ឆ្លើយតបតាមសំណើរបស់ភាគីចិន ក្រសួងកសិកម្មនឹងចុះត្រួតពិនិត្យក្រុមហ៊ុននាំចេញអង្ករក្នុងស្រុក នឹងក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីសក្តានុពលនៃការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីបញ្ហានៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនកាលពីចុងខែឧសភាថា ក្រសួងកសិកម្មនឹងចុះធ្វើអធិការកិច្ចថ្មីនៅលើក្រុមហ៊ុនចំនួន40 ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសចិននាពេលខាងមុខនេះ។
លោក ងិន ឆាយ បានថ្លែងថា៖“ប្រទេសចិនបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្មធ្វើការវាយតម្លៃគុណភាពលើរោងម៉ាស៊ីនកិនស្រូវដែលស្ថិតនៅក្នុងបញ្ជីអ្នកផ្គត់ផ្គង់អង្ករដែលមានសក្តានុពលទៅកាន់ទីផ្សារប្រទេសចិន”។ លោកបន្តទៀតថា៖“ប្រទេសចិននឹងទទួលយកតែរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញណា ដែលអាចនាំចេញក្នុងបរិមាណធំទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ”។
លោកបន្ថែមថា មន្ត្រីពីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជានឹងចុះធ្វើអធិការកិច្ចក្នុងពេលឆាប់ៗនេះទៅលើរោងម៉ាស៊ីនចំនួន40 ដែលក្រសួងកសិកម្មបានផ្ញើទៅចិនជាលើកទី2។ លោកថា ពេលនេះក្រសួងនឹងផ្តោតទៅលើតំបន់ និងទីតាំងណាដែលក្រុមហ៊ុនអ្នកផ្គត់ផ្គង់អង្ករ និងអ្នកកែច្នៃអង្ករអាចមានសមត្ថភាពផ្គត់ផ្គង់ទៅទីផ្សារចិនបានតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា កាលពីដើមឆ្នាំ2019 នេះ ប្រទេសចិនបានឯកភាពបង្កើនកូតានាំចូលអង្ករពីកម្ពុជាប្រមាណ 100,000តោនបន្ថែមទៀតដែលសរុបទាំងអស់ គឺកម្ពុជាអាចនាំចេញអង្ករទៅកាន់ប្រទេសចិនប្រមាណ 400,000តោនក្នុងឆ្នាំនេះរហូតដល់ចុងឆ្នាំ2020។
បច្ចុប្បន្ន ប្រទេសចិនអនុញ្ញាតឱ្យក្រុមហ៊ុនដែលនឹងនាំចេញអង្ករពីកម្ពុជាចំនួន 26ក្រុមហ៊ុន ប៉ុន្តែក្នុងចំណោម 26ក្រុមហ៊ុននេះ មានក្រុមហ៊ុន 9 មិនទាន់អាចបំពេញកាតព្វកិច្ចនាំចេញអង្ករទៅចិនបាននៅឡើយទេ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការត្រួតពិនិត្យនេះនឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ។ លោកឡាក់បានមានប្រសាសន៍ថា៖“ជាមួយនឹងការត្រួតពិនិត្យទាំងនេះ យើងចង់ធានាថា រោងម៉ាស៊ីនកិនស្រូវដែលជាប់ឈ្មោះទាំងអស់អាចបំពេញតម្រូវការរបស់ទីផ្សារចិនបាន។ យើងមិនចង់ឱ្យមានក្រុមហ៊ុនតូចៗដែលជាប់ហើយមិនអាចនាំចេញអង្ករបាននោះទេ ព្រោះវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអង្កររបស់ខ្មែរយើង”។
បើយោងតាមអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ ក្រុមហ៊ុនជាច្រើននៅក្នុងបញ្ជីដែលមិនបានឆ្លើយតបនឹងតម្រូវការប្រទេសចិនក្នុងការនាំចេញនោះ គឺដោយសារតែពួកគេមានបញ្ហាប្រឈមទៅលើឃ្លាំងស្តុក និងម៉ាស៊ីនសម្ងួតស្រូវជាដើម។ លោកបញ្ជាក់ថា ដើម្បីបំពេញតាមកូតារបស់ប្រទេសចិន ប្រទេសកម្ពុជាត្រូវការក្រុមហ៊ុននាំចេញអង្ករយ៉ាងហោចណាស់ពី 40 ទៅ 50ក្រុមហ៊ុនបន្ថែមទៀត។
គួរបញ្ជាក់ដែរថា នៅក្នុងត្រីមាសទី1 ឆ្នាំ2019 កម្ពុជាបាននាំចេញអង្ករប្រមាណ 75,214តោនទៅកាន់ ប្រទេសចិនដែលបានកើនឡើងប្រមាណ 59% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