ការប្រឡងជាប់អាហារូបករណ៍ទៅក្រៅប្រទេស គឺជាឱកាសប្រកបដោយសក្តានុពល និងមោទនភាពមួយសម្រាប់ជីវិតសិស្សនិស្សិត។ ជាទូទៅអាហារូបករណ៍នៅកម្ពុជាភាគច្រើនផ្តល់ឱកាសដល់និស្សិតកម្រិតមហាវិទ្យាល័យ តែនៅថ្ងៃ នេះកាសែតឡារ៉ែនពាណិជ្ជ សូមទាញចំណាប់អារម្មណ៍មកឈ្វេងយល់ពីការប្រឡងអាហារូបករណ៍កម្រិតវិទ្យាល័យវិញម្តង។ ដើម្បីបង្ហាញពីបទពិសោធ និងចំណុចសំខាន់ៗដើម្បីជោគជ័យក្នុងការចាប់យកឱកាសអាហារូបករណ៍ទៅប្រទេសជប៉ុនក្នុងកម្រិតវិទ្យាល័យ កាសែតឡារ៉ែនពាណិជ្ជ បានជួបសម្ភាសជាមួយយុវតី សុខ សូវីនាថ ជាសិស្សថ្នាក់ទី11 នៃសាលារៀន វ៉េសឡាញ ដែលបានជាប់អាហារូបករណ៍ ASIA KAKEHASHI Scholarship 2019 ទៅប្រទេសជប៉ុន។
1. តើមូលហេតុអ្វីបានជាប្អូនសម្រេចចិត្តដាក់ពាក្យប្រឡងអាហារូបករណ៍ ASIA KAKEHASHI Scholarship នេះ?
មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ពាក្យប្រឡងអាហារូបករណ៍នេះ ដោយសារតែកន្លងមកខ្ញុំឃើញឱកាសច្រើនសម្រាប់និស្សិតមហាវិទ្យាល័យ ហើយមិនសូវមានអាហារូបករណ៍ក្រៅប្រទេសសម្រាប់វិទ្យាល័យនោះទេ ហេតុនេះវាជាឱកាសដ៏កម្រមួយដែលខ្ញុំត្រូវតែចាប់យក។ ក្រៅពីនេះខ្ញុំធ្លាប់ស្រមៃថាចង់ប្រឡងអាហារូបករណ៍ទៅក្រៅប្រទេសតាំងពីនៅក្មេងៗ ព្រោះជីវិតជាអ្នករៀនមិនមែនរៀនតែមួយកន្លែងចប់នោះទេ តែយើងត្រូវការសិក្សាបន្តរហូត។
ម្យ៉ាងវិញទៀតខ្ញុំធ្លាប់ឃើញប៉ារបស់ខ្ញុំក៏ធ្លាប់ទៅធ្វើការងារនៅជប៉ុនដែរ ហេតុនេះគាត់បានយកបទពិសោធពីជប៉ុននោះមកប្រាប់ខ្ញុំ តែពីមុនខ្ញុំគិតថាប្រហែលជាទាល់តែចប់ថ្នាក់ទី12សិនទើបអាចទៅបាន តែពេលនេះឱកាសគឺបានមកដល់មុនការរំពឹងទុក ហេតុនេះខ្ញុំត្រូវតែចាប់យក។
2. តើកម្មវិធីនេះត្រូវបានគេរៀបចំយ៉ាងដូចម្តេច? ហើយត្រូវឆ្លងកាត់វគ្គជម្រុះប៉ុន្មានវគ្គ?
