មនុស្សភាគច្រើនគិតទៅដល់ការការពារសក់ជ្រុះ នៅពេលដែលពួកគេបានប្រឈមនឹងបញ្ហាជ្រុះសក់រួចទៅហើយ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមថែរក្សា និងការពារបានឆាប់ជាងនេះនោះ ធានាថាអ្វីៗគ្រប់យ៉ាងនឹងកាន់តែមានភាពងាយស្រួលឡើង។ អនុវត្តតាមបែបបទនៃជីវិតដែលពេញដោយផាសុកភាព មើលថែសក់ ចៀសវាងសកម្មភាព ឬប្រើផលិតផលអ្វីដែលធ្វើឱ្យប៉ះពាល់ដល់សក់ និងសម្របខ្លួនជាមួយនឹងការថែរក្សាសក់តាមបែបធម្មជាតិ គឺជាអ្វីដែលអ្នកគួរធ្វើដើម្បីឱ្យសក់របស់អ្នកស្គាល់តែភាពរឹងមាំ មិនជ្រុះដោយងាយឡើយ។ សូមអនុវត្តតាមបែបបទនៃជីវិតដែលពេញដោយផាសុកភាព នោះធានាថា សក់របស់អ្នកនឹងមិនជ្រុះឡើយ។
សក់ក៏មិនខុសអីពីស្បែក និងក្រចកដែរ គឺវាត្រូវការការថែរក្សាដែលប្រកបដោយផាសុកភាព។ ប្រសិនបើអ្នកជាមនុស្សដែលមានសុខភាពល្អបរិបូរនោះ សក់របស់អ្នកក៏មើលទៅស្រស់ស្អាតដែរ។ បើសក់ជ្រុះអាចជាបញ្ហាដែលបណ្តាលមកពីសុខភាពរបស់អ្នក។ ដូច្នេះសូមចាំថា សក់មានសុខភាពល្អ មិនជ្រុះចេញទៅណាបានទេ បើសុខភាពរាងកាយទាំងមូលរបស់អ្នកដំណើរការទៅយ៉ាងល្អបំផុតនោះ។ វីតាមីន B ជាតិដែក កាល់ស្យូម ស័ង្កសី ប្រូតេអីុន និងទឹក គឺជាជំនួយការដ៏សំខាន់ក្នុងការជួយឱ្យសក់មានសុខភាពល្អ។
របៀបមើលថែសក់
សក់កខ្វក់ គ្មានអនាម័យ ជាផ្នែកមួយដែលនាំឱ្យសក់ជ្រុះ ដូច្នេះរឿងមួយទៀតដែលអ្នកត្រូវចាំនោះគឺ រក្សាភាពស្អាតឱ្យសក់ជាប់ជានិច្ច។ ប្រើសាប៊ូកក់សក់ និងផលិតផលថែរក្សាសក់ដែលមានគុណភាពល្អ។ កាត់តម្រឹមសក់ក៏ជាផ្នែកដែលនាំឱ្យសក់មើលទៅមានផាសុកភាព និងកាត់បន្ថយសភាពបែកចុងដែរ។
ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សក់
វាជារឿងដែលអ្នកណាៗក៏ដឹង រហូតដល់ថ្នាក់មិនចាំបាច់ត្រូវប្រាប់ ប៉ុន្តែយ៉ាងណាក៏វានៅតែជាចំណុចដែលអ្នកត្រូវតែសង្កត់ធ្ងន់ ព្រោះថាសម័យនេះស្ត្រីភាគច្រើនតែងតែភ្លេចខ្លួនតាមរយៈការអនុវត្តវិធីខុសឆ្គងមួយចំនួនដូចជា ទាញ ឬចងសក់តឹងពេក អ៊ុតត្រង់ មូររួញ និងការសិតសក់ទាំងវានៅសើមជាដើម។
សម្របខ្លួនជាមួយនឹងការថែរក្សាសក់តាមបែបធម្មជាតិ
សំដៅដល់ការថែរក្សាសក់តាមវិធីធម្មជាតិ ដូចជា ការជំនួយដោយប្រេងពីធម្មជាតិ និងម៉ាសអប់សក់ធម្មជាតិជាដើម។“ការពារប្រសើរជាងព្យាបាល” សូមចាំឱ្យច្បាស់ប្រយោគមួយនេះ ព្រោះវាជាកម្លាំងចិត្តក្នុងការជួយឱ្យអ្នកឆាប់ចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការការពារបញ្ហាសក់ជ្រុះ៕