ក្រោយពីមានដំណឹងថាកញ្ញា ឌី សូនីតា ជាតារាសម្ដែង និងតារាចម្រៀងដ៏មានប្រជាប្រិយភាព បានត្រៀមខ្លួនចូលរោងការ ក៏មានការសាទរពីមហាជនជាច្រើនជាមួយដំណឹងនេះ។ ទោះយ៉ាងណាព័ត៌មាននេះបានធ្វើឱ្យសាមីខ្លួនមានការបារម្ភជាខ្លាំងទៅលើកេរ្ដិ៍ឈ្មោះខ្លួន។
ចូលមកដល់ឆ្នាំនេះកញ្ញា ឌី សូនីតា មានវ័យ 25ឆ្នាំ ដែលមហាជនទូទៅគិតថានាងសមល្មមនឹងចូលរោងការហើយ។ គួបផ្សំជាមួយដំណឹងខាងលើបានផ្ទុះចេញមកផងនោះ អ្នកគាំទ្ររបស់នាងជាច្រើនមានចម្ងល់ថា តើកញ្ញាឌី សូនីតា ត្រូវរៀបការជាមួយបុរសណា? បើកន្លងមកមិនដែលធ្លាប់លេចឮដំណឹងពីរឿងស្នេហាផងនោះ?។
កញ្ញា ឌី សូនីតា បានប្រាប់ថាមិនដឹងជាគេបានដំណឹងនោះមកពីណាទេ ព្រោះនាង និងគ្រួសារមិនបានដឹងពីបញ្ហានេះឡើយ។ ទោះជាយ៉ាងណានាងបានអះអាងថា ពាក្យទាំងនោះនាងមិនបាននិយាយចេញពីមាត់របស់នាងឡើយ។
តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ខ្ញុំអត់បានដឹងរឿងនេះមែន មិនដឹងថាពួកគាត់បានព័ត៌មានទាំងនោះមកពីណាទេ។និយាយតាមត្រង់ទៅ សូម្បីតែម៉ាក់ខ្ញុំក៏គាត់អត់ដឹងអីដែរ គាត់ឆ្ងល់ថា ហេតុអ្វីបានជាគេលើកយករឿងផ្ទាល់ខ្លួនខ្ញុំទៅនិយាយទាំងសាមីខ្លួនគេអត់បានដឹងបែបនេះ?»។
សូនីតា ប្រាប់ទៀតថា បើនិយាយពីពាក្យចចាមអារ៉ាមចំពោះអ្នកសិល្បៈវិញ វាស្ទើរតែក្លាយជារឿងសាមញ្ញទៅហើយ ប៉ុន្ដែសម្រាប់នាងវាជារឿងថ្មី ព្រោះតាំងពីនាងចូលសិល្បៈមកពុំដែលទទួលរងនូវពាក្យចចាមអារ៉ាម និងដំណឹងស្នេហាឡើយ។នាងបញ្ជាក់ថា គ្រាន់តែឮដំណឹងនេះភ្លាម នាងពិបាកទទួលយកណាស់ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសិល្បៈរបស់នាងផង និងបញ្ហាផ្ទាល់ខ្លួននាងផង។
បន្ទាប់ពីបញ្ចេញភាពមួហ្មងក្នុងចិត្ដហើយ កញ្ញាឌី សូនីតា បានសើចទាំងអារម្មណ៍ហួសចិត្ដ និងប្រាប់ថា ៖ «ពេលដែលមានលេចឮដំណឹងបែបនេះ គឺខ្ញុំជាអ្នកខាតបង់ ព្រោះបើមានបុរសណាម្នាក់គាត់កំពុងតែលួចស្រលាញ់ខ្ញុំ គ្រាន់តែឮដំណឹងនេះគាត់មិនខកចិត្ដបាត់ទៅហើយទេហ្អី?!»៕