កម្មវិធីនេះ គឺផ្តោតលើការផ្លាស់ប្តូរវប្បធម៌ រវាងយុវជនមកពីទូទាំងពិភពលោកជាមួយនឹងប្រជាជននៅប្រទេសជប៉ុន។ នៅទីនោះយើងអាចមាន2 ជម្រើសគឺអាចស្នាក់នៅជាមួយគ្រួសាររបស់ជនជាតិជប៉ុន ឬស្នាក់នៅអន្តេវាសិកដ្ឋានក្នុងសាលា ក្នុងរយៈពេលមួយដើម្បីផ្លាស់ប្តូរ និងស្វែងយល់ពីវប្បធម៌ ការរស់នៅ របៀបរបបអប់រំ និងបង្កើតទំនាក់ទំនងល្អជាមួយគ្នា។ ក្រៅពីនេះ យើងក៏ត្រូវចែករំលែកពីវប្បធម៌ និងបទពិសោធផ្សេងៗពីកម្ពុជាដល់ពួកគេផងដែរ។ កម្មវិធីនេះផ្តល់នូវផលវិជ្ជមានជាច្រើន ព្រោះមិនត្រឹមតែឱ្យយើងអាចស្វែងយល់ពីគ្នាទេ តែវាក៏ជាពេលដ៏ល្អក្នុងការបង្កើតទំនាក់ទំនងយូរអង្វែង ព្រោះពួកយើងជាសិស្សវិទ្យាល័យ ហេតុនេះយើងមានពេលយូរក្នុងការបង្កើតទំនាក់ទំនងល្អ។
ចំពោះលក្ខខណ្ឌវិញ គឺបេក្ខជនត្រូវតែជាអ្នកកើតនៅចន្លោះឆ្នាំ 2001 ដល់ឆ្នាំ 2003 ហើយការជម្រុះវិញគឺ ដំបូងឡើយត្រូវដាក់ពាក្យតាមអនឡាញ ហើយក្រោយពេលដឹងលទ្ធផលគេនឹងទាក់ទងឱ្យទៅសម្ភាស។ ក្រោយពីសម្ភាសជាប់ យើងត្រូវបំពេញលក្ខខណ្ឌមួយចំនួនផ្សេងទៀតគឺត្រូវបង្ហាញពីពិន្ទុល្អក្នុងសាលា និងព័ត៌មានជាច្រើនទៀតពាក់ព័ន្ធនឹងអត្តចរិត ឬជំនាញដែលគេត្រូវការ មុននឹងត្រូវបានជ្រើសរើសឱ្យជាប់អាហារូបករណ៍នេះ។
3. តើកន្លងមកប្អូនធ្លាប់ដាក់ពាក្យទៅប្រឡងអាហារូបករណ៍ទៅក្រៅប្រទេសដែរឬទេ?
កន្លងមកខ្ញុំធ្លាប់ដាក់ពាក្យប្រឡងអាហារូបករណ៍ខ្លះៗដែរ ហើយឆ្នាំមុននេះផ្ទាល់ខ្ញុំក៏ដាក់ពាក្យប្រឡងអាហារូបករណ៍ ASIA KAKEHASHI Scholarship នេះដែរតែមិនទទួលបានជោគជ័យទេ។ ពេលនោះខ្ញុំមានអារម្មណ៍ថា សោកស្តាយខ្លាំង ព្រោះខ្ញុំធ្លាក់នៅជុំចុងក្រោយ។ ពេលនោះគឺបានឡើងដល់កន្លែងខ្ពស់ដែរ ហេតុនេះពេលធ្លាក់ចុះគឺវាប៉ះពាល់ដល់អារម្មណ៍ខ្លាំងដែរ តែខ្ញុំនៅតែគិតត្រឡប់មកវិញថា ខ្ញុំមានបទពិសោធជាមូលដ្ឋានហើយទើបអាចឈានដល់ដំណាក់កាលនេះ ហើយខ្ញុំក៏បានខិតខំប្រឹងប្រែងរហូតដល់ដំណាក់កាលស្ទើរតែជោគជ័យហើយ ហេតុនេះគ្មានហេតុផលអ្វីដែលខ្ញុំត្រូវបោះបង់នោះទេ។ ដោយមូលហេតុនេះទើបនៅឆ្នាំនេះខ្ញុំសម្រេចចិត្តដាក់ពាក្យប្រឡងជាថ្មី និងទទួលបានលទ្ធផលវិជ្ជមានដូចថ្ងៃនេះ។
4. ផ្តើមចេញពីបទពិសោធនេះ តើប្អូនមានការយល់ឃើញ ឬគំនិតអ្វីខ្លះដើម្បីចែករំលែកដល់សិស្សដទៃទៀតដែលមិនទាន់ទទួលបានជោគជ័យក្នុងការដាក់ពាក្យប្រឡងអាហារូបករណ៍?
