ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យ Korea Soongsil Cyber (KCU) នៃសាធារណរដ្ឋកូរ៉េ លើគម្រោង «កែលម្អបរិស្ថានសិក្សា និងអភិវឌ្ឍធនធានមនុស្ស។
កិច្ចព្រមព្រៀងដ៏សំខាន់នេះនឹងជួយដល់ការអប់រំនៅកម្ពុជាចំនួន 10ចំណុច ដូចជាទី1 គឺព្រមព្រៀងបង្កើតស្ទូឌីយោសម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីធ្វើជាមជ្ឈមណ្ឌលក្នុងការផលិតមាតិកាអប់រំ។ ទី2 បង្កើតកម្មវិធីផ្លាស់ប្តូរមន្ត្រីអប់រំដើម្បីសិក្សាស្វែងយល់ពីជំនាញបន្ថែម។ ចំណុចទី3 គឺបង្កើតកិច្ចសហការលើគម្រោងស្រាវជ្រាវ។ ទី4 ជំរុញការអភិវឌ្ឍការបង្រៀន និងរៀនឱ្យកាន់តែប្រសើរឡើង។ ទី5 ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីពាក់ព័ន្ធនៅកម្ពុជា។ ទី6 រៀបចំសិន្និសីទ និងសិក្ខាសាលាដល់ភាគីពាក់ព័ន្ធ។ ទី7 ការផ្លាស់ប្តូរព័ត៌មានសិក្សា និងសម្ភារសិក្សា។ ទី8 ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។ ទី9 អភិវឌ្ឍមាតិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងទី10 គឺបង្កើតវេទិកាសិក្សា (platform) តាមប្រព័ន្ធអេឡិចត្រូនិក។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងបណ្ឌិត Chung Moosung សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Korea Soonsil Cyber (KCU)៕