ធាតុពិតអ្នកចង់ឱ្យរាងកាយគ្មានជាតិពុល ប៉ុន្តែភ័យខ្លាចមិនដឹងថា ត្រូវកម្ចាត់ជាតិពុលពីក្នុងរាងកាយបានដោយវិធីណា ទាំងបានដឹងខ្លួនហើយថា រវល់ជាមួយការងារច្រើនសឹងតែរកពេលទំនេរគ្មានសោះ។ ក្រៅពីការហាត់ប្រាណ មានអ្នកខ្លះព្យាយាមក្នុងការទទួលទានទឹកភេសជ្ជៈ ឬទឹកផ្លែឈើ ដែលខ្លួនគិតថា វាអាចជួយបណ្ដេញជាតិពុលចេញពីក្នុងខ្លួន តែអ្នកភ្លេចគិតថា វាអាចបណ្ដាលឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសគឺ ក្រពះ និងពោះវៀន។
មនុស្សស្ទើរគ្រប់រូប សុទ្ធតែមានផ្ទុកនូវជាតិពុលក្នុងខ្លួន ជាតិពុលដែលមាននៅក្នុងអាហារ និងគ្រឿងស្រវឹងទាំងនោះ បណ្តាលមកពីកត្តាមួយចំនួន ដែលតែងតែមើលរំលងដូចជា ទឹក ចំណីអាហារសម្រេច ឬអាហារកំប៉ុង និងបរិស្ថាននៅជុំវិញខ្លួនផងដែរ។ ការប្រើប្រាស់សារធាតុគីមី ដើម្បីថែរក្សាចំណីអាហារទុកបានយូរ ឬឆាប់ទទួលបានផល ក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបង្កជាតិពុលនៅក្នុងរាងកាយផងដែរ។ បញ្ហាទាំងនេះ គឺជាកង្វល់ដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋរស់នៅលើពិភពលោក ដែលកំពុងតែជួបប្រទះ វាបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរាងកាយមនុស្ស ធ្វើឱ្យសុខភាពចុះខ្សោយ ឆាប់ឈឺ និងមានសុខភាពមិនល្អ។ នៅក្នុងថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមណែនាំអ្នកឱ្យសាកល្បងវិធីសាស្រ្តងាយៗមួយចំនួន ដែលមានប្រសិទ្ធភាពក្នុងការការពារ ព្យាបាល និងកម្ចាត់ជាតិពុលចេញពីក្នុងខ្លួនមនុស្ស បានយ៉ាងឆាប់រហ័ស។
1. ខ្ពុរមាត់ជាមួយប្រេង
ស្ដាប់មើលទៅដូចជារាងប្លែកបន្តិច ប៉ុន្តែការពិតនោះគឺថា ការខ្ពុរមាត់ជាមួយនឹងប្រេង ដូចជា ប្រេងល្ង ប្រេងដូង ឬប្រេងអូលីវជាដើម អាចជួយរុញច្រាន ឬបណ្ដេញពពួកបាក់តេរីចេញពីក្នុងប្រអប់មាត់របស់អ្នក ដែលអ្នកកំពុងជួបបញ្ហាក្លិនមាត់មិនល្អ។ ក្នុងអំទ្បុងពេលអ្នកក្រោកពីដំណេក សូមប្រើប្រេងខ្ពុរមាត់ចំនួនមួយស្លាបព្រាបាយដាក់ចូលទៅក្នុងមាត់ បន្ទាប់មកសឹមដុសសម្អាតធ្មេញតាមធម្មតា វាមិនត្រឹមតែជួយសម្អាតកំណកកំបោរ និងបាក់តេរីនៅលើធ្មេញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យអ្នកមានខ្យល់ដង្ហើមស្រស់ថ្លាទៀតផង។
