កាលពីឆ្នាំ 2000 តារាឯកប្រុស ទេព រិន្ទដារ៉ូធ្លាប់បានសម្ដែងក្នុងរឿង «កូនពស់កេងកង» ដែលជាស្នាដៃដឹកនាំដោយលោក ហ្វៃ សំអាងម្តងហើយ ដែលនៅគ្រានោះ លោក ដារ៉ូ ក៏បានសម្ដែងជាតួអង្គសត្វពស់កេងកងដូចគ្នានឹងវណ្ណកម្មថ្មីរបស់ស្ថានីយទូរទស្សន៍ PNN ដែលទើបសម្ពោធកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2017 នៅក្នុងបន្ទប់សិក្ខាសាលានៃសណ្ឋាគារភ្នំពេញនេះដែរ ។
តែ អ្វីដែលប្រិយមិត្តមិនអាចស្មានដឹងនោះគឺ ការសម្ដែងជាតួអង្គពស់នៅក្នុងរឿង «ពស់កេងកង» នេះ លោក ទេព រិន្ទដារ៉ូ សម្ដែងបានយ៉ាងល្អឥតខ្ចោះ ទាំងការលេងទឹកមុខ កាយវិការ ធ្វើដូចជាបុរសម្នាក់មិនចេះខ្លាចសត្វពស់សោះអ៊ីចឹង តែនៅក្រៅឆាកសម្ដែងវិញទើបគេដឹងថា លោកជាបុរសម្នាក់ដែលមហាសែនខ្លាចសត្វពស់ មិនថាកូនពស់ មេពស់ ឬឪពស់នោះទេ គ្រាន់បានឃើញភ្លាមលោកខ្លាចឡើងញ័រដៃញ័រជើងខ្លាំងជាងខ្លាចខ្មោចលងទៅទៀត។ លោកបានប្រាប់ថា នៅពេលដែលលោកចូលសម្ដែង គឺត្រូវយកសត្វពស់ទៅទុកឱ្យឆ្ងាយពីលោក កាន់តែឆ្ងាយកាន់តែល្អ ។
លោក ទេព រិន្ទដារ៉ូ បានថ្លែងថា «ពេលខ្ញុំដល់វេនសម្តែង ត្រូវយកតួពស់ចេញ ទើបខ្ញុំហ៊ានចូលសម្ដែង ឱ្យតែពស់គឺខ្លាចតែម្តង លើកលែងតែពោះមនុស្សប៉ុណ្ណោះដែលមិនខ្លាច»។ ក្នុងរឿងពស់កេងកង របស់ស្ថានីយ៍ទូរទស្សន៍ PNN នេះគឺលោកត្រូវសម្ដែងជាដៃគូជាមួយកញ្ញា ដួង ម៉ានិច ដែលសម្ដែងជាតួអង្គនាងនី ដែលខុសកាលពីរឿងមុន លោកធ្លាប់សម្ដែងជាមួយអ្នកនាង អម្ពរ ទេវី និងនៅក្នុងរឿងថ្មីនេះផងដែរ ថែមទាំងមានឈុតស្នេហារោលរាលស៊ីជម្រៅរវាងមនុស្ស និងសត្វពស់ និងមានឆាកមនុស្សជាមួយពស់ប្រែកាឡាចុះឡើង ទាំងឈុតនៅក្នុងទឹក ទាំងឈុតនៅលើគ្រែ ធានាថាមិនអាចឱ្យទស្សនិកជនប៉ប្រិចភ្នែកបានឡើយ ។
ជាចុងក្រោយលោកបានផ្ដាំផ្ញើស្នាដៃសម្ដែងក្នុងរឿងនេះជូនដល់ប្រិយមិត្តទស្សនិកជនដែលនិយមគាំទ្ររឿងភាគក្នុងទូរទស្សន៍ PNN ឱ្យជួយបន្ដគាំទ្ររឿងភាគថ្មីមួយនេះរបស់លោកផង និងរឿងថ្មីមួយទៀតដែលលោកបានចូលរួមសម្ដែងផងដែរនោះគឺ ខ្សែភាពយន្ដខ្នាតធំរឿង «ហ្លួងព្រះស្ដេចកន» ក្រោមស្នាដៃដឹកនាំរឿងរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលនឹង បញ្ជាំងនៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ៕