បញ្ហាផលប៉ះពាល់បរិស្ថាន និងការបំពុលបរិយាកាសបានក្លាយជាប្រធានបទក្តៅមួយសម្រាប់ពិភពលោក។ ថ្មីៗនេះប្រទេសធំៗ បានប្រជុំគ្នាក្នុងការធ្វើយ៉ាងណាទម្លាក់ខ្ទង់ចំណាយដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុសកល ស្របពេលដែលប្រទេសនីមួយៗក៏កំពុងចាប់ផ្តើមរៀបចំទីក្រុង និងតំបន់របស់ខ្លួនឱ្យប្រសើរឡើងតាមរយៈយន្តការនៃការស្តារឡើងវិញឬប្រើប្រាស់វិធីឆ្លាតវៃដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។
ស្របពេលជាមួយគ្នានេះ អង់គ្លេសគ្រោងនឹងដាំដើមឈើឱ្យបាន 1លានដើម នៅតាមតំបន់សំខាន់ៗរហូតដល់ឆ្នាំ2022 នេះបើតាមការដកស្រង់ការចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក។ យោងតាមការបញ្ជាក់ពីរដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា ការដាំដើមឈើនៅក្នុងទីក្រុង និងតំបន់ប្រជុំជន អាចជួយទប់ស្កាត់បញ្ហាបម្រែប្រួលអាកាសធាតុបានយ៉ាងល្អ ព្រោះវាអាចទប់ស្កាត់ផលប៉ះពាល់ និងកាត់បន្ថយជាតិពុលចេញពីយានយន្ត និងរោងចក្រឧស្សាហកម្មជាដើម។ ក្រៅពីនេះដើមឈើទាំងអស់នេះក៏អាចបង្កើតភាពស្រស់បំព្រងដល់ការរស់នៅរបស់ប្រជាជននៅតាមតំបន់ទាំងអស់នោះផងដែរ។
បញ្ហាសំខាន់មួយផ្សេងទៀតដែលដើមឈើអាចដោះស្រាយបាន គឺការបន្ថយកម្តៅនៅក្នុងទីក្រុង ព្រោះបច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួល ដែលធ្វើឱ្យទីក្រុងឡើងកម្តៅ។ ថ្វីដ្បិតតែមនុស្សត្រូវធ្វើការងារនៅក្នុងអគារមានម៉ាស៊ីនត្រជាក់ក៏ដោយក្តី តែមនុស្សក៏មិនអាចថាមិនចេញក្រៅបាននោះដែរ។ ហេតុនេះការដាំដើមឈើអាចកាត់បន្ថយកម្តៅ និងការចំណាយមិនចាំបាច់នានាជុំវិញបញ្ហាកម្តៅនៅក្នុងទីក្រុងបាន។
ស្របជាមួយគ្នានេះដែរ ការធ្វើបែបនេះ ក៏ជាការភ្ជាប់ទំនាក់ទំនងមនុស្សជាមួយធម្មជាតិបានល្អផងដែរ ខណៈទីក្រុងជាច្រើនលើពិភពលោកកំពុងតែព្យាយាមគ្រប់លទ្ធភាពដើម្បីបង្កើតភាពបៃតងហើយធ្វើឱ្យមនុស្សអាចរីករាយបានជាមួយនឹងធម្មជាតិ ជាពិសេសនៅតាមសួនសាធារណៈ។
សកម្មភាពបែបនេះមិនមែនធ្វើតែនៅអង់គ្លេសប៉ុណ្ណោះទេ តែបើតាមរបាយការណ៍បានបង្ហាញថា ទីក្រុងសេអ៊ូលនាពេលបច្ចុប្បន្ននេះក៏កំពុងតែដាំដើមឈើបន្ថែមប្រមាណ 2,000ដើមផងដែរនៅក្នុងទីក្រុង។ ចំណែកឯនៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលីវិញ ក៏មានគម្រោងបង្កើនចំនួនដើមឈើឱ្យបានទ្វេដងនៅក្នុងឆ្នាំ2040ផងដែរ។
គម្រោងដាំដើមឈើឡើងវិញឱ្យបាន1លានដើមនៅក្នុងប្រទេសអង់គ្លេសនេះ ត្រូវបានគេជឿជាក់ថាអាចនឹងសម្រេចគោលដៅកាត់បន្ថយកាបូនអាក្រក់ឱ្យអស់ពីប្រទេសអង់គ្លេសនៅក្នុងឆ្នាំ2050 ដែលអាចជួយទាំងពិភពលោកឱ្យមានភាពល្អប្រសើរ និងជួយប្រជាជនដែលរស់នៅទីក្រុងឱ្យរួចផុតពីការគំរាមកំហែងបានយ៉ាងល្អផងដែរ៕