព្រោះអាចកាន់តែហុចផលអាក្រក់ដល់ក្មេងថែមទៀត។ គប្បីនាំកុមារទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។
ចំពោះកុមារអាយុ 4ឆ្នាំ ទៅ10ឆ្នាំ តែងកើតមានស្នាមរលាកនៅតាមបរិវេណគន្លាក់ដៃជើងនិងកែងដៃ ព្រមទាំងជង្គង់ ដែលខ្លះមានសភាពជាលក្ខណៈរោលរមាស់ ខ្លះឡើងបន្ទះកន្ទួលៗ និងមានពងបែក។ អាការបែបនេះ បានធ្វើឱ្យស្បែកកុមាររមាស់ខ្លះ ហើយកាលណាកាន់តែកេះ ឬអេះវា នោះវាកាន់តែធ្វើឱ្យស្បែករោលរលាកកាន់តែខ្លាំងឡើង។ អ្នកគួរតែនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យសើស្បែក ដើម្បីព្យាបាលឱ្យបានត្រឹមត្រូវ និងបានទាន់ពេលវេលា។ ចំពោះកុមារអាយុ12ឆ្នាំឡើងទៅ ភាគច្រើនគឺមានអាការស្បែកស្ងួត រលាក ហើយរមាស់ មានកន្ទួលនៅលើរន្ធរោម ឡើងគ្រាប់ៗពណ៌ខ្មៅលើរន្ធរោមដែលមិនរមាស់ តែក្រហាយស្បែក ហើយស្បែកភាយកម្ដៅតិចៗ។ អាការទាំងអស់នេះអាចព្យាបាលជាសះស្បើយ និងមិនឆ្លងទៅកាន់មនុស្សធំបានឡើយ តែអាចចម្លងទៅកាន់ទារក ឬក្មេងដូចគ្នាបាន។
បើទោះជាយ៉ាងណាក៏ដោយ យើងអាចការពារស្បែក និងកាត់បន្ថយភាពគ្រោះថ្នាក់នៃជំងឺនេះបាន ដោយអនុវត្តតាមវិធីសាស្ដ្រមួយចំនួនដូចខាងក្រោមនេះ៖
1. ចៀសវាងពីអាកាសធាតុ ឬបរិយាកាសដែលមានសីតុណ្ហភាពក្ដៅ អ្នកអាចកាត់បន្ថយកម្តៅ និងការបែកញើសដោយងូតទឹក ឬនៅក្នុងបន្ទប់ ហើយបើកម៉ាស៊ីនត្រជាក់ឱ្យត្រជាក់ខ្លាំង។
2. មិនគួរគិតច្រើន ដែលបណ្ដាលឱ្យសម្រាកមិនគ្រប់គ្រាន់ ជាហេតុធ្វើឱ្យស្បែកងាយប្រតិកម្មខុសប្រក្រតី។
3. សម្អាតកន្លែងគេ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ភួយ ខ្នើយ កន្ទេល ពូក ម៉ុង ដោយការសម្លាប់មេរោគ។
4. ឧស្សាហ៍ងូតទឹកសម្អាតរាងកាយជាប្រចាំ ខណៈពេលដែលបែកញើសខ្លាំង ឬប្រើកន្សែងស្អាតជ្រលក់ទឹកជូតខ្លួនសម្អាតញើសចេញពីរាងកាយជាដើម។
5. លាបថ្នាំព្យាបាលអាការរមាស់ តាមវេជ្ជបញ្ជាឱ្យបានទៀងពេល ឬទៅព្យាបាលនៅមន្ទីរពេទ្យសើស្បែក។ ប្រសិនបើមានអាការរមាស់ខ្លាំងមិនត្រូវប្រើប្រាស់ថ្នាំដោយខ្លួនឯងនោះទេ ជាពិសេស នៅពេលសម្គាល់ឃើញថា ស្បែកមានប្រតិកម្មជាមួយថ្នាំ ត្រូវប្រញាប់សួរគ្រូពេទ្យ ដើម្បីប្ដូរថ្នាំជាបន្ទាន់៕