ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នៅឆ្នាំ2020 ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ នឹងលែងខ្វះខាតភ្លើងអគ្គិសនីប្រើប្រាស់ដូចឆ្នាំនេះទៀតហើយ ដោយរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ជាទិញអគ្គិសនីដើរដោយធ្យូងថ្មមកពីប្រទេស2 ចំនួន 400មេហ្គាវ៉ាត់។
រដ្ឋាភិបាលបានអនុម័តរួចហើយនូវការបញ្ជាទិញអគ្គិសនីដើរដោយធ្យូងថ្មពីប្រទេសចំនួន2 គឺប្រទេសហ្វាំងឡង់ចំនួន 200មេហ្គាវ៉ាត់ និងអាល្លឺម៉ង 200មេហ្គាវ៉ាត់ សរុបមានចំនួន 400មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ។ សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា យើងត្រូវតែរៀបផែនការថ្មីចំពោះវិស័យអគ្គិសនីនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់កម្ពុជា និងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបកង្វះខាងអគ្គិសនីប្រើប្រាស់។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងបន្តថា ការខ្វះភ្លើងប្រើប្រាស់ក្នុងឆ្នាំ2019 នេះ គឺជាមេរៀនសម្រាប់កម្ពុជា ខណៈប្រទេសនេះពឹងផ្អែកខ្លាំងលើប្រភពថាមពលវារីអគ្គិសនី ដែលជួបបញ្ហាខ្វះខាតទឹកក្នុងការផលិតអគ្គិសនីនកាលពីរដូវប្រាំងកន្លងទៅថ្មីៗនេះ។
សម្តេចតេជោហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងនៅមានបញ្ហាទាក់ទិននឹងការខ្វះទឹកទៅលើការប្រើប្រាស់វារីអគ្គិសនី ដែលធ្វើឱ្យវារីអគ្គិសនីរបស់យើង គ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់។ ឆ្នាំនេះជាបទពិសោធផ្តល់មេរៀនឱ្យយើងច្រើន ដែលយើងត្រូវខិតខំរកវិធីដោះស្រាយ ដើម្បីកុំឱ្យជួបបញ្ហាច្រំដែលនេះនៅឆ្នាំខាងមុខ»។
សម្តេចនាយករដ្ឋមន្រ្តីបានបន្តទៀតថា៖ «វារីអគ្គិសនីរបស់យើងមានកម្លាំងប្រមាណជិត 1,400មេហ្គាវ៉ាត់ ក៏ប៉ុន្តែការផលិត ថ្ងៃខ្លះបានត្រឹមតែ100 ឬ 200មេហ្គាវ៉ាត់ទេ។ ថ្ងៃខ្លះបានទៅដល់ 600មេហ្គាវ៉ាត់ ឃើញថា គ្រាន់បើបន្តិច ប៉ុន្តែមិនបានគ្រប់ម៉ោងនោះទេ»។
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា រាជធានីភ្នំពេញត្រូវតែត្រៀមអគ្គិសនី 400មេហ្គាវ៉ាត់ទុក។ ក្នុងនោះ ភ្លើង (ថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ) 200មេហ្គាវ៉ាត់ នឹងត្រូវទិញពីហ្វាំងឡង់ និង 200មេហ្គាវ៉ាត់ទៀត ទិញពីអាល្លឺម៉ង់ ត្រឹមខែតុលាខាងមុខនេះ។ ការត្រៀមទុកនេះ គឺទុកប្រើក្នុងពេលដែលវារីអគ្គិសនីបញ្ចេញថាមពលមិនគ្រប់ ខណៈដែលតម្រូវការភ្លើងក្នុងរាជធានីភ្នំពេញ កើនដល់ជាង 1ពាន់មេហ្គាវ៉ាត់។ «ឆ្នាំក្រោយ គឺភ្នំពេញគ្មានហេតុផលនិយាយថា ខ្វះអគ្គិសនី ហើយត្រូវកាត់ទេ»។
សម្តេចតេជោហ៊ុន សែន ក៏បានបញ្ជាក់ទៀតដែរថា សម្រាប់ឆ្នាំនេះផងដែរយើងក៏នឹងបើកដំណើរការរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន 3ផ្សេងទៀត ក្នុងនោះរោងចក្រចំនួន1 មានសមត្ថភាពអាចផលិតបាន 373គីឡូវ៉ាត់ម៉ោង និងមួយទៀតចំនួន 370គីឡូវ៉ាត់ម៉ោង ហើយនឹងដាក់ដំណើរការថ្ងៃនេះ មានចំនួន 130គីឡូវ៉ាត់ម៉ោង។
សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន សម្តេចក៏បានជួបចរចាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ដើម្បីផ្តល់ជំនួយដល់ការលើកកម្ពស់វិស័យអគ្គិសនីនៅកម្ពុជាផងដែរ តាមរយៈការបញ្ជាទិញ និងការតបណ្តាញអគ្គិសនីពីប្រទេសឡាវមកផ្គត់ផ្គង់នៅកម្ពុជា៕