ចាង ស៊ីវ ជឺ ទើបនឹងដំឡើងគ្រែឈើថ្មីមួយឱ្យខ្លួនឯងហើយថ្មីៗ នៅផ្នែកគែមនៃគ្រែមានក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ និងស្រស់ស្អាតបំផុត។ ខណៈកំពុងឈរមើលស្នាដៃរបស់ខ្លួនឯងនោះ ក៏ស្រាប់តែនឹកឃើញឡើងថា គ្រែឈើដ៏ស្រស់ស្អាតដល់ថ្នាក់នេះ ប្រហែលជារឿងគួរឱ្យសោកស្តាយណាស់បើសិនជាទុកវានៅតែក្នុងបន្ទប់ដើម្បីមើលតែម្នាក់ឯងបែបនេះ ដូច្នេះដើម្បីកុំឱ្យស្នាដៃដ៏ល្អបែបនេះគ្មានអ្នកណាបានឃើញនោះ ហេតុអីមិនអញ្ជើញញាតិមិត្តបងប្អូនឱ្យពួកគេមកមើលផងទៅ?
នៅពេលនឹកឃើញបែបហ្នឹង គេក៏បង្កើតឧបាយកលបន្លំធ្វើជាដេកឈឺនៅលើគ្រែ មុននឹងពឹងពាក់ឱ្យអ្នកជិតខាងទៅប្រាប់សាច់ញាតិបងប្អូន និងអ្នកស្គាល់ទាំងប៉ុន្មានឱ្យធ្វើដំណើរមកមើលគេ។ តែវាជារឿងចៃដន្យមែនទែនដែលសាច់ញាតិរបស់ចាង ស៊ីវ ជឺម្នាក់ឈ្មោះ យ៉ូ យ៉ាង ជឺ ទើបនឹងកាត់ខោថ្មីមួយហើយ និងគិតចង់យកមកបង្ហាញអួតអ្នកដទៃដែរ លុះបានឮថា សាច់ញាតិសែ ចាង ធ្លាក់ខ្លួនឈឺ ក៏ប្រញាប់ស្លៀកខោថ្មីមួយនោះទៅសួរសុខទុក្ខអ្នកជំងឺនោះភ្លាមតែម្តង។
ក្រោយពីធ្វើដំណើរទៅដល់ យ៉ូ យ៉ាង ជឺ ក៏ចាប់យកកៅអីដែលនៅក្បែរគ្រែមកអង្គុយគងអន្ទាក់ខ្លាយ៉ាងមានចេតនាចង់ឱ្យបងប្អូនដែលកំពុងដេកឈឺនៅលើគ្រែមើលឃើញម៉ូដម៉ាកខោថ្មីរបស់ខ្លួន បន្ទាប់ពីនោះក៏ហាមាត់សួរឡើងថា “ប្អូនសម្លាញ់ តើប្អូនកើតរោគអ្វីដែរ ហេតុអីបានឈឺដេកដួលដល់ថ្នាក់ហ្នឹង?។
ចាង ស៊ីវ ជឺ ដែលសង្កេតឃើញអាការ និងដឹងពីចេតនារបស់បងជីដូនមួយតាំងពីដំបូងមកម្ល៉េះនោះ ក៏លើកដៃគោះ និងអង្អែលគ្រែថ្មីរបស់ខ្លួន មុននឹងពោលឡើងទាំងញញឹមថា “លោកបង…ជំងឺដែលប្អូនកំពុងឈឺនេះ ក៏ដូចគ្នានឹងជំងឺរបស់លោកបងដែរហ្នឹងណា៎” ៕
ស្រាវជ្រាវដោយ តាវ៉ែនតា