បញ្ញត្តិករទូរគមនាគមន៍កម្ពុជាប្រចាំនៅកម្ពុជាបានឱ្យដឹងថា ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តធំ ៗ ចំនួន3 មានគម្រោងដាក់ចេញបណ្តាញ 5G ក្នុងការ-សាកល្បងនៅឆ្នាំនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei កាលពីខែមុនលើការដាក់ឱ្យប្រើប្រាស់ 5G។
លោក អុីម វុត្ថា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (The Telecommunications Regulator of Cambo dia TRC) បានថ្លែងថា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Cellcard និង Metfone មានបំណងអនុវត្តការសាកល្បង 5G នៅឆមាសទី2 នៃឆ្នាំនេះ។
ក្រុមហ៊ុន Smart Axiata បានស្នើសុំការអនុញ្ញាតបើកដំណើរការបណ្តាញសាកល្បង 5G រួចហើយ។លោកបានមានប្រសាសន៍ថា៖“ក្រុមហ៊ុន Cellcard និងMetfone ក៏បានសម្តែងនូវបំណងចង់បើកដំ-ណើរការបណ្តាញ 5G នៅឆមាសទី2 នៃឆ្នាំនេះដែរ ដោយការសាកល្បងនឹងមានរយៈពេលប្រហែល 6ខែ”។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា ក្រុម ហ៊ុន របស់លោកនឹងបើកដំណើរការបណ្តាញ 5G ដំបូងរបស់កម្ពុជានៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំនេះ។ នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ក្រុមហ៊ុនសែលកាតប៉ុណ្ណោះ ប៉ុន្តែវាក៏ជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជាដែលអាចឈរជាមោទនភាពជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត ដូចជាកូរ៉េខាងត្បូង ចិន និងសិង្ហបុរីដែលជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យា 5G។
កាលពីខែមុនក្រុមហ៊ុន Huawei របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាដែលបានសន្យាជួយកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ5G ដោយរំពឹងថា នឹងបើកដំណើរការនៅកម្ពុជា។
ឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា ដូចបណ្តាសេវារដ្ឋាភិបាល និងសេវាឯកជនជាច្រើនបានប្រើប្រាស់ការទូទាត់ការចំណាយ និងដំណើរការទិន្នន័យតាមអនឡាញ ប្រទេសកម្ពុជាក៏បានផ្លាស់ប្តូរជាបន្ទាន់ទៅក្នុងទីផ្សារសម្រាប់បណ្តាញទូរគមនាគមន៍ជំនាន់ទី5 (5G) ព្រោះ5G នឹងក្លាយជាមជ្ឈមណ្ឌលដ៏ធំទូលាយ នៃអនាគតទីក្រុងឆ្លាតវៃ ពោរពេញទៅដោយលំនៅឋាន និងការិយាល័យឆ្លាត-វៃ ដែលត្រូវបានតភ្ជាប់ជាមួយនឹងឧបករណ៍អុីនធើណិត។
ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ “កិច្ចប្រជុំស្តីពី 5G &; Fintech ប្រចាំឆ្នាំ2019” សិក្ខាសាលានេះមានគោលបំណងសំខាន់ គឺដើម្បីផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងកិច្ចប្រជុំស្តីពី 5G &; Fintech ប្រចាំឆ្នាំ2019។
លោកបានបន្តទៀតថា យោងតាមស្មារតីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការដាក់ឱ្យប្រើប្រាស់មុនគេរួមគ្នានូវបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី5 (5G) នៅពេលថ្មីៗនេះ ហើយប្រទេសកម្ពុជា ជាប្រទេសទី1 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រើប្រាស់ប្រព័ន្ធ 5G មុនគេ។
សូមបញ្ជាក់ផងដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន IDGក្នុងការរៀបចំកិច្ចប្រជុំស្តីពី 5G &; Fintech ប្រចាំឆ្នាំ2019 ដោយគ្រោងធ្វើនៅថ្ងៃទី27-28 ខែមិថុនា ឆ្នាំ2019 ខាងមុខ៕