ស្ករត្នោតដែលធ្លាប់តែប្រើប្រាស់ជាគ្រឿងផ្សំដាក់ក្នុងអាហារ ;និងបង្អែមនោះ វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីថែរក្សាសម្រស់ផ្ទៃមុខផងដែរ។ វិធីផ្សំផលិតផលថែរក្សាសម្រស់បែបធម្មជាតិនេះ អ្នកគ្រាន់តែយកស្ករត្នោត មួយស្លាបព្រាបាយដាក់ក្នុងកូនចានតូចមួយ ហើយបន្ថែមទឹកបន្តិចច្របល់បញ្ចូលគ្នាឱ្យសព្វ រួចយកមកលាបលើផ្ទៃមុខ និងម៉ាស្សាក្នុងចលនាជារង្វង់ថ្នមៗ ហើយលាងជម្រះចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកចាំបាច់ត្រូវម៉ាស្សា ដើម្បីជម្រុះកោសិកាស្បែកដែលងាប់ៗចេញ ព្រោះវាជាមូលហេតុធ្វើឱ្យស្បែករបស់អ្នកស្រអាប់។ ហើយអ្នកក៏អាចប្រើប្រាស់ស្ករត្នោតដើម្បីធ្វើជាស្ក្រាប់បានផងដែរ។
1. ស្ក្រាប់បបូរមាត់ ដើម្បីឱ្យបបូរមាត់ទន់រលោង
ស្ក្រាប់លាបបបូរមាត់ ដែលផ្សំពីស្ករត្នោតនេះ អាចជួយឱ្យបបូរមាត់មានសំណើម រលោង និងមានពណ៌បែបធម្មជាតិ។
គ្រឿងផ្សំ
– ស្ករត្នោតចំនួន 4ស្លាបព្រាបាយ
– ប្រេងដូង ទឹកឃ្មុំ និងម្សៅសម្បកឈើអែម1ស្លាបព្រាបាយ
វិធីធ្វើ
– ជាមួយនឹងវិធីនេះ អ្នកត្រូវយកស្ករត្នោតចំនួន 4ស្លាបព្រាបាយ ប្រេងដូង ទឹកឃ្មុំ និងម្សៅសម្បកឈើអែម (រកទិញនៅតាមផ្សារទំនើប) ចំនួន 1ស្លាបព្រាបាយស្មើគ្នា ដោយចាក់លាយគ្រឿងផ្សំទាំងបួនមុខនេះចូលគ្នាឱ្យសព្វល្អ។
– បន្ទាប់មកយកវាមកត្រដុសថ្នមៗនៅលើបបូរមាត់របស់អ្នកមួយសន្ទុះ រួចហើយលាងសម្អាតបបូរមាត់ចេញជាធម្មតា។ ចំណែកឯល្បាយដែលនៅសល់ អ្នកអាចរក្សាទុកឱ្យបានត្រឹមត្រូវក្នុងក្រឡបិទជិត ហើយទុកនៅក្នុងទូទឹកកក ដើម្បីទុកប្រើប្រាស់នៅពេលក្រោយទៀត។
2. ស្ក្រាប់ស្បែកមុខ ជួយឱ្យស្បែកទន់ និងមានសំណើម
វិធីនេះអាចជួយឱ្យស្បែកមុខរបស់អ្នកមានភាពទន់រលោង និងផ្តល់សំណើមដល់ស្បែកមុខបានយ៉ាងល្អប្រសើរ។
គ្រឿងផ្សំ
-ចេកទុំ 1ផ្លែ
-ស្ករត្នោត 2ស្លាបព្រាបាយ
វិធីធ្វើ
– វិធីនេះ ជំហានដំបូងអ្នកត្រូវយកផ្លែចេក
– ទុំកិនវាឱ្យម៉ដ្ឋល្អ (ចេកទុំមួយផ្លែ) រួចយកស្ករ
– ត្នោតចំនួន 2ស្លាបព្រាបាយចាក់លាយចូលគ្នារហូតដល់សព្វល្អ ដើម្បីចៀសវាងនៅដុំៗ។
– បន្ទាប់មកលាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នក រួចទុកប្រហែល5នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា និងជូតឱ្យស្ងួតជាការស្រេច។
គួរបញ្ជាក់ផងដែរថា វិធីទី2នេះមានប្រសិទ្ធភាពជួយឱ្យស្បែកមុខមានភាពទន់រលោង និងផ្តល់សំណើមដល់ស្បែកមុខរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។
3. ស្ក្រាប់ដុសមុខ កម្ចាត់ស្លាកស្នាម និងបន្តឹងស្បែកមុខ
ចំណែកវិធីមួយនេះវិញមិនត្រឹមតែអាចកម្ចាត់ស្នាមប្រហោងនៅលើផ្ទៃមុខ ដែលបណ្តាលមកពីការកើតមុនប៉ុណ្ណោះទេ វាថែមទាំងអាចបន្តឹងស្បែកមុខឱ្យតឹងណែនស្អាតទៀតផង។
គ្រឿងផ្សំ
– ស្ករត្នោតចំនួន 2ស្លាបព្រាបាយ
– យ៉ាអួ 1កំប៉ុង
វិធីធ្វើ
– ជាដំបូងអ្នកត្រូវយកស្ករត្នោតចំនួន 2ស្លាបព្រាបាយ លាយជាមួយនឹងយ៉ាអួ កន្លះពែង កូរចូលគ្នាឱ្យសព្វល្អ។
– បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខ ដោយដុសរាងជារង្វង់ថ្នមៗប្រហែល 5នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា រួចជូតមុខឱ្យស្ងួតជាការស្រេច
4. ស្ក្រាប់ដុសប្រអប់ជើង ឬប្រអប់ដៃ ឱ្យទន់រលោង បំបាត់អាការរលាក
ចំពោះវិធីនេះ វាអាចជួយសម្អាតស្បែករបស់អ្នកបានស្អាតល្អ និងជួយព្យាបាលស្បែកពីការរលាក ឱ្យឆាប់ជាសះស្បើយ។
គ្រឿងផ្សំ
– ស្ករត្នោត 1ពែង
– ប្រេងអូលីវ ឬប្រេងដូង 1/4ពែង – ស្ករស 1/4ពែង
វិធីធ្វើ
– ជាដំបូង អ្នកត្រូវយកស្ករត្នោត 1ពែងលាយជាមួយនឹងស្ករស 1/4ពែង និងប្រេងអូលីវ ឬប្រេងដូង 1/4ពែង ដោយកូរវាឱ្យរលាយចូលគ្នាបានសព្វល្អ ទើបយកល្បាយនោះមកលាបនៅលើប្រអប់ជើង ឬប្រអប់ដៃ ហើយធ្វើការម៉ាស្សាថ្នមៗ ប្រហែល5 ទៅ10នាទី ទើបលាងសម្អាតចេញជាការស្រេច។
– ប្រសិនបើល្បាយនេះនៅសល់ អ្នកអាចរក្សាទុកនៅក្នុងក្រឡបិទជិតល្អ ដោយដាក់នៅក្នុងទូទឹកកក ដើម្បីរក្សាបានយូរសម្រាប់ប្រើប្រាស់នៅពេលក្រោយក៏បាន៕