ទោះជាកញ្ញា ធី វ៉ាន់នីវ៉ា ជាតារាសិល្បៈមានបទពិសោធតិចតួចក្នុងការសម្ដែងក៏ដោយ ប៉ុន្ដែទេពកោសល្យរបស់នាង បានទាក់អារម្មណ៍របស់អ្នកដឹកនាំរឿងឱ្យទទួលយកនាងសម្ដែងពីមួយរឿងទៅមួយរឿងដោយគ្មានការស្ទាក់ស្ទើរឡើយ រហូតមានការលើកឡើងពីមិត្ដភ័ក្ដិជាតារាសម្ដែងដូចគ្នាថា នាងកំពុងតែឈោងចាប់ងារជាតារាសិចស៊ីប្រចាំផលិតកម្មមហាហង្សហើយ។
បច្ចុប្បន្នកញ្ញា ធី វ៉ាន់នីវ៉ា កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីការសម្ដែងនៅក្នុងរឿង «មន្ដស្នេហ៍លេខា» ជាវណ្ណកម្មរបស់មហាហង្ស ដែលកំពុងចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ PNN។ អ្វីដែលធ្វើឱ្យនាងទទួលបានការគាំទ្រនោះ គឺចរិតនៃការសម្ដែងជាតួអង្គសិចស៊ី ដូច្នេះទើបរឿងនេះមិនទាន់បញ្ចប់ការចាក់បញ្ចាំងស្រួលបួលផង នាងក៏ទទួលបានការងារក្នុងរឿងថ្មីមួយទៀតបាត់ទៅហើយ គឺរឿងដែលមានចំណងជើងថា៖ «មរតកចុកឈាម» ដែលអ្នកដឹកនាំរឿងតម្រូវឱ្យនាងសម្ដែងជាតួអង្គសិចស៊ី និងមានចរិតច្រណែនឈ្នានីសទៀតផង ។
កញ្ញា ធី វ៉ាន់នីវ៉ា បញ្ជាក់ថា បើទោះជានាងមានបទពិសោធក្នុងការសម្ដែងតិចតួចមែន តែនាងហាក់ពុំមានការលំបាកក្នុងការសម្ដែងឡើយ ដោយសារតែចរិតតួអង្គដែលនាងសម្ដែងនោះ វាស៊ីគ្នាហ្នឹងចរិតពីធម្មជាតិរបស់នាងដែលនិយមការស្លៀកពាក់សិចស៊ីហ្នឹងឯង។ វ៉ាន់នីវ៉ា បន្ដថានាងក៏មិនបានដឹងច្បាស់ដែរថា សមត្ថភាពនៃការសម្ដែងរបស់នាងមានកម្រិតណានោះទេ តែនាងហ៊ានត្រឹមតែគិតថា ប្រហែលជាការសម្ដែងរបស់នាងទទួលបានការគាំទ្រហើយ ទើបផលិតកម្មមហាហង្សតម្រូវឱ្យនាងសម្ដែងជាតួអង្គមានចរិតដដែលនៅក្នុងរឿងភាគថ្មីមួយទៀត។
គួរបញ្ជាក់ថារឿង «មរតកចុកឈាម» ជាខ្សែរឿងភាគបែបមនោសញ្ចេតនា មានឈុតឆាកច្រណែនឈ្នានីស កាច់កុងលាយឡំនឹងល្បិចកិច្ចកល។ រឿងនេះមានចំនួន45 ភាគនឹងត្រូវដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍រយៈពេលបីខែខាងមុខនេះ។
ជាមួយគ្នានេះដែរ កញ្ញាធី វ៉ាន់នីវ៉ា រំពឹងថា នៅក្នុងរឿងថ្មីនេះនាងនឹងទទួលបានការគាំទ្រមិនចាញ់រឿងមុនឡើយ ព្រោះនាងបានតាំងចិត្ដថា នឹងខំប្រឹងសម្ដែងឱ្យកាន់តែល្អជាងមុន បើទោះជាត្រូវជួបឧបសគ្គបែបណាក៏ដោយ ពិសេសត្រង់ចំណុចដែលត្រូវសិចស៊ី ដើម្បីជាការទាក់ទាញយកការគាំទ្រពីមហាជន។
ទោះយ៉ាងណាកញ្ញា វ៉ាន់នីវ៉ា បានអះអាងថា៖ «ការប្រឹងបញ្ចេញឱ្យអស់សមត្ថភាពក្នុងការសម្ដែងឈុតសិចស៊ីក្នុងរឿងថ្មីនេះ ខ្ញុំគិតថាអាចមានអ្នកគាំទ្រច្រើនជាងអ្នករិះគន់ ព្រោះការសម្ដែងរបស់ខ្ញុំផុសចេញពីបេះដូង និងអារម្មណ៍សិល្បៈ មិនមែនធ្វើឡើងបែបអាក្រក់ហួសហេតុដែលធ្វើឱ្យមហាជនមិនអាចទទួលយកបាននោះទេ។ ផ្ទុយទៅវិញអ្នកស្រឡាញ់ និងឱ្យតម្លៃសិល្បៈនឹងយល់ពីតម្លៃនៃការលះបង់របស់ខ្ញុំ»៕