ស្ត្រីភាគច្រើនអាចនឹងមានសំណាងល្អ ដែលអាចគេចផុតពីការប្រតិកម្មចាញ់ផលិតផលគ្រឿងសម្អាងដែលខ្លួនបានប្រើប្រាស់ ប៉ុន្តែមិនមែនស្ត្រីគ្រប់រូបសុទ្ធតែមានឱកាសអាចគេចផុតពីអាការប្រតិកម្មចាញ់បែបនេះនោះទេ។ ធ្វើដូចម្តេចដើម្បីឱ្យគេចផុតពីការប្រតិកម្មជាមួយនឹងផលិតផលគ្រឿងសម្អាងអស់ទាំងនេះ? អត្ថបទខាងក្រោមគឺជាជំនួយការដ៏ល្អរបស់អ្នកដែលកំពុងប្រឈមជាមួយនឹងបញ្ហាប្រតិកម្មចាញ់គ្រឿងសម្អាង។
– រកផលិតផលណាដែលមានធាតុផ្សំតិចបំផុត ព្រោះបើកាលណាសារធាតុផ្សំកាន់តែតិចឱកាសនៃការកើតមានប្រតិកម្មចាញ់ក៏មានកាន់តែតិចដូចគ្នា។
– សាកល្បងផលិតផលនោះសិនមុននឹងយកវាមកប្រើលើស្បែករបស់អ្នក ជាពិសេស្បែកមុខរបស់អ្នក ដោយការយកគ្រឿងសម្អាងនោះបន្តិចមកសាកលើ-កដៃ រួចរង់ចាំ48ទៅ72ម៉ោង។ ប្រសិនបើកើតមានអាការរោល ហើម ឡើងក្រហម ឬរមាស់ កើតឡើងនោះ គួរកុំប្រើផលិតផលនោះអី។
– គួរបាញ់ទឹកអប់នៅលើសម្លៀកបំពាក់ មិនមែននៅលើស្បែករបស់អ្នកនោះទេ។ ការធ្វើបែបនេះជាការជួយកាត់បន្ថយឱកាសនៃការកើតមានប្រតិកម្មចាញ់នៅលើស្បែករបស់អ្នក។
– បើទោះជាមានការអះអាងនៅលើផលិតផលថា បានធ្វើការសាកល្បងរួចហើយ ហើយវានឹងមិនធ្វើឱ្យរមាស់ រលាក ឬហើមនៅលើស្បែកក្តី ក៏កុំអាលជឿជាក់ទាំងស្រុងដែរ ព្រោះការសាកល្បងនេះត្រូវបានធ្វើឡើងនៅលើស្បែករបស់អ្នកផ្សេង មិនមែនជាស្បែករបស់អ្នកនោះទេ ព្រោះស្បែកមនុស្សគឺមិនដូចគ្នានោះទេ។ ដូច្នេះអ្នកត្រូវស្គាល់ពីប្រវត្តិរបស់ផលិតផល ឬបានសាកល្បងនៅលើស្បែករបស់អ្នកជាមុនសិន។
សូមចងចាំថា ប្រសិនបើឃើញថា ស្បែករបស់អ្នកមានប្រតិកម្មជាមួយផលិតផលនោះ សូមបញ្ឈប់ការប្រើប្រាស់ភ្លាមៗ ដើម្បីកុំឱ្យស្ថានភាពនៃប្រតិកម្មចាញ់នេះកាន់តែយ៉ាប់ឡើងថែមទៀត៕