ស្របពេលសង្គមកំពុងត្រូវការការអភិវឌ្ឍ និងប្រកួតប្រជែងផ្នែកទីផ្សារការងារ ការអប់រំជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់កម្ពុជា តែកន្លងមកកុមារកម្ពុជាជាច្រើនដែលជាកូនរបស់ពលករទៅធ្វើការងារនៅបរទេស បានប្រឈមនឹងបញ្ហាការសិក្សារៀនសូត្រ ប្រសិនបើពួកគេទៅតាមម្តាយឪពុកដែលធ្វើចំណាកស្រុក។ ដោយមើលឃើញពីបញ្ហានេះ ភាគីកម្ពុជា និងថៃ បានពិភាក្សាគ្នាដើម្បីធ្វើយ៉ាងណាឱ្យកុមារកម្ពុជា ដែលរស់នៅជាមួយឪពុកម្តាយដែលជាពលករទៅធ្វើការងារនៅប្រទេសថៃទទួលបានសេវាអប់រំសម្រាប់អភិវឌ្ឍសមត្ថភាពដើម្បីកសាងអនាគតឱ្យបានល្អប្រសើរ។
លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា រដ្ឋាភិបាលថៃ នឹងផ្តល់ការសិក្សាដល់កុមារកម្ពុជារយៈពេល 15ឆ្នាំពេញ ដើម្បីសិក្សានៅប្រទេសថៃដោយឥតគិតថ្លៃ។ ជាលក្ខខណ្ឌ កុមារដែលអាចទទួលបានសេវាអប់រំនេះ ចាំបាច់ត្រូវតែជាកុមារដែលមានអាណាព្យាបាលជាទេសន្តរប្រវេសន៍ស្របច្បាប់នៅប្រទេសថៃ ចំពោះអ្នកចំណាកស្រុកខុសច្បាប់មិនអាចទទួលបានការឧបត្ថម្ភនេះទេ។
លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះពលករខ្មែរប្រមាណ 1លាននាក់កំពុងស្នាក់នៅជាទេសន្តរប្រវេសន៍នៅប្រទេសថៃ ដោយក្នុងនោះកុមារដែលកើត និងរស់នៅជាមួយឪពុកម្តាយមានចំនួនប្រមាណចន្លោះពី 6% ទៅ10% នៅប្រទេសថ”។
លោកជំទាវបានបន្ថែមទៀតថា កុមារដែលរស់នៅជាមួយឪពុកម្តាយចំណាកស្រុកទៅប្រទេសថៃទាំងអស់នោះមានបញ្ហាប្រឈមជាច្រើនដែលអាចប៉ះពាល់ដល់ស្ថានភាពរស់នៅបច្ចុប្បន្ន និងអនាគតរបស់គេ។ កុមារទាំងអស់នោះភាគច្រើនមិនចេះអក្សរ ហើយថែមទាំងមិនចេះនិយាយភាសាកំណើតទៀតផង ដែលបញ្ហានេះអាចធ្វើឱ្យពួកគេមានបញ្ហាប្រឈមមួយបន្ថែមទៀត គឺមិនមានសញ្ជាតិច្បាស់លាស់។ លោកជំទាវក៏បានលើកឡើងផងដែរថា ស្ថានភាពពលករកម្ពុជាឆ្លងដែនចូលក្នុងប្រទេសថៃ បច្ចុប្បន្នមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយចំពោះការឆ្លងដែនមិនស្របច្បាប់ គឺកាន់តែប្រឈមនឹងបញ្ហាជាច្រើន ព្រោះពួកគេមានជីវភាពខ្វះខាត ហើយធ្វើការងារឆ្លងដែនផ្សងព្រេងទាំងប្រថុយគ្រោះថ្នាក់ដើម្បីចូលទៅធ្វើការងារនៅប្រទេសថៃ។ ប្រជាជនចំណាកស្រុកចូលទៅក្នុងប្រទេសថៃគិតត្រឹមឆ្នាំ 2014កន្លងទៅ មានចំនួន1,830,000នាក់ ហើយចាប់ពីឆ្នាំ 2017 រហូតមកដល់បច្ចុប្បន្ននេះ មានកំណើនប្រមាណជាង 1លាននាក់ ដោយក្នុងនោះអ្នកចូលទៅធ្វើការងារមិនស្របច្បាប់ក៏មានចំនួនច្រើនដែរ។
ស្ថាបនិក និងនាយកមូលនិធិបណ្តាញជំរុញសិទ្ធិការងាររបស់ប្រទេសថៃ លោក Sopong Sravaenបានលើកឡើងថា ការផ្តល់ឱកាសដល់កុមារកម្ពុជាឱ្យទទួលបានការសិក្សានេះ ត្រូវបានធ្វើឡើងក្រោយពេលរដ្ឋាភិបាលថៃមើលឃើញថា កុមារកម្ពុជាជាច្រើនមិនទាន់ទទួលបានការសិក្សា ហើយមិនចេះទាំងភាសាកំណើតរបស់ខ្លួនទៅទៀត ដែលកត្តាទាំងនេះអាចនឹងធ្វើឱ្យពួកគេធំឡើងក្នុងស្ថានភាពគ្មានជំនាញ។ ក្រៅពីនេះពួកគេក៏អាចប្រឈមច្រើនផងដែរពីការចាញ់បោកក្រុមជួញដូរមនុស្សទៀតផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះភាគីកម្ពុជា និងភាគីថៃ កំពុងព្យាយាមខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អលើការទប់ស្កាត់ការជួញដូរមនុស្ស និងការគាំពារសិទ្ធិអ្នកចំណាកស្រុកដោយធ្វើយ៉ាងណាជំរុញឱ្យពួកគេធ្វើចំណាកស្រុកដោយស្របច្បាប់ និងផ្តល់ការអប់រំដើម្បីឱ្យពួកគេទទួលបានវិជ្ជាជីវៈសម្រាប់យកធ្វើជាអាជីពដើម្បីចិញ្ចឹមជីវិតនៅថ្ងៃខាងមុខ។\
សម្រាប់កម្មវិធីចុះហត្ថលេខាជាផ្លូវការស្តីពីគម្រោងផ្តល់ការអប់រំរយៈពេល 15ឆ្នាំដោយឥតគិតថ្លៃនេះ ភាគីទាំង2 បានរៀបចំគម្រោងរួចរាល់ហើយ តែមិនទាន់បានកំណត់ថ្ងៃចុះអនុស្សរណៈយោគយល់គ្នាជាក់លាក់នៅឡើយទេ៕