ក្រុមយុវជនអាយុក្រោម 18ឆ្នាំរបស់កូរ៉េខាងត្បូងបានឈ្នះពានរង្វាន់ Panda Cup 2019 ដែលធ្វើឡើងនៅទីក្រុង Chengdu ប្រទេសចិនក្នុងគោលបំណងពង្រឹងបទពិសោធដល់ក្រុមយុវជនអាយុក្រោម 18ឆ្នាំរបស់ខ្លួនសម្រាប់ត្រៀមចូលរួមក្នុងពានរង្វាន់ U19 ទ្វីបអាស៊ីក្នុងពេលឆាប់ៗខាងមុខនេះ។ ពានរង្វាន់នេះមានការចូលរួមពី ក្រុមយុវជនអាយុក្រោម 18ឆ្នាំរបស់ប្រទេសនូវែលហ្សេឡង់ កូរ៉េខាងត្បូង ថៃ និងក្រុមរបស់ប្រទេសម្ចាស់ផ្ទះចិន។
បន្ទាប់ពីឈ្នះពាននេះបាន 2ថ្ងៃ ឈុតយុវជនរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានសមាគមបាល់ទាត់ទីក្រុង Chengdu របស់ប្រទេសចិនប្រកាសដកហូតពាន Panda Cup មកវិញ ក្រោយពីមានលេចចេញរូបភាពដែលបង្ហាញពីឥរិយាបថមិនសមរម្យនៅពេលអបអរការឈ្នះពានរបស់ក្រុមកីឡាករកូរ៉េខាងត្បូង។ ទោះបីជាមានការសូមទោសជាសាធារណៈក្តី ក៏ចិននៅតែសម្រេចមិនប្រគល់ពាននេះឱ្យទៅក្រុមកូរ៉េខាងត្បូងវិញដែរ៕