បេសកជនចំនួនប្រមាណ 2ពាន់នាក់បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាបហើយកាលពីថ្ងៃទី4 ខែមិថុនា ឆ្នាំ2019 ម្សិលមិញនេះ ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ច នៅកម្ពុជាចូលរួមអបអរសាទរ «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន 2019»។
រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានចាត់បញ្ជូនលោក ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍របស់ខ្លួនរួមជាមួយបេសកជនចិនប្រមាណ 2ពាន់នាក់ឱ្យធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជាដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន 2019» ចាប់ពីថ្ងៃទី2-8 ខែមិថុនា ឆ្នាំ2019។
បើតាមព័ត៌មានពីមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា គណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដឹកនាំដោយលោក ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី4 ខែមិថុនានេះ ក្រោមការត្រៀមទទួលស្វាគមន៍ពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍កម្ពុជា។
បើតាមព័ត៌មានពីមន្រ្តីក្រសួងទេសចរណ៍ដដែលបានឱ្យដឹងថា នៅល្ងាចថ្ងៃទី5 ខែមិថុនានេះ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយភាគីចិននឹងរៀបចំការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិននៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ បន្ទាប់មកក៏នឹងមានពិធីលៀងសាយភោជន៍ស្វាគមន៍ជូនបេសកជនចិនទាំងអស់នាល្ងាចថ្ងៃដដែលនោះផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជា-ចិនក៏បាននាំមកនូវវេទិកា «Business Matching Between Tour Operators of Cambodia and China» ឬហៅថា វេទិកាផ្គូផ្គងដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនការីទេសចរណ៍ចិន (អ្នកទិញ) ចំនួន 50ក្រុមហ៊ុន ជាមួយក្រុមហ៊ុនការីទេសចរណ៍ កម្ពុជា (អ្នកលក់) ចំនួន 50ក្រុមហ៊ុនផងដែរ។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងក្រសួងទេស ចរណ៍កម្ពុជា គឺស្របនឹងការកំណត់យកឆ្នាំ2019 ជាឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ដើម្បី ជំរុញការផ្លាស់ប្ដូរវប្បធម៌ និងទេសចរណ៍រវាងប្រជាជាតិទាំង2 កាន់តែខ្លាំងថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នេះត្រូវបានផ្តួចផ្តើមឡើងដោយ ក្រសួងវប្បធម៌ និងទេសចរណ៍ចិន សហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំង2 បន្ថែមទៀត មានដូច ជាការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធន ធានមនុស្ស និងការសម្ដែងសិល្បៈរួមគ្នាជាដើម។
គណៈប្រតិភូបេសកជនចិនទាំង 2,000នាក់ដែលបានមកទស្សនាកម្ពុជានៅពេលនេះនឹង បានឈ្វេងយល់អំពីឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កម្ពុជាដល់ប្រជាជនចិន ក៏ដូចជាទាក់ទាញអ្នកទេសចរចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតដែរ៕