2. ទម្លាប់ល្អរបស់ជនជាតិចិន
តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ការទទួលទានទឹកតែ ដែលជាប្រពៃណីដ៏ពេញនិយមរបស់ជនជាតិចិន ដូចជា ប្រភេទតែបៃតង តែអ៊ូឡុង ឬតែទឹកឃ្មុំក្រូចថ្លុងជាដើម អាចជួយកាត់បន្ថយភាពតានតឹង និងបង្កើនផលិតភាពបាន។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានទឹកតែក្ដៅឧណ្ហៗ ក៏បានជួយជំរុញជាតិពុលចេញពីក្នុងខ្លួនផងដែរ ដោយការជួយសម្រួលដល់ដំណើរការប្រព័ន្ធបន្ទោរបង់បានយ៉ាងល្អ។ ហើយមានតែប្រភេទខ្លះទៀត ត្រូវបានជនជាតិចិនឱ្យតម្លៃថា ជាឱសថបុរាណចិនដ៏មានប្រសិទ្ធភាពបំផុតក្នុងការលាងគ្រាប់ឈាម ហើយជំនួយដល់សុខភាពបានយ៉ាងល្អ។
3. ការងូតទឹកក្ដៅ ឬត្រាំទឹកក្ដៅ
អ្នកប្រហែលជាគិតថា ជាតិពុលមានតែផ្នែកខាងក្នុងខ្លួនតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតវិញផ្នែកខាងក្រៅនៃរាងកាយក៏មានជាតិពុលដូចគ្នាដែរ។ ហេតុដូចនេះ នៅពេលដែលអ្នកងូតទឹក អ្នកគួរប្រើស្បៃដុសខ្លួនជាមួយនឹងសាប៊ូក្នុងការសម្អាត និងម៉ាស្សាជាចលនារាងរង្វង់ 2 ឬ3ដងក្នុងមួយសប្តាហ៍ ដើម្បីជួយឱ្យចរន្តឈាមរត់បានស្រួល និងជំរុញជាតិពុលឱ្យចេញពីក្នុងខ្លួន និងជួយកម្ចាត់បាក់តេរីដែលតោងជាប់នឹងស្បែកផងដែរ។
4. ការទទួលទានទឹកក្ដៅជំនួសទឹកកក
អ្នកគប្បីដឹងថា ទឹកកកដែលផលិតឡើង និងដាក់លក់នៅតាមទីផ្សារ ក៏មានប្រើប្រាស់សារធាតុគីមីដែលជួយឱ្យត្រជាក់ ហើយកកបានយូរ។ ក៏ដូចគ្នាដែរ ការទទួលទានទឹកកកច្រើន វាបណ្ដាលឱ្យអ្នកមានសាច់ក្បាលពោះធំដោយមិនដឹងខ្លួន។ កត្តាដែលល្អសម្រាប់សុខភាព អ្នកគួរតែទទួលទានទឹកក្តៅ 1កែវ លាយជាមួយនឹងទឹកក្រូចឆ្មារ 1ផ្លែ រួចកូរចូលគ្នាឱ្យសព្វ ទទួលទានវាជារៀងរាល់ថ្ងៃ រាល់ព្រឹក រហូតដល់អ្នកមានសុខភាពល្អប្រសើរឡើងវិញ មិនសូវមានអារម្មណ៍នឿយហត់ខ្លាំង ឬកើតអាការខ្យល់ក្នុងខ្លួន។
5. អំបិលលាងជាតិពុលក្នុងរាងកាយ
អ្នកអាចយកអំបិល 2កែវកាហ្វេ លាយទៅក្នុងធុង ឬអាងទឹក រួចចាក់ទឹកក្តៅឧណ្ហៗចូល បន្ទាប់មកត្រាំខ្លួនរបស់អ្នកនៅក្នុងអាងទឹកនោះ រយៈពេល15នាទីជាការស្រេច។ អ្នកគួរតែធ្វើបែបនេះឱ្យបាន3ដង ក្នុង1សប្តាហ៍។ តែអ្នកក៏ត្រូវដឹងថា វិធីនេះមិនបានអនុញ្ញាតចំពោះមនុស្សដែលមានជំងឺលើសឈាម និងអ្នកជំងឺបេះដូងឡើយ៕