ក្រសួងទេសចរណ៍បានស្នើឱ្យអាជ្ញាធរនៃមន្ទីរទេសចរណ៍ខេត្តកំពត និងមន្ត្រីពាក់ព័ន្ធត្រូវរៀបចំវាលស្រែអំបិលឱ្យបានល្អ សម្រាប់អ្នកទេសចរស្វែង-យល់ និងទស្សនា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានលើកឡើងថា ខេត្តកំពតមានសក្ដានុពលខ្ពស់សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរួមមានទីក្រុងបេតិកភណ្ឌ រមណីយដ្ឋានទេសចរណ៍ធម្មជាតិយ៉ាងច្រើនសម្បូរបែប និងមានតំបន់កសិ-ទេសចរណ៍ទៀតផង។
ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖“មន្ទីរទេសចរណ៍ខេត្តកំពត ត្រូវសហការជាមួយនាយកដ្ឋានជំនាញដើម្បីផ្សព្វផ្សាយពីសក្ដានុពល វិស័យទេសចរណ៍ក្នុងខេត្ត ឱ្យបានទូលំទូលាយចាប់ពីពេលនេះទៅ ដូចជារមណីយដ្ឋានទេសចរណ៍ថ្មីៗ រមណីយដ្ឋានកសិ-ទេសចរណ៍ចម្ការម្រេចដ៏ល្បីល្បាញ រមណីយដ្ឋានភ្នំបូកគោ ពិសេសព័ត៌មានដែលភ្ញៀវទេសចរអាចមើលឃើញកញ្ចុំផ្កាយរាប់លានដួង ឬហៅថា កាឡាក់ស៊ី មីគី វេយ៍ នៅលើភ្នំបូកគោ និងត្រូវរៀបចំវាលស្រែអំបិលឱ្យបានល្អ ទុកសម្រាប់អ្នកទេសចរស្វែងយល់ និងទស្សនា”។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងថា ចំនួនភ្ញៀវទេសចរទៅទស្សនាស្រែអំបិល និងការផលិតអំបិលមានច្រើន ប៉ុន្តែដោយសារវិសាលភាពនៃស្រែអំបិលមានទំហំធំ ទើបមន្ទីរទេសចរណ៍ខេត្តមិនបានគណនាចំនួនឱ្យបានជាក់លាក់។ លោកបន្តថា ស្រែអំបិលមានទំហំជាង 4ពាន់ហិកតា ដែលគ្របដណ្តប់លើខេត្តកែប និងកំពតម្យ៉ាងទៀតអ្នកទេសចរភាគច្រើនធ្វើដំណើរទៅទស្សនាដោយខ្លួនឯងតាមរយៈការជិះកង់ និងម៉ូតូ។
លោក ស៊ីណុល បានឱ្យដឹងថា៖“ជាផ្លូវការយើងគណនាតែភ្ញៀវទេសចរដែលទៅទស្សនាសាលតាំងបង្ហាញផលិតផលអំបិល និងសម្ភារផលិតអំបិលតែប៉ុណ្ណោះ អ៊ីចឹងយើងមានការកត់ត្រាច្បាស់លាស់ តែបើស្រែអំបិលទាំងមូលយើងពិបាកកត់ត្រាណាស់ ដោយសារវិសាលភាពវាធំ”។
លោកបន្តថា៖”យើងមានសាលតាំងពិព័រណ៍ តាំងសម្ភារ និងការតាំងលក់ផ្កាអំបិល ដូច្នេះយើងអាចដឹងបានពីចំនួនភ្ញៀវទេសចរដែលចូលទៅមើលសាលតាំងពិព័រណ៍ហ្នឹង ភ្ញៀវទេសចរដែលចូលទៅមានប្រមាណតែ 60 ទៅ70នាក់ប៉ុណ្ណោះជាមធ្យមក្នុង1សប្តាហ៍ ឬអាចឈានទៅដល់ 100នាក់ក្នុង 1សប្តាហ៍អាស្រ័យទៅតាមរដូវនៃការផលិតអំបិល”។
លោកថា ភ្ញៀវទេសចរ បានទៅមើលទាំងសកម្មភាពនៃខ្សែចង្វាក់ផលិតកម្មអំបិល នឹងទិញផ្កាអំបិលទុកជាអនុស្សាវរីយ៍។ លោកស៊ីណុលបន្តថា កំណើនភ្ញៀវទេសចរមានការកើនឡើងជាទូទៅ គឺមិនចំពោះតែការទស្សនាស្រែអំបិលនោះទេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះថ្លែងថា៖“មន្ទីរទេសចរណ៍ខេត្តបានដាក់ផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចទេសចរណ៍ចំនួន 4ប្រភេទ សម្រាប់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ដើម្បីលក់ឱ្យភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពត។ លោកបន្តថា ក្នុងចំណោមផលិតផលដែលដាក់បញ្ចូលក្នុងកញ្ចប់ទេសចរណ៍នោះ ក៏មានផលិតផលស្រែអំបិលផងដែរ”។
លោកបន្តថា ខេត្តមានកញ្ចប់ទស្សនកិច្ចទេសចរណ៍ចំនួន 4ប្រភេទ គឺទី1 គឺកញ្ចប់ទស្សនកិច្ច នៅតាមតំបន់ជនបទ (ស្រែអំបិល សហគមន៍ត្រពាំងសង្កែ ប្រាសាទរូងភ្នំ កីឡាឡើងភ្នំ ចម្ការម្រេច រូងភ្នំកំពង់ត្រាច និងជម្រកសត្វក្រៀល) ទី2 កញ្ចប់ទស្សនាក្នុងក្រុងដែលផ្តោតលើសំណង់បេតិកភណ្ឌ ទី3 កញ្ចប់ទស្សនាជីវិតអ្នកស្រុកនៅតាមដងព្រែក និងទី4 រមណីយដ្ឋានឧទ្យានជាតិបូកគោ និងតំបន់ជុំវិញភ្នំបូកគោ។
លោក ស៊ីណុល បានបន្តថា ក្នុងរយៈពេល 4ខែដើមឆ្នាំនេះ ខេត្តកំពតស្វាគមន៍ភ្ញៀវទេសចរប្រមាណជិត 80ម៉ឺននាក់។ លោកបន្តថា ក្នុងឆ្នាំ2018 អ្នកទេសចរទៅកាន់ខេត្តកំពតមានប្រមាណ 1.6លាននាក់ កើនឡើងប្រមាណ 2ភាគរយ បើធៀបនឹងឆ្នាំ2017៕