សម្រាប់អ្នកដាក់ពាក្យប្រកួតប្រជែងយកអាហារូបករណ៍ គឺត្រូវដឹងឱ្យច្បាស់ពីសារៈសំខាន់នៃកម្មវិធីដែលយើងដាក់នេះថា តើវាមានសារៈសំខាន់ប៉ុនណាសម្រាប់ជីវិតយើង។ ប្រសិនបើវាសំខាន់ខ្លាំង យើងមិនគួរបោះបង់វាដោយងាយស្រួលនោះទេ។ ប្រសិនបើយើងធ្លាក់ ហើយយើងបិទឱកាសខ្លួនឯងមិនឱ្យប្រឹងប្រែងបន្ត នោះការខិតខំប្រឹងប្រែងកន្លងមករបស់យើងនឹងក្លាយជាអាសាបង់ ព្រោះយើងឈានជើងបានច្រើនជំហានហើយបែរជាឈប់ទៅវិញ។
ម្យ៉ាងវិញទៀត ប្រសិនបើយើងពិតជាស្រឡាញ់ការដាក់អាហារូបករណ៍នោះខ្លាំង យើងនឹងនៅតែមានទឹកចិត្តរហូតដើម្បីបន្តខិតខំ។ ប្រសិនបើយើងបោះបង់មានន័យថាយើងអាចមិនស្រឡាញ់វាពិតប្រាកដនោះទេ ហើយយើងក៏មិនអាចបំពេញចន្លោះប្រហោងដើម្បីសម្រេចវាបានជារៀងរហូត។
5. តើកន្លងមកប្អូនធ្លាប់មានរឿងដែលវាយប្រហារខ្លាំង រហូតដល់អស់សង្ឃឹមក្នុងការប្រឡងអាហារូបករណ៍ដែរទេ? ពេលនោះប្អូនដោះស្រាយបែបណា?
តាមពិតទៅខ្ញុំធ្លាប់ទទួលការវាយប្រហារខ្លាំងដែរ នោះគឺការសិក្សា។ ដោយសារតែថ្នាក់កាន់តែធំ មេរៀនកាន់តែស្មុគស្មាញ ហើយកិច្ចការផ្ទះកាន់តែច្រើន ខ្ញុំធ្លាប់មានអារម្មណ៍ថា ស្ត្រេសខ្លាំង ហើយធ្លាប់គិតចង់បោះបង់។ កាលនោះខ្ញុំគិតថាប្រហែលជាត្រូវចាប់មួយមុខៗឱ្យជាប់ គឺប្រឹងរៀននៅក្នុងសាលាឱ្យខ្លាំងសិនទៅ ចាំចប់ថ្នាក់ទី12 ចាំប្រឹងប្រែងយកអាហារូបករណ៍ តែក្រោយមកខ្ញុំចាប់ផ្តើមគិតជាថ្មីថា បើខ្ញុំឈប់ គឺប្រៀបបីដូចជាបិទឱកាសខ្លួនឯងដូច្នោះដែរ។ ហេតុនេះខ្ញុំសម្រេចចិត្តប្រាប់ខ្លួនឯងថា បើហត់គួរសម្រាកខ្លះ ហើយពេលមានកម្លាំងគ្រប់គ្រាន់ ចាំបន្តការខិតខំប្រឹង-ប្រែងបន្តទៀត ព្រោះបើយើងមិនឈប់ យើងនឹងតែអាចទៅមុខបានជានិច្ច គ្រាន់តែយឺត ឬលឿនតែប៉ុណ្ណោះ។
6. តើប្អូនអាចបញ្ជាក់បានទេថា សម្រាប់សិស្សវិទ្យាល័យ ដើម្បីជាប់អាហារូបករណ៍ គួរត្រៀមខ្លួនអ្វីខ្លះ?
សម្រាប់សិស្សវិទ្យាល័យដូចខ្ញុំ ទី1 គឺត្រូវប្រឹងប្រែងរៀនឱ្យបានពិន្ទុល្អនៅក្នុងថ្នាក់រៀន ព្រោះអ្នកផ្តល់អាហារូបករណ៍ភាគច្រើនគេចង់ផ្តល់ឱ្យអ្នកមានសមត្ថភាព។ ក្រៅពីនេះក៏ត្រូវចេះភាសាអង់គ្លេសផងដែរ ព្រោះកម្មវិធីនេះ គឺចម្រុះជាតិសាសន៍ ប្រសិនបើយើងមិនចេះភាសាទេ យើងនឹងលំបាកទំនាក់ទំនងជាក់ជាមិនខាន។ លើសពីនេះទៅទៀត យើងគួរចេះជំនាញបន្ទាប់បន្សំមួយចំនួន ដូចជាជំនាញទំនាក់ទំនង ដូចជាអ្នកខ្លះគាត់ចូលចិត្តនិយាយ ឬចូលចិត្តចែករំលែក ក៏រាប់ថាជាជំនាញល្អមួយផងដែរដែលគេត្រូវការ ព្រោះគេចង់ឱ្យយើងឆាប់ចុះសម្រុងជាមួយនឹងអ្នកដទៃផ្សេងទៀត។
7. អ្វីជាសារដែលប្អូនចង់បង្ហាញដល់សិស្សវិទ្យាល័យជាដទៃទៀត?
ខ្ញុំចង់ឱ្យសិស្សទាំងអស់គ្នា ជឿជាក់លើខ្លួនឯង ហើយតស៊ូលើអ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដ។ ការបរាជ័យម្តង មិនមែនមានន័យថា បរាជ័យរហូតនោះទេតែវាអាចជាមេរៀនដ៏ល្អដែលធ្វើឱ្យយើងសម្រេចគោលដៅ។ សម្រាប់មនុស្សជោគជ័យ គេគិតថា បរាជ័យគឺជាឱកាស តែសម្រាប់មនុស្សបរាជ័យ គេគិតថា បរាជ័យគឺជាកំហុស ហេតុនេះយើងគួរចេះចាប់យកឱកាសដើម្បីបន្តខិតខំប្រឹងប្រែងឱ្យបានកាន់តែខ្លាំងដើម្បីសម្រេចជោគជ័យ។
សម្រាប់សិស្សស្រីវិញ គួរគិតថា សម័យនេះយើងមានសិទ្ធិស្មើបុរស ហើយគ្រាន់តែពូកែក្នុងសាលាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។ មានរឿងច្រើនណាស់ដែលយើងអាចធ្វើបាន ហើយពេលខ្លះធ្វើបានច្រើនជាងបុរសថែមទៀតផង ហេតុនេះប្រសិនបើយើងមានសេចក្តីក្លាហានក្នុងការចេញទៅខាងក្រៅ ហើយអភិវឌ្ឍសមត្ថភាពរបស់យើងបានល្អ នោះយើងនឹងអាចធ្វើឱ្យយើងកាន់តែចៀសផុតពីគ្រោះថ្នាក់។ ជាក់ស្តែងនៅក្នុងការរស់នៅមានបញ្ហាជាច្រើន ហេតុនេះប្រសិនបើយើងហ៊ានចេញពីសាលាដោយភាពវិជ្ជមាន ហើយស្គាល់បញ្ហាទាំងអស់នោះឱ្យច្បាស់ យើងនឹងអាចការពារខ្លួនបានកាន់តែល្អ។ ហេតុនេះសូមកុំបារម្ភ ហើយកុំបិទផ្លូវខ្លួនឯងឱ្យសោះ៕