សេចក្ដីព្រាងប្លង់មេ សម្រាប់អភិវឌ្ឍន៍ខេត្តព្រះ-សីហនុដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ចូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង អាចនឹងត្រូវដាក់ឆ្លងគណៈរដ្ឋមន្ត្រីដើម្បីសម្រេចនាពេលឆាប់ៗខាងមុខនេះ ខណៈអ្នកជំនាញកម្ពុជា-ចិនបាននិងកំពុងពិភាក្សាលើសេចក្ដីព្រាងនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងប្រតិភូវិទ្យាស្ថានគំរូប្លង់ និងនគររូបនីយកម្មនៃទីក្រុង Shenzhen ប្រទេសចិន ដឹកនាំដោយលោក ស៊ាវ ស៊ីម៉ា (Xiao Sima) នាពេលថ្មីៗនេះ លោករដ្ឋមន្ត្រីឧស្សាហកម្ម និងសិប្បកម្មមានជំនឿថា គំរូប្លង់មេដែលធ្វើឡើងដោយអ្នកជំនាញផ្នែកនគរូបនីយកម្មនៃទីក្រុង Shenzhen នឹងមានលក្ខណៈល្អប្រសើរសម្រាប់អភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ដើម្បីឱ្យមានលក្ខណៈស៊ីវិល័យ ការពារបាននូវកម្រិតបរិស្ថានខ្ពស់ និងជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងតំបន់ឧស្សាហកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី4។
ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី21 ខែ ឧសភា ឆ្នាំ2019 នេះ ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍ថា៖ “នៅពេលដែលសេចក្ដីព្រាងប្លង់មេនេះលេចចេញជារូបរាងហើយ យើងនឹងយកមកដាក់ការពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច”។
លោក ស៊ាវ ស៊ីម៉ា (Xiao Sima )ប្រធានប្រតិភូវិទ្យាស្ថានគំរូប្លង់ និងនគរូបនីយកម្មនៃទីក្រុង Shenzhen ប្រទេសចិនបានដឹងថា ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានរបស់លោកបានមកសិក្សាលើកទី1 ម្តងរួចមកហើយ កាលពីខែមីនាកន្លងទៅ ដោយបានមើលឃើញនូវភាពរីកចម្រើន និងសក្តានុពលរបស់កម្ពុជា គួរជាទីចាប់អារម្មណ៍សម្រាប់ការវិនិយោគ និងបង្កើតសួនឧស្សាហកម្ម។
លោក ស៊ីម៉ា បានបញ្ជាក់ថា៖ “វិទ្យាស្ថានរបស់លោកនឹងយកបទពិសោធជោគជ័យ និងដំណោះស្រាយឈ្នះៗ ដែលធ្លាប់បានអភិវឌ្ឍនៅទីក្រុង Shenzhen មកអភិវឌ្ឍនៅកម្ពុជា ដោយនឹងធ្វើយ៉ាងណាឱ្យស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាពីឆ្នាំ2015 ដល់ឆ្នាំ2025”។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ2015-2025” ដើម្បីដឹកនាំការអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវផែនទីបង្ហាញផ្លូវ និងក្របខ័ណ្ឌរួមដើម្បីចាត់វិធានការសម្របសម្រួលដោយឈរលើគោលដៅរួម និងការទទួលខុសត្រូវច្បាស់លាស់។
គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម2015-2025 មានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចជំរុញការប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពដោយផ្ដោតលើគោលដៅ3 : ទី1 បង្កើនចំណែកនៃវិស័យឧស្សាហកម្ម និងផលិតកម្មក្នុងផលិតផលក្នុងស្រុកសរុប។ ទី2 ដើម្បីធ្វើពិពិធកម្មទំនិញនាំចេញលើសពីសម្លៀកបំពាក់ និងជំរុញការនាំចេញផលិតផលកសិកម្មកែច្នៃ និងទី3 ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs)។
ម្យ៉ាងវិញទៀតគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម2015-2025 បានបង្ហាញទិសដៅមួយថា ខេត្តព្រះសីហនុដែលជាខេត្តមានកំពង់ផែទឹកជ្រៅធំបំផុតរបស់ប្រទេសកម្ពុជា ផ្លូវហាយវេយ៍ទៅកាន់ទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិនឹងត្រូវបានផ្លាស់ប្តូរទៅជាទិសដៅសំខាន់របស់ប្រទេសកម្ពុជាសម្រាប់ការវិនិយោគអន្តរជាតិ។
រដ្ឋាភិបាលបានរៀបចំផែនការមេសម្រាប់ការ-អភិវឌ្ឍខេត្តព្រះសីហនុ ដែលនឹងប្រែក្លាយខេត្តឆ្នេរសមុទ្រមួយនេះទៅជា “តំបន់សេដ្ឋកិច្ចពិសេស” ដើម្បីប្រមូលផ្តុំធនធាននៃពាណិជ្ជកម្ម និងការវិនិ-យោគដើម្បីអភិវឌ្ឍខេត្តព្រះសីហនុដើម្បីក្លាយជាបង្គោលសេដ្ឋកិច្ចដ៏សំខាន់”៕