តើអ្នកដឹងឬទេថា តើរឿងណាទៅដែលនារីៗច្រើនតែមើលរំលងនៅក្នុងរឿងរូបសម្ផស្សស្រស់ស្អាតនោះ? ថ្ងៃនេះ ឡារ៉ែន មានចម្លើយមកជម្រាបជូនដូចតទៅ។
– មិនប្រើគ្រីមថែបំប៉ន និងមិនប្រើគ្រីមការពារកម្តៅថ្ងៃ
គ្រីមថែបំប៉ន និងគ្រីមការពារកម្តៅថ្ងៃ គឺជាការការពារ និងការថែទាំស្បែកមុខក្នុងរយៈពេលវែងដ៏ល្អបំផុត ទោះជាគ្រីមដែលជ្រើសរើសប្រើនោះមិនបានផ្សំដោយសារធាតុចម្រាញ់មានតម្លៃខ្ពស់ក៏ដោយ តែការបន្ថែមជាតិទឹកដល់ស្បែក និងតាមដោយការការពារកម្តៅថ្ងៃជារៀងរាល់លើកពេលចេញពីផ្ទះ នឹងជួយពន្យឺតអាយុស្បែកបានយូរ និងថែមទាំងការពារមិនឱ្យមានសម្លាកស្នាម ជាំ និងអាចម៍រុយបានយ៉ាងល្អ។
– ប្រើផលិតផលល្បីតាមគ្នា
ផលិតផលលើកសម្រស់ដែលទិញតាមពាក្យគេប្រាប់ អាចមិនស័ក្តិសមល្អសម្រាប់អ្នក ដូចជា មេកអាប់ដែលពណ៌មិនស៊ីគ្នាជាមួយស្បែក ឡេឡូស្សិនដែលមិនស័ក្តិសមជាមួយសភាពស្បែក ឬផលិតផលដែលមានតម្លៃថ្លៃលើសការពិតជាដើម។
– មិនពិនិត្យមើលអាយុរបស់ផលិតផល
គួរប្រើផលិតផលលើកសម្រស់តាមអាយុរបស់ផលិតផលនោះ អាចសង្កេតមើលបាននៅលើស្លាកដែលបិទនៅលើដប ដែលមានបញ្ជាក់ប្រាប់ថា ប្រើបានយ៉ាងពេញប្រសិទ្ធភាពក្នុងអំឡុងពេលប៉ុន្មានឆ្នាំ ដែលផលិតផលរូបមន្តធម្មជាតិច្រើនមានអាយុខ្លីជាងប្រមាណជា2-3ឆ្នាំតាមលក្ខខណ្ឌរបស់ធម្មជាតិ។
– ចូលចិត្ត តែមិនព្រមប្រើ
ភ្លេចខ្លួនទិញផលិតផលលើកសម្រស់មកសន្សំទុករហូតប្រើស្ទើរតែមិនទាន់ ទីបំផុតក៏ត្រូវបោះចោលព្រោះផុតកំណត់។ លើកក្រោយ ចូរសាកល្បងកត់ត្រារបស់ដែលត្រូវការពិតប្រាកដរៀងរាល់ពេល ដើម្បីកុំឱ្យភ្លេចខ្លួនទិញទុកចោលទៀត នាំតែអស់លុយឥតប្រយោជន៍។
ដឹងបែបនេះហើយ នារីៗដែលមានទង្វើដូចចំណុចខាងលើនេះ គួរតែបែរមកយកចិត្តទុកដាក់រឿងរូបសម្ផស្សវិញល្អជាង៕