ជាទូទៅគេស្គាល់ថា ល្ពៅ គឺជារុក្ខជាតិបន្លែដែលយើងអាចយកមកទទួលទាន តាមរយៈការចម្អិនជាម្ហូបអាហារគ្រប់រូបបែបចាប់តាំងពីត្រួយរបស់វាឡើង។ ជាមួយគ្នានេះដែរ សាច់ពណ៌លឿងរបស់ល្ពៅ សម្បូរទៅដោយសារជាតិ បេតាខារ៉ូទីន ដែលរាងកាយយើងយកទៅបំលែងជាវីតាមីន A ហើយសារធាតុមួយនេះក៏បានជួយបន្ថយឱកាសនៃការកើតរោគមហារីកបានយ៉ាងល្អទៀតផង។ ផ្លែល្ពៅ ក៏សម្បូរទៅដោយប្រភេទវីតាមីនជាច្រើនទៀតដូចជា កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន B1 B2 និងវីតាមីន C រួមទាំងកាកសរសៃអាហារដ៏មានប្រយោជន៍ចំពោះសុខភាពទៀតផង។
ពីមួយថ្ងៃទៅមួយថ្ងៃស្បែករបស់អ្នកបានប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យ ធូលីដី និងសារជាតិពុលជាប្រចាំដែលអាចបណ្តាលឱ្យអ្នកប្រឈមនឹងហានិភ័យនៃជំងឺមហារីកស្បែកបាន។ប៉ុន្តែ គ្រាប់ និងសាច់របស់ផ្លែល្ពៅ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា អាចជួយការពារស្បែករបស់អ្នកបាន ដោយការទទួលទានផ្លែល្ពៅទាំងឆៅក៏បាន។ បើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា គ្រាប់ និងសាច់ល្ពៅមានផ្ទុកនូវសារធាតុខ្លាញ់ឆ្អែតអូមេហ្កា 3 ដែលអាចជួយការពារ និងជួសជុលកោសិកា ស្បែកបានយ៉ាងល្អទៀតផង។ មិនតែប៉ុណ្ណោះទេ វាបានជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្ក្រាបរាល់បញ្ហា ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំផងដែរ។
យ៉ាងណាមិញ ផ្លែល្ពៅ ត្រូវបានគេចាត់ចូលក្នុងក្រុមអាហារប្រភេទខ្លាញ់ឆ្អែតល្អ ដែលអាចជួយប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ ទប់ទល់នឹងរ៉ាឌីកាល់សេរី ដែលបង្កការបំផ្លាញ ឬធ្វើឱ្យមានការខូចខាតដល់ម៉ូលេគុលនៅក្នុងកោសិកា ក៏ដូចជារួមចំណែកក្នុងដំណើរការនៃភាពចាស់តាមវ័យ ជាពិសេសជំងឺមហារីកស្បែក។ សារធាតុខ្លាញ់នេះគឺវាមានប្រយោជន៍ខ្លាំងណាស់ចំពោះការអភិវឌ្ឍ ឬការរីកលូតលាស់នៃកោសិកាដ៏រឹងមាំ។
មួយវិញទៀត ផ្លែល្ពៅក៏មាននូវបណ្ដុំនៃវីតាមីន C អាចជួយបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគផ្តាសាយទូទៅ ក៏ដូចជាធ្វើឱ្យស្បែកភ្លឺរលោងផងដែរ។ ស្ត្រីដែលទទួលទានអាហារសម្បូរទៅដោយវីតាមីន C ត្រូវបានគេអះអាងថា អាចជួយការពារស្នាមជ្រីវជ្រួញ និងបញ្ហាស្បែកស្ងួតបានយ៉ាងល្អប្រសើរ។ អ្នកដែលបរិភោគអាហារមានកម្រិតវីតាមីន C មានអនុភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក និងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។ ដោយសារតែផ្លែល្ពៅមានអត្ថប្រយោជន៍ដ៏អស្ចារ្យយ៉ាងនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្របានណែនាំឱ្យគ្រប់គ្នាព្យាយាមទទួលទានផ្លែល្ពៅ ជារបបអាហារឱ្យបានញឹកញាប់ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងបរិបូរចំពោះសុខភាពរាងកាយ និងការពារជំងឺអាក្រក់ផ្សេងៗ៕