បញ្ហាធនធានមនុស្សនៅកម្ពុជា ជារឿងដ៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍសង្គម ព្រោះបច្ចុប្បន្ននេះយើងកំពុងត្រូវការអ្នកជំនាញដើម្បីបម្រើការងារលើគ្រប់វិស័យទាំងអស់មិនថា កសិកម្ម ឧស្សហកម្ម ឬទេសចរណ៍នោះទេ។ វាជាចំណុចវិជ្ជមាន កម្ពុជាមានយុវជនច្រើន តែអ្វីដែលជាចំណុចខ្វះខាតគឺធនធានមនុស្សរបស់យើងភាគច្រើនមិនសូវមានជំនាញដែលធ្វើឱ្យយើងលំបាកក្នុងការអភិវឌ្ឍ។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននេះតម្រូវការផ្នែកកម្លាំងពលកម្មក្នុងឧស្សាហកម្មការងារមានភាពប្រែប្រួល ព្រោះពីមុនគេត្រូវការកម្លាំងពលកម្មច្រើនលើវិស័យកសិកម្មដូចជាដកស្ទូង ឬច្រូតកាត់ជាដើម តែបច្ចុប្បន្ននេះគឺប្រើប្រាស់គ្រឿងម៉ាស៊ីនជំនួសកម្លាំងមនុស្ស ហេតុនេះមនុស្សត្រូវតែចេះគ្រប់គ្រង និងជួសជុល។ ប្រសិនបើប្រជាជនមិនព្រមចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ទេ ពួកគាត់អាចប្រឈមនឹងបញ្ហាកង្វះការងារ។ ផ្ទុយទៅវិញប្រសិនបើយុវជន ដែលមិនទាន់មានជំនាញចាប់ផ្តើមចូលសាលាបណ្តុះបណ្តាល ហើយមានជំនាញច្បាស់លាស់ នោះយើងនឹងអាចចាប់យកឱកាសជាច្រើនដែលអាចរកប្រាក់ចំណូលច្រើន និងមានភាពងាយស្រួលជាងមុន។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ “ប្រជាជនដែលធ្លាប់ជាកម្មករគ្មានជំនាញកាលពីមុន អាចងាកមករៀនជំនាញណាមួយឱ្យបានច្បាស់លាស់នៅពេលបច្ចុប្បន្ននេះ ព្រោះឥឡូវយើងមានសាលាបណ្តុះបណ្តាលច្រើនដែលអាចផ្តល់ឱកាសឱ្យពួកគេអាចចូលមកសិក្សាដើម្បីអភិវឌ្ឍសមត្ថភាពបាន”។
ឯកឧត្តមរដ្ឋលេខាធិការក៏ជំរុញផងដែរដល់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់គួរព្យាយាមប្រឹងប្រែងបណ្តុះជំនាញ និងសមត្ថភាពឱ្យគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ដើម្បីបង្កើតភាពប្រកួតប្រជែងហើយអាចឆ្លើយតបបានជាមួយតម្រូវការនៃបដិវត្តន៍ឧស្សាហកម្ម។
លោក ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិនៃក្រុម-ហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបាននិយាយថា កម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន តែអ្វីដែលជាកត្តាប្រឈមសម្រាប់ប្រទេសយើងគឺយើងសម្បូរដោយធនធានមនុស្សគ្មានជំនាញ ឬមានជំនាញតិចតួច។ ហេតុនេះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការសម្រេចគោលដៅអភិវឌ្ឍន៍ និងសម្រាប់ការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។ ក្រៅពីនេះ យើងក៏ត្រូវព្យាយាមអភិវឌ្ឍទាំងផ្នែករឹង និងផ្នែកទន់ មានន័យថាត្រូវអភិវឌ្ឍទាំងជំនាញវិជ្ជាជីវៈ និងជំនាញទន់ដើម្បីធានាថាពួកគេអាចធ្វើការងារជាមួយគ្នាបានល្អ ជាពិសេសការធ្វើការងារជាក្រុមជាដើម។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “ការបណ្តុះបណ្តាលធនធានមនុស្សជាចំណុចសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់កម្ពុជា។ កន្លងមកអ្នកវិនិយោគតែងតែលើកឡើងស្រដៀងគ្នាពីកង្វះខាតជំនាញ និងបញ្ហាគុណភាពធនធានមនុស្សដែលទាមទារឱ្យមានការខិតខំបន្ថែមក្នុងការយកចិត្តទុកដាក់បណ្តុះបណ្តាល”។
អ្នកគ្រប់គ្រងគ្រឹះស្ថានអប់រំខាងលើ បានលើកឡើងផងដែរថា ប្រសិនបើធនធានមនុស្សក្នុងចំណោមប្រជាជនវ័យក្មេងដ៏ច្រើនលើសលប់របស់យើងមានសមត្ថភាពវិជ្ជាជីវៈកាន់តែច្រើន នោះសង្គមរបស់យើងនឹងអាចទាក់ទាញការវិនយោគបានកាន់តែល្អផងដែរ។ ក្រៅពីនេះវាក៏ជាការចាប់ផ្តើមក្នុងការឈានម្តងមួយជំហានៗ ទៅកាន់ការប្រកួតប្រជែងក្នុងយុគសម័យបច្ចេកវិទ្យានេះដែរ គឺឈានពីមិនមានជំនាញ ទៅមានជំនាញ និងឈានពីមានជំនាញបច្ចេកទេស ទៅជាអ្នកយល់ដឹងផ្នែកបច្ចេកវិទ្យា និងជំនាញប្រកបដោយគុណតម្លៃជាច្រើនទៀតដែលអាចផ្លាស់ប្តូរទាំងវាសនាផ្ទាល់ខ្លួន និងអនាគតរបស់សង្គមរបស់យើង